នៅក្នុងអំឡុងពេលចាប់ផ្ដើមការប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកកាលពីព្រឹកថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធានាទាំងស្រុងថា សហរដ្ឋអាមេរិកនឹងចាត់វិធានការចំពោះការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។
លោក Trump បានឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់ថា៖ «យើងនឹងដោះស្រាយបញ្ហាកូរ៉េខាងជើង។ យើងនឹងមានសមត្ថភាពដោះស្រាយបញ្ហាហ្នឹង»។
ដោយឆ្លើយទៅនឹងសំណួរថាតើការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើង អាចមានការធ្វើការវាយប្រហារលើកដំបូងមួយទៅលើប្រទេសកូរ៉េខាងជើង ឬក៏យ៉ាងណានោះ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បាននិយាយថា៖ «ដូចដែលយើងបានលើកឡើងជាច្រើនដងរួចមកហើយ លោកប្រធានាធិបតី Trump នឹងមិនផ្សព្វផ្សាយអំពីការសម្រេចចិត្តណាមួយនោះទេ ប៉ុន្តែ ជម្រើសទាំងអស់គឺអាចយកមកប្រើប្រាស់បាន»។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គឺក្នុងរយៈពេលមួយថ្ងៃក្រោយមកបន្ទាប់ពីកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងគ្រាប់ផ្លោងមីស៊ីល ដែលខ្លួនអះអាងថា អាចហោះដល់ដែនដីសហរដ្ឋអាមេរិកគ្រប់កន្លែងទាំងអស់ លោក Trump បានស្ដីបន្ទោសប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងដ៏ជិតស្និទ្ធជាទីបំផុត ដោយត្រង់ៗ ថាមិនបានជួយដោះស្រាយបញ្ហាកូរ៉េខាងជើង។
លោក Trump បានសរសេរនៅលើប្រព័ន្ធ Twitter យ៉ាងដូច្នេះថា៖ «ខ្ញុំខកចិត្តចំពោះប្រទេសចិនខ្លាំងណាស់។ ពួកគេមិនបានធ្វើអ្វីសម្រាប់យើងពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើងនោះទេ។ ពួកគេបានតែនិយាយតែប៉ុណ្ណោះ។ យើងនឹងមិនអនុញ្ញាតឲ្យករណីនេះកើតឡើងបន្តទៀតនោះទេ។ ប្រទេសចិនអាចដោះស្រាយបញ្ហាកូរ៉េខាងជើងនេះបានយ៉ាងស្រួល!»៕