ការប្រព្រឹត្តទៅលើពួកអ្នកកាសែតអន្តរជាតិនៅក្នុងប្រទេសកូរ៉េខាងជើង កំពុងអន្តរាយដល់ការស្ថាបនាកិត្យានុភាពដ៏ប្រុងប្រយ័ត្នរបស់រដ្ឋាភិបាលKim Jong Un ដែលត្រូវបានដាក់បង្ហាញនៅឯសមាជរបស់គណបក្សដែលឥឡូវនេះកំពុងធ្វើឡើងនៅក្នុងរដ្ឋធានីព្យុងយ៉ាង។
កូរ៉េខាងជើង បានបណ្តេញក្រុមអ្នកកាសែតរបស់ទូរទស្សន៍ BBC នៅថ្ងៃច័ន្ទនេះ ទំនងពីព្រោះតែពួកមន្រ្តីទាំងនោះ មិនសប្បាយចិត្តពីសេចក្តីរាយការណ៍របស់ពួកគេ។
លោក Rupert Wingfield – Hayes អ្នកយកព័ត៌មានរបស់ទូរទស្សន៍ BBC ប្រចាំនៅទីក្រុងតូក្យូ រួមជាមួយអ្នកស្រី Maria Byrne ជាផលិតករហើយនិងលោក Matthew Goddard ជាអ្នកកាន់ម៉ាស៊ីនថត បានត្រូវឃុំខ្លួនកាលពីថ្ងៃសុក្រនៅពេលដែលពួកគេ ប្រុងប្រៀបចាកចេញពីប្រទេសកូរ៉េខាងជើង។ លោក Wingfield – Hayes បានត្រូវគេសួរចម្លើយអស់រយៈពេល៨ម៉ោង។
ក្រុមទូរទស្សន៍ BBC បានស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើង មុនពេលសមាជរបស់គណបក្សពលករដែលអមដំណើរដោយគណៈប្រតិភូជ័យលាភីណូបែលសន្តិភាពដើម្បីធ្វើដំណើរកម្មសិក្សាស្រាវជ្រាវ។
ក្រុមនោះ ក៏បានចូលរួមជាមួយអ្នកកាសែតបរទេសដែលត្រូវបានគេអញ្ជើញចំនួន១៣០នាក់ផ្សេងទៀតដើម្បីរាយការណ៍ពីការចាប់ផ្តើមសមាជរបស់គណបក្សពលករកូរ៉េខាងជើង ដែលជាសន្និបាតខាងនយោបាយដ៏ធំបង្អស់ដែលត្រូវធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងជើង។
ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកកាសែត ត្រូវបានគេរក្សាគម្លាតឲ្យឆ្ងាយពីពួកមន្រ្តីរាប់ពាន់នាក់របស់គណបក្សដែលបានជួបជុំគ្នានៅឯសមាជហើយពួកអ្នកស្មោះត្រង់នឹងរដ្ឋាភិបាល បានតាមមើលចលនារបស់ពួកគេយ៉ាងដិតដល់។
សមាជរបស់គណបក្សនោះ បានព្យាយាមបង្ហាញពីសាមគ្គីភាពនិងការគាំទ្រដល់គោលនយោបាយរបស់មេដឹកនាំកូរ៉េខាងជើងKim Jong Un ដើម្បីធ្វើឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចហើយនឹងអាវុធនុយក្លែអ៊ែ។
នៅក្នុងសន្ទរកថាទៅកាន់សមាជកាលពីចុងសប្តាហ៍ Kim ដែលបានស្លៀកសម្លៀកបំពាក់អាវធំតាមបែបប្រទេសលោកខាងលិច បានទទួលការទះដៃអបអរយ៉ាងខ្លាំងដល់សន្ទរកថាចំពោះការថ្លែងរបស់លោក ក៏ប៉ុន្តែពួកអ្នកវិភាគនិយាយថា Kim Jong Un មិនបានធ្វើការស្នើជាដុំកំភួនដើម្បីកាត់បន្ថយភាពតានតឹងអន្តរជាតិលើកម្មវិធីនុយក្លែអ៊ែរបស់កូរ៉េខាងជើងទេ៕