ក្រុមអង្គការសង្គមស៊ីវិលបានស្នើទៅក្រសួងពាក់ព័ន្ធឱ្យចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើលោក ផែង វណ្ណៈ ចំពោះការប្រើប្រាស់ពាក្យមិនសមរម្យ ប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន។
អង្គការសង្គមស៊ីវិលទាំងនោះ ដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជាក៏សម្តែងការខកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់ពាក្យប្រមាថរបស់លោក ផែង វណ្ណៈ ដោយពួកគេចាត់ទុកថា សកម្មភាពប្រមាថមាក់ងាយរបស់លោក ផែង វណ្ណៈ ទៅលើអ្នកសារព័ត៌មានស្ត្រីនោះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លែថ្នូររបស់បុគ្គល បន្ទាបតម្លៃស្ត្រី និងសង្គមជាតិទាំងមូល និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកិច្ចប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី។ នេះបើតាមលិខិតចំហមួយរបស់អង្គការសង្គមស៊ីវិលចំនួន៤០ស្ថាប័ន ដែលចុះថ្ងៃទី១៤ ខែកុម្ភៈ។
អង្គការទាំងនោះបញ្ជាក់ក្នុងលិខិតចំហថា៖ «...ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ស្ត្រី ដែលទទួលរងការប្រមាថ និងការបៀតបៀន រួមទាំងបង្កើតគម្រូភាពល្អនៅក្នុងសង្គម ...[ទី]១ ក្រុមការងារតាមដានរាយការណ៍អំពើហិង្សាលើស្ត្រីនៃក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានចាត់វិធានការចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដើម្បីកែប្រែការអនុវត្តឱ្យស្របតាមក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី និងទប់ស្កាត់រាល់មាតិកា ដែលបង្កប់នូវខ្លឹមសារប្រមាថ មាក់ងាយដល់ស្ត្រី និងបុគ្គលគ្រប់អត្តសញ្ញាណយេនឌ័រ កុំឱ្យកើតឡើងបន្តទៀត»។
លិខិតចំហនេះត្រូវបានដាក់ជូនទៅអ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
អង្គការទាំងនោះចាត់ទុកការប្រើប្រាស់ពាក្យសម្តីប្រមាថរបស់លោក ផែង វណ្ណៈ ថា ជា«ទង្វើដែលមិនអាចលើកលែងបាន អសីលធម៌ និងបំពានយ៉ាងខ្លាំងទៅលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន» ជាពិសេសបំពានទៅលើក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ដែលក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានបានរួមគ្នាបង្កើតឡើងកាលពីឆ្នាំ២០១៧។
អង្គការដែលចូលរួមដាក់លិខិតចំហនោះ រួមមានអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អង្គការក្លាហាន អង្គការបន្ទាយស្រី អង្គការ NGO-CEDAW មជ្ឈមណ្ឌលសិទ្ធិមនុស្សជាដើម។
ក្រៅពីនេះ អង្គការទាំងនោះទាមទារឱ្យបង្គាប់ឱ្យលោក ផែង វណ្ណៈ ទទួលស្គាល់កំហុស កែតម្រូវពាក្យពេចន៍ប្រមាថ និងធ្វើការសុំទោសជាសាធារណៈ។
កញ្ញា បុណ្យ រចនា នាយកប្រតិបត្តិអង្គការក្លាហាន ដែលចូលរួមដាក់លិខិតចំហមួយនេះជាមួយអង្គការផ្សេងទៀត សង្ឃឹមថា រដ្ឋមន្ត្រីក្រសួងដែលពាក់ព័ន្ធនឹងយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយបញ្ហានេះ ដើម្បីការពារសិទ្ធិសេរីភាព កិត្តិយសរបស់ស្រី្ត និងប្រព័ន្ធផ្សព្វផ្សាយទាំងមូល។
កញ្ញាលើកឡើងថា៖ «យើងទទួលស្គាល់ថា គាត់ប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់គាត់ ក៏ប៉ុន្តែយើងចង់ទាញថា បុគ្គលគ្រប់រូបសុទ្ធតែមានសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររៀងៗខ្លួន ដូចដែលរដ្ឋធម្មនុញ្ញរបស់យើងបានទទួលស្គាល់នឹងការពារអ៊ីចឹង។ អ៊ីចឹងអ្វីដែលលោក ផែង វណ្ណៈ បានលើកឡើងហ្នឹង វាហួសពីដែនកំណត់នៃការប្រើប្រាស់សិទ្ធិ។ វាឈានចូលទៅដល់ការប្រមាថ មាក់ងាយ ហើយនឹងជាការបៀតបៀនតាមរយៈពាក្យសម្តី»។
កាលពីកន្លងទៅ លោក ផែង វណ្ណៈ អ្នកអត្ថាធិប្បាយលើបណ្តាញសង្គមម្នាក់ បានបង្ហោះសារលើហ្វេសប៊ុកដែលមានឈ្មោះថា Vannak Pheng ក្នុងអត្ថន័យបៀតបៀនលើស្ត្រីអ្នកសារព័ត៌មានវីអូឌីដែលបានសរសេរអត្ថបទពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត។
ប៉ុន្តែមកដល់ថ្ងៃពុធនេះ សារដែលលោក ផែង វណ្ណៈ បង្ហោះនោះត្រូវបានលុបចោល លែងឃើញមាននៅលើបណ្តាញសង្គមរបស់លោកតទៅទៀត។
វីអូអេបានព្យាយាមទាក់ទងលោក ផែង វណ្ណៈ តាមរយៈប្រព័ន្ធទូរស័ព្ទ ប៉ុន្តែមិនមានការឆ្លើយតប។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីអ្នកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងអ្នកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី តែទាក់ទងមិនទាន់បាននៅឡើយទេ។
លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រសួងព័ត៌មានមិនចង់ឃើញដាច់ខាតចំពោះការជេរប្រមាថគ្នា ប្រើពាក្យអសីលធម៌ បើទោះបីជាអ្នកកាសែត ឬជាប្រជាពលរដ្ឋសាមញ្ញក៏ដោយ។ លោកបន្ថែមថា លោក ផែង វណ្ណៈ និយាយជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន ដូច្នេះក្រសួងមិនមានភារកិច្ចនឹងទទួលខុសត្រូវទង្វើរបស់លោក ផែង វណ្ណៈ នោះទេ ព្រោះនេះមិនមែនជាប់ពាក់ព័ន្ធការងារសារព័ត៌មានទេ បើទោះបីជាលោក ផែង វណ្ណៈ មានអាជ្ញាបណ្ណសារព័ត៌មានក្តី។
លោកបញ្ជាក់ថា៖ «គាត់ [ផែង វណ្ណៈ] មានអាជ្ញាបណ្ណសារព័ត៌មាន។ គាត់មានអាជ្ញាបណ្ណរបស់គាត់ក្នុងពេលដែលគាត់[បំពេញ]ការងារ។ ប៉ុន្តែដូចខ្ញុំប្រាប់អ៊ីចឹង បើសិនជាទៅណា និយាយ ឬគាត់មានStatus ឯកជនផ្សេង គាត់ផុសអី អាហ្នឹងក្រសួង[ព័ត៌មាន]អត់មានភារកិច្ចនឹងទទួលខុសត្រូវទង្វើរបស់គាត់ទេ»។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះរបស់លោក ផែង វណ្ណៈ www.phengvannaknews.com ក្នុងករណីជេរប្រមាថចំពោះព្រះសង្ឃ។
បើតាមលោក ប៉ែន បូណា លោក ផែង វណ្ណៈ ទទួលបានអាជ្ញាបណ្ណព័ត៌មានឡើងវិញ រហូតមកពេលនេះ៕