ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួននៅតែមិនមានចំណាប់អារម្មណ៍នៅក្នុងការពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិក ស្របពេលដែលប្រទេសកូរ៉េខាងត្បូងកំពុងប្រឹងប្រែងរៀបចំឱ្យមានកិច្ចប្រជុំកំពូលមួយលើកទៀតរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។
លោក Kwon Jong Gun មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់នៅក្នុងអត្ថបទមួយដែលបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងនៅថ្ងៃអង្គារនេះថា៖ «បញ្ជាក់ជាថ្មីឱ្យបានច្បាស់ម្ដងទៀត កូរ៉េខាងជើងគ្មានបំណងអង្គុយចរចាទល់មុខគ្នាជាមួយនឹងសហរដ្ឋអាមេរិកនោះទេ»។
សេចក្ដីប្រកាសនេះត្រូវបានផ្សព្វផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Steve Biegun ដែលជាអ្នកចរចាកំពូលរបស់សហរដ្ឋអាមេរិកជាមួយនឹងកូរ៉េខាងជើង ត្រៀមធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីប្រជុំផ្ដោតលើវិធីបង្កើនការពិភាក្សាទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានបរាជ័យកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ នៅពេលដែលលោក Trump និងលោក Kim Jong Un មិនអាចសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងពេលលោកទាំងពីរជួបពិភាក្សាគ្នានៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម៕