ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ជន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខំ​មាន​ច្រើន​លើស​ពេល​ណាៗ​ទាំងអស់


រូបឯកសារ៖ មនុស្សម្នា​នាំ​គ្នា​ដើរ​នៅ​ក្នុង​ជំរំ​ Muna សម្រាប់​ជន​ខ្ចាត់ព្រាន់​ពី​ផ្ទះសម្បែង​ពួកគេ នៅ​ក្រុង Maidugur ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៦។
រូបឯកសារ៖ មនុស្សម្នា​នាំ​គ្នា​ដើរ​នៅ​ក្នុង​ជំរំ​ Muna សម្រាប់​ជន​ខ្ចាត់ព្រាន់​ពី​ផ្ទះសម្បែង​ពួកគេ នៅ​ក្រុង Maidugur ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៦។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន UNHCR បាន​រាយការណ៍​ថា មនុស្ស​ជាង ៩ លាន​នាក់ បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​ដោយសារ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ និង​សង្គ្រាម​ក្នុង​ឆ្នាំ ២០១៩ ដែល​នាំ​ឱ្យ​ចំនួន​សរុប​នៃ​ជន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​ដោយបង្ខំ​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ដល់ ៧៩ លាន ៥ សែន​នាក់ ដែល​ជា​ចំនួន​មិន​ធ្លាប់​មាន​ពី​មុន។

តួ​លេខ​មិនធ្លាប់​មានបែប​នេះមាន​នៅ​ក្នុង​របាយការណ៍​អំពី​និន្នាការ​សាកល​ប្រចាំ​ឆ្នាំ​របស់​ទីភ្នាក់ងារ UNHCR ដែល​ទើប​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ពេល​បច្ចប្បន្ន​នេះ មនុស្ស​ជាតិ​ជាង​មួយ​ភាគរយ ឬ​ក៏​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៩៧ នាក់​នៅ​លើ​ភព​ផែនដី​នេះ គឺ​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះសម្បែង។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន UNHCR ចាត់​ទុក​ការណ៍​នេះ​ថា​ជា​បញ្ហា​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង។ ទីភ្នាក់ងារ​នេះ​កត់​សម្គាល់​ថា ភាគ​ច្រើន​នៃ​មនុស្ស​ជិត ៨០ លាន​នាក់​ដែល​បាន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​គឺ​ផ្លាស់ទី​នៅ​ខាង​ក្នុង​ប្រទេស​ពួកគេ​ផ្ទាល់។

ចំណែក​ឯ​មនុស្ស ២៩ លាន ៦ សែន​នាក់​ទៀត គឺ​ជា​ជន​ភៀសខ្លួន​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ឯទៀត។

លោក Filippo Grandi ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន បាន​និយាយ​ថា ជន​ភៀស​ខ្លួន​ភាគ​ច្រើន​មិន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ក្នុង​ពួក​ប្រទេស​អ្នក​មាន​ដូច​ការ​គិត​ជា​ទូទៅ​នោះ​ទេ ប៉ុន្តែ​ពួកគេ​រត់គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ជិត​ខាង។ លោក​ថ្លែង​ថា ជន​ភៀស​ខ្លួន​ចំនួន ៨៥ ភាគរយ ត្រូវ​បាន​ទទួល​ឱ្យ​ស្នាក់នៅ​ក្នុង​ប្រទេស​កំពុង​ក្រីក្រ​កំពុង​អភិវឌ្ឍ។

លោក Grandi និយាយ​ថា ជន​ភៀស​ខ្លួន ៦៨ ភាគរយ នៅ​លើ​ពិភពលោក មាន​ប្រភព​មក​ពី​ប្រទេស​ចំនួន ៥។

លោក Filippo Grandi បញ្ជាក់​ដូច្នេះ​ថា៖ «ប្រទេស​ទាំង ៥ នោះ គឺ​ប្រទេស​ស៊ីរី វេណេហ្ស៊ុយអេឡា អាហ្វហ្គានីស្ថាន ស៊ូដង់​ខាង​ត្បូង និង​ភូមា។ អ្នក​ដឹង​ហើយ​ថា​តើ​ចំណុច​នេះ​មាន​ន័យ​បែប​ណា​នោះ។ប្រសិនបើ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ត្រូវ​បាន​ដោះស្រាយ នោះ ៦៨ ភាគរយ​នៃ​ការ​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខំ ប្រហែល​ជា​អាច​ត្រូវ​ដោះស្រាយ​បាន»។

លោក Grandi និយាយ​ថា ជម្លោះ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ តំបន់ Sahel នៃ​ទ្វីប​អាហ្វ្រិក ប្រទេស​យេមែន និង​ប្រទេស​ស៊ីរី បាន​បណ្តាល​ឱ្យ​មាន​ភាគ​ច្រើន​នៃ​ក្រុម​មនុស្ស ​ប្រហែល ៩ លាន​នាក់ ដែល​ទើប​បាន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​កាលពី​ឆ្នាំ​មុន។

លោក​ថ្លែង​ថា លោក​មាន​ព្រួយ​បារម្ភ​ជាពិសេស​អំពី​អត្រា​ធ្លាក់ចុះ​ច្រើន​នៃ​ចំនួន​ពួក​ជន​ភៀស​ខ្លួន​ដែល​អាច​វិល​ត្រឡប់ទៅ​ផ្ទះ​វិញ​បាន ឬ​អាច​រក​ប្រទេស​សម្រាប់​តាំង​លំនៅដ្ឋាន​ជា​ថ្មី​បាន។

លោក​កត់​សម្គាល់​ថា នៅ​ក្នុង​ទសវត្សរ៍ ១៩៩០ ជា​មធ្យម ជន​ភៀសខ្លួន ១ លាន ៥ សែន​នាក់ អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ជា​រៀងរាល់​ឆ្នាំ។ លោក​និយាយ​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ តួលេខ​នេះ​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​តិចជាង ៤ សែន​នាក់​ក្នុង​មួយ​ឆ្នាំ។

លោក Grandi ថ្លែង​ដូច្នេះ​ថា៖ «ជា​ការពិត នេះ​ជា​សញ្ញា​មួយ​នៃ​ជម្លោះ​ដែល​មាន​ជា​បន្ត ការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ថ្មីៗ អស្ថិរភាព និង​ដំណើរ​ជាប់​គាំង​របស់​សហគមន៍​អន្តរជាតិ ដែល​ក្នុង​នោះ​មាន​ទាំង​ស្ថាប័ន​ដូចជា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជតិ​ជា​ដើម​នៅ​ក្នុង​ការ​ដោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​ទាំង​នេះ ហើយ​បង្កើត​ឱ្យ​មាន​ស្ថានភាព​សម្រាប់​ឱ្យ​ជន​ភៀសខ្លួននិង​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ»។

របាយការណ៍​របស់​ទីភ្នាក់ងារ UNHCR នេះ បាន​កត់សម្គាល់​ថា តួលេខ​ជន​ភៀសខ្លួន​ដែល​តាំង​លំនៅដ្ឋាន​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​ទី ៣ បាន​ថយចុះ​មក​នៅ​ត្រឹម ១ សែន ៧ ពាន់​នាក់ កាល​ពីឆ្នាំ​មុន បើ​ប្រៀបធៀប​នឹង​ចំនួន ១ សែន ៦ ម៉ឺន ៣ ពាន់​នាក់ កាល​ពី​ឆ្នាំ ២០១៦។

តួលេខ​នៃ​ការ​តាំង​លំនៅដ្ឋាន​ជា​ថ្មី​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ថយចុះ​ច្រើន។ នៅ​ពេល​នេះ ប្រទេស​កាណាដា​បាន​ជំនួស​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ប្រទេស​ដែល​ទទួល​ជន​ភៀសខ្លួន​ច្រើន​ជាង​គេ​ឱ្យ​តាំង​ទី​ជា​ថ្មី។

ព័ត៌មាន​នៅ​ក្នុង​របាយការណ៍​ស្ដី​អំពី​និន្នាការ​សាកលលោក​នេះ មិន​បាន​បញ្ចូល​ផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ លើ​ការ​ជ្រកកោន​ក្នុង​ប្រទេស​ទី ៣ ទេ។ ក៏​ប៉ុន្តែ លោក Grandi ​បាន​កត់​សម្គាល់​ថា ប្រទេស​ចំនួន ១៦៤ បាន​បិទ​ព្រំដែន​ទាំងស្រុង ឬ​ជា​ផ្នែក ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩។ លោក​បញ្ជាក់​ថា ករណី​នេះ​បាន​ធ្វើ​ឲ្យ​ថយចុះ​នូវ​សកម្មភាព​របស់​មនុស្ស​មិន​ឆ្លង​ព្រំដែន​ដើម្បី​ស្វែងរក​កិច្ច​ការពារ​អន្តរជាតិ៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG