ក្រុមមន្រ្តីរដ្ឋាភិបាលទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់កាំភ្លើងត្បាល់តបតគ្នានៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសទាំងពីរ ដែលជាការប៉ះទង្គិចគ្នាឆ្លងកាត់ព្រំដែននៅពេលថ្មីៗនេះ។
ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ឧបទ្ទវហតុនេះបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលកូរ៉េខាងជើងបានបាញ់គ្រាប់កាំភ្លើងធំដាក់ទីតាំងយោធារបស់កូរ៉េខាងត្បូង។
ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា កូរ៉េខាងត្បូងបានឆ្លើយតបដោយការបាញ់គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រដាក់កូរ៉េខាងជើងវិញ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា គ្រាប់កាំភ្លើងធំនោះទំនងជាបានធ្លាក់នៅក្នុងតំបន់ភ្នំនៅជិតបន្ទាយយោធាកូរ៉េខាងត្បូងនៅក្នុងទីក្រុង Yeoncheonដែលស្ថិតនៅចម្ងាយ៦០គីឡូម៉ែត្រខាងជើងរដ្ឋធានីសេអ៊ូល។
រហូតមកទល់ពេលនេះ មិនមានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ និងរងរបួសទេ។ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងមានភាពតានតឹង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងសេអ៊ូលបានចោទប្រកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងពីការបង្កប់គ្រាប់មីន ដែលបានផ្ទុះនៅខែនេះ ដែលបានធ្វើឲ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួស។
កាលពីដំបូង ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានបញ្ជាឲ្យជម្លៀសជនស៊ីវិលចេញពីទីក្រុង Yeoncheon។
តំបន់ Paju ដែលឧបទ្ទវហតុគ្រាប់មីនបានកើតមានឡើង បានត្រូវបន្ថែមទៅក្នុងបញ្ជីសម្រាប់ការជម្លៀសមនុស្សចេញ ដែលស្ថិតនៅភាគខាងលិចកោះ Kanghwa៕