ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសអាហ្រ្វិកខាងត្បូងមិនមានអ្វីត្រូវប្រារព្ធសម្រាប់ទិវាសិទ្ធិនារីនោះឡើយ


រូបឯកសារ៖ ពលរដ្ឋធ្វើបាតុកម្មនៅមុខតុលាការ Krugersdorp Magistrate នៅអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២។
រូបឯកសារ៖ ពលរដ្ឋធ្វើបាតុកម្មនៅមុខតុលាការ Krugersdorp Magistrate នៅអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២។

ទិវា​សិទ្ធិ​នារី​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃ​ទី ​៩​ ខែ​សីហា​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ហើយ​ជា​ថ្ងៃ​ឈប់សម្រាកសាធារណៈ​មួយ​ផង​ដែរ​ ​ដើម្បីរំឭក​ដល់​ការ​ប្រឆាំង​តវ៉ា​ជា​ប្រវត្តិសាស្ត្រទៅ​លើ​ច្បាប់​ដ៏​អយុត្តិធម៌​មួយ​ចំនួន​ នៅ​ក្រោម​របប​រើស​អើងពូជសាសន៍​កាល​ពី​អតីត​កាល។ ​

សកម្មជន​សិទ្ធិស្ត្រី​ អ្នក​ស្រី ​Caroline Peters បាន​ពន្យល់​ដូច​នេះ​ថា៖ ​«ការ​ប្រារព្ធ​នេះ​កើត​មានឡើងក្រោយ​ពី​មាន​ការ​អំពាវនាវឱ្យ​ធ្វើ​សកម្មភាព​ក្នុង​ឆ្នាំ​ ១៩៥៦​ នៅ​ពេល​ដែល​ស្ត្រី​ប្រមាណ​ ២ ម៉ឺននាក់​ បាន​នាំ​គ្នា​ដើរ​ជា​ក្បួនទៅកាន់​អគារ​សហជីពក្នុងទីក្រុង​ Pretoria ដោយ​ច្រៀង​ចម្រៀងដែល​មាន​ខ្លឹម​សារ​ថា «អ្នក​វាយ​ប្រហារ​លើស្ត្រី​ម្នាក់ ​ដូច​ជា​វាយ​ប្រហារ​លើ​ផ្ទាំង​ថ្ម​ដូច្នោះ​ដែរ»។​

បើ​ទោះ​បី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ជា​ប្រទេសប្រជាធិបតេយ្យ​និង​មាន​រដ្ឋធម្មនុញ្ញ​កំណែ​ទម្រង់​មួយ​ ដែលធានាឱ្យ​មានសមភាព​យេនឌ័រ​យ៉ាង​ណា​ក្តី​ ​ក៏​អ្នក​ស្រី​ Peters​ និយាយ​ថា​ ការ​កើន​ឡើង​នៃ​ចំនួនជន​រងគ្រោះ​ជា​ស្ត្រី​ភេទ ​ដែលត្រូវ​បានសម្លាប់​នៅក្នុង​ត្រី​មាស​ទី​ ១ ​ក្នុង​ឆ្នាំនេះ​ មាន​ន័យ​ថា​ ​នេះ​មិន​មែន​ជា​ការ​ឈប់សម្រាកដោយក្តី​សប្បាយ​រីករាយ​នោះ​ឡើយ។​

អ្នក​ស្រី​បន្ថែម​ដូច​នេះ​ទៀត​ថា​៖ «ជា​សកម្មជន​លើក​កម្ពស់​យេនឌ័រ​ប្រឆាំង​អំពើ​ហិង្សា​ជាមូលដ្ឋាន​ ដែល​បាន​ធ្វើ​ការ​ងារ​ក្នុង​សហគមន៍​រយៈពេល ៣០ ​ឆ្នាំ​កន្លងទៅ​ ខ្ញុំ​មិន​ដែល​ឃើញ​កម្រិត​នៃអំពើ​ហិង្សា​កើន​ឡើង​ដូច​នេះក្នុង​ពេល​កន្លង​មក​នោះ​ឡើយ។​ ​អំពើ​ហិង្សា​លើ​រាងកាយ​ស្ត្រីមាន​ការ​កើន​ឡើង​ខ្លាំង​។​ ខ្ញុំ​មាន​អារម្មណ៍ស្ទើរ​តែ​ថា​ យើង​មិន​មាន​អ្វី​ត្រូវ​ប្រារព្ធឡើយ [សម្រាប់​ទិវា​សិទ្ធិ​នារី​នៅ​ពេល​នេះ]»។​

របាយការណ៍​ប៉ូលិស​ក្នុង​ត្រី​មាស​ទី​ ១ ឆ្នាំ​ ២០២៣ ​នេះ​បាន​បង្ហាញ​ថា​ មាន​ការ​រំលោភ​ផ្លូវ​ភេទ​ប្រមាណ​ ១០.៥១២ ​ករណី​ ​ហើយ​ស្ត្រី​ចំនួន​ ៩៦៩ នាក់ ​ត្រូវ​បាន​សម្លាប់។ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​លោក Cyril Ramaphosa ​ធ្លាប់​បាន​និយាយក្នុង​ពេល​កន្លង​ទៅ​ថា​ ប្រទេស​អាហ្រ្វិកខាង​ត្បូង​ មាន​អំពើ​ហិង្សា​ប្រឆាំង​យេនឌ័រ​កម្រិត​ខ្ពស់​ ដែល​អាច​ប្រៀបធៀបបាន​ជា​មួយនឹង​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ផង​ដែរ និងប្រដូច​បញ្ហា​នេះ​ទៅ​នឹង​ជំងឺ​រាតត្បាត​មួយ។​ ​

អ្នកនាំពាក្យ​ក្រសួង​ប៉ូលិសអាហ្វ្រិកខាងត្បូង អ្នក​ស្រី​ ​Lirandzu Themba និយាយ​ថា​ ស្ថាប័ន​ប៉ូលិសអាហ្វ្រិក​ខាង​ត្បូង​ មាន​ការ​បារម្ភជា​ខ្លាំង​លើ​សុវត្ថិភាពស្ត្រី។​

អ្នក​ស្រីបញ្ជាក់​ដូច​នេះ​ថា៖ ​«ស្ថាប័ន​ប៉ូលិសអាហ្វ្រិក​ខាងត្បូង​ កំពុង​បង្កើន​ប្រតិបត្តិការ​របស់​ខ្លួន​ ដើម្បី​ស្វែងរក​ក្រុមជន​ដៃដល់​ ដែលប្រើ​អំពើ​ហិង្សាលើស្ត្រី ដោយ​បាន​ចាប់​ខ្លួនក្រុម​ជន​ល្មើស​ និង​ជន​រំលោភ​ផ្លូវ​ភេទស្ត្រី​ ក៏​ដូច​ជាកំពុង​ជួប​សន្ទនា​ជា​មួយ​ក្រុម​បុរស​ៗ​នៅ​តាម​សហគមន៍មួយ​ចំនួន​ផង​ដែរ»។​ ​

ប៉ុន្តែ​អ្នក​ស្រី​ Mara Glennie ​ដែលជា​អ្នក​គ្រប់គ្រងប្រព័ន្ធ​ហៅ​ទូរស័ព្ទបន្ទាន់ដោយ​មិន​គិតថ្លៃស្តី​ពី​វិបត្តិ​នេះ​ ឬ TEARS បាន​កត់សម្គាល់​ថា​ ស្ត្រីដែល​បាន​រាយការណ៍​ពី​ការរំលោភ​ផ្លូវ​ភេទ​ មិន​តែង​តែ​ត្រូវ​បានជួយឲ្យ​គ្រប់គ្រាន់​នោះ​ឡើយ។​

អ្នក​ស្រី​បន្ត​ដូច​នេះ​ថា៖ «ស្ត្រី​ដែលទៅ​រាយការណ៍​នៅ​ស្ថានីយ​ប៉ូលិស​ ជា​រឿយៗ​ត្រូវ​បាន​គេ​ឱ្យ​ទៅ​ផ្ទះ​វិញ​ និង​ធ្វើ​ការ​សម្រប​សម្រួល​ជា​មួយដៃ​គូ​របស់​គេ​ ជាជាង​ផ្តល់ជំនួយ​ដែលគេ​ត្រូវ​ការ»។

នៅ​ពេល​ត្រូវ​សួរថា​ ហេតុអ្វីបាន​ជាអំពើ​ហិង្សា​ជា​មូលដ្ឋាន​លើ​យេនឌ័រ ​ក្លាយ​ជា​រឿង​ដ៏​គួ​ឱ្យ​បារម្ភ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​នោះ​ អ្នក​ស្រី Sis’Mantoa Selepe ​ដែល​ជា​សកម្មជន​សមភាព​យេនឌ័រលើក​ឡើង​ដូច​នេះ​ថា​ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សង្គម​ក៏​ដូច​ជា​ប្រវត្តិសាស្ត្រដ៏​ជូរចត់នៃ​ការ​ប្រកាន់​ពូជសាសន៍​ក្នុង​អតីត​កាល​ ចូលរួម​ជាចំណែក​មួយក្នុង​បញ្ហា​នេះ។​ ​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ខ្ញុំគិត​ថា​ ជា​មួយ​នឹង​ក្រុម​បុរសនៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ទាំង​នេះ យើងមាន​កំហឹង​គុំ​គួន​តជំនាន់​ ដែលជា​កំហឹង​ដែលបន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ដោយ​សារ​តែ​ភាព​ក្រីក្រ​ ​និង​ភាព​អយុត្តិធម៌ក្នុង​អតីតកាល​ផង​ដែរ»។​

អ្នក​ស្រី​និយាយថា​ វា​មាន​សារៈសំខាន់​ណាស់​ ដែល​រដ្ឋាភិបាលត្រូវវិនិយោគ​ក្នុង​ការ​អប់រំ​ដល់​ក្រុម​បុរសៗ​ ដើម្បី​ឱ្យ​យល់ដឹងពី​ភាព​ស្មើគ្នា​នៃ​យេនឌ័រ​ ដើម្បី​ដោះស្រាយ​ការប្រឈមទាំង​នេះ៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ​

XS
SM
MD
LG