លោក Kim Jong Un មេដឹកនាំដែលមិនសេពគប់នរណានៃប្រទេសកូរ៉េខាងជើង មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅខែឧសភា ដែលជាដំណើរបំពេញទស្សនកិច្ចលើកដំបូងទៅកាន់បរទេស ចាប់តាំងពីទទួលដំណែងពីឪពុករបស់ខ្លួននៅឆ្នាំ២០១១មក។
ទីភ្នាក់ងារសារព័ត៌មាន Yonhapនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃពុធនេះថា លោក Kim ស្ថិតនៅក្នុងចំណោមគណៈប្រតិភូកូរ៉េខាងជើងដែលបានទទួលយកសេចក្តីអញ្ជើញចូលរួមខួបលើកទី៧០នៃជ័យជម្នះរបស់សូវៀតលើប្រទេសអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សម្តីរដ្ឋាភិបាលរុស្ស៊ីមកចុះផ្សាយថា៖ «មេដឹកនាំរដ្ឋប្រហែល២០ប្រទេសបានបញ្ជាក់ពីការចូលរួមរបស់ខ្លួន ហើយមេដឹកនាំកូរ៉េខាងជើងស្ថិតនៅក្នុងចំណោមមេដឹកនាំទាំងនោះដែរ»។
ប្រសិនបើលោក Kim ពិតជាចូលរួមក្នុងពិធីនោះ វានឹងក្លាយជាដំណើរបំពេញទស្សនកិច្ចនៅបរទេសលើកទីមួយរបស់ខ្លួនចាប់តាំងពីចូលកាន់តំណែងមក។ ក៏ប៉ុន្តែរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអាចបញ្ជូនលោក Kim Yong Nam ប្រមុខរដ្ឋមានតែឈ្មោះរបស់កូរ៉េខាងជើង។
ប្រទេសចិនក៏ទំនងជាប្រទេសសម្រាប់ដំណើរបំពេញទស្សនកិច្ចនៅបរទេសជាផ្លូវការរបស់លោក Kim Jung Un ដែរ ក៏ប៉ុន្តែទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏ខ្លាំងបំផុតរបស់កូរ៉េខាងជើងមានការតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីលោក Kim Jung Un ទទួលដំណែងពីលោក Kim Jong Ilដែលជាឪពុករបស់ខ្លួនមក។
ទាំងប្រទេសចិននិងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើង ចំពោះការបន្តអភិវឌ្ឍអាវុធនុយក្លែអ៊ែរបស់ខ្លួន ក៏ប៉ុន្តែចិនបានប្រកាន់ជំហរនេះ៕