ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​មិន​ប្តឹង​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ដោយ​គ្មាន​ជំនឿ​លើ​តុលាការ​ខ្មែរ


សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​អះអាង​ថា អាជ្ញាធរ​ខណ្ឌ​ដង្កោ​បាន​យក​រថយន្ត​កូរ៉េ​ប្រភេទ​មូយ​តោន​កន្លះ​មក​រារាំង​ក្បួន​រថ​យន្ត​របស់​លោក​ នុត រំដូល​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​និង​លោក​ រៀល ខេមរិន្ទ​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​ស្វាយរៀង។
សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​អះអាង​ថា អាជ្ញាធរ​ខណ្ឌ​ដង្កោ​បាន​យក​រថយន្ត​កូរ៉េ​ប្រភេទ​មូយ​តោន​កន្លះ​មក​រារាំង​ក្បួន​រថ​យន្ត​របស់​លោក​ នុត រំដូល​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​និង​លោក​ រៀល ខេមរិន្ទ​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​ស្វាយរៀង។
ដោយសារ​តែ​គ្មាន​ជំនឿ​លើ​ឯក​រាជ្យភាព​របស់​តុលាការ​បច្ចុប្បន្ន​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា​មិន​មាន​បំណង​ដាក់​ពាក្យ​បណ្តឹង​អភិបាល​រង​ខណ្ឌ​ម្នាក់​ដែល​មាន​និន្នការ​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​ពាក់​ព័ន្ធ​នឹង​ការ​ចូល​អុក​ឡុក​កម្មវិធី​បង្សុកូល​នៅ​បឹង​ជើង​ឯក​ទេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ប្រាជ្ញ សីហា​ អភិបាល​រង​ខណ្ឌ​ដង្កោ​បាន​ចូល​ទៅ​រឹបអូស​យក​ DVDs​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចែក​ចាយ​ដល់​អ្នក​ចូល​រួម​ពិធីបុណ្យ​បង្សុកូល​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​កាល​ពី​៣៩​ឆ្នាំ​មុន​នៅ​វាល​ពិឃាតបឹង​ជើង​ឯក។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីសាក្សី​ឃើញ​ផ្ទាល់​ភ្នែក។​

ការ​ឆ្មក់​ចូល​ក្នុងពិធី​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​បណ្តាល​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​តិច​តួច​ រវាង​លោក ប្រាជ្ញ សីហា និង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក ម៉ៅ មុន្នី​វណ្ណ​ ប្រធាន​ប្រតិបត្តិ​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា លោក​គ្មាន​គម្រោង​ប្តឹង​លោក ប្រាជ្ញ សីហា មន្ត្រី​ខាង​គណបក្ស​ប្រជាជន​ទេ ដោយសារ​តែ​លោក​គ្មាន​ជំនឿ​លើ​ឯក​រាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ខ្មែរ។

«យើង​ដឹង​ទាំង​អស់​គ្នា​ថា តុលាការ​យើង​រាល់​ថ្ងៃ​នេះ ក្នុង​របប​យើង​សព្វ​ថ្ងៃនេះ​ តុលាការ​វា​មិន​ឯករាជ្យ។ ដូច្នេះ​បើ​យើង​ប្តឹង​ទៅ​នៅ​តែ​ខាត​ពេល​វេលា​ទេ»។

លោក ប្រាជ្ញ សីហា អភិបាល​រង​ខណ្ឌ​ដង្កោ​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃ​សុក្រ​នេះ។ ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ការ​ចូល​ទៅ​រឹប​អូស​យក​ DVDs​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​សារ​តែ​គណបក្ស​នេះ​បាន​ធ្វើ​ខុស​បទ​បញ្ជា​របស់​សាលា​ក្រុង​ភ្នំពេញ។

ការ​ចូល​ទៅ​អុក​ឡុក​កម្មវិធី​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​វាល​ពិឃាត​បឹង​ជើង​ឯក​នេះ​មិន​មែន​ទើប​តែ​ធ្វើ​ឡើង​ជាលើក​ទី១​ទេ។ មន្ត្រី​គណបក្ស​បាន​បញ្ជាក់​ថា រាល់​ការ​សម្តែង​មតិ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​របស់​គណបក្ស​សង្គ្រោះជាតិ​ក៏​តែ​មាន​ការ​រំខាន​ជា​ញឹក​ញាប់​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ដែល​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។​

លោក​ សុខ សំអឿន​ ប្រធាន​ក្រុម​អ្នក​ច្បាប់​កម្ពុជា​បាន​បញ្ជាក់​ថា រាល់​ការ​អុកឡុក​និង​ការ​រំខាន​ណា​មួយ​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ គណបក្ស​សង្គ្រោះជាតិ​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ដើម្បី​ទាម​ទារ​សំណង​រដ្ឋ​ប្បវេណី។​

ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ក្នុង​បរិបទ​សង្គម​កម្ពុជា​បច្ចុប្បន្ន វា​ពិបាក​ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​ដោយ​សារ​តែ​តុលាការ​មិន​ទាន់​ច្បាស់​លាស់។​

«គ្រាន់​តែ​ការ​ប្តឹង​ផ្តល់​តុលាការ​យើង​វា​មិន​ទាន់​ច្បាស់​លាស់​តែ​យ៉ាង​ហោច​ណាស់​ក៏​បង្ហាញ​ទៅ​ពិភព​លោក​ បង្ហាញ​ទៅ​រដ្ឋាភិបាល​ថា​តើ​ការ​ធ្វើ​ហ្នឹង​ស្រុក​ខ្មែរ​យើង​ខ្វះ​ច្បាប់​អ្វី​យ៉ាង​ម៉េច​។​តើ​ការ​អនុវត្ត​របស់​អាជ្ញាធរ​យ៉ាង​ម៉េច​គ្រាន់​តែ​សម្រាប់​បង្ហាញ​ប៉ុណ្ណឹង»។

នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ កង​កម្លាំង​មាន​សម្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ​បាន​ឃាត់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ពីរ​រូប និង​សកម្មជន​គណបក្ស​ម្នាក់​រយៈ​ពេល​ខ្លី។

សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​អះអាង​ថា អាជ្ញាធរ​ខណ្ឌ​ដង្កោ​បាន​យក​រថយន្ត​កូរ៉េ​ប្រភេទ​មូយ​តោន​កន្លះ​មក​រារាំង​ក្បួន​រថ​យន្ត​របស់​លោក​ នុត រំដូល​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​និង​លោក​ រៀល ខេមរិន្ទ​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​ស្វាយរៀង។

លោក​ នុត រំដួល​ បាន​ហៅ​ការ​ឃាត់​ខ្លួន​លោក​ថា​ជាទង្វើ​រំលោភ​ច្បាប់​ដើរ​ហើរ​របស់​អ្នក​តំណាង​រាស្ត្រ។ ក៏ប៉ុន្តែ​លោក នុត ពុធតារា​ អភិបាល​ខណ្ឌ​ដង្កោ​បាន​បញ្ជាក់​ថា លោក​មិន​បាន​ឃាត់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ទេ​ដោយ​លោក​គ្រាន់​តែ​ចង់​រក​ជន​ដៃ​ដល់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អភិបាល​រង​ខណ្ឌ​ម្នាក់​តែ​ប៉ុណ្ណោះ៕
XS
SM
MD
LG