ការតវ៉ាប្រឆាំងនៅក្នុងទីក្រុងញូយ៉ក ហើយនឹងទីក្រុងផ្សេងៗទៀត បានបន្តធ្វើកាលពីថ្ងៃព្រហស្បត៍ បន្ទាប់ពីការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យមិនធ្វើការចោទប្រកាន់ មន្ត្រីប៉ូលិសស្បែកសម្នាក់នៅក្នុងការស្លាប់បុរសជនជាតិអាមេរិកាំងស្បែកខ្មៅគ្មានអាវុធម្នាក់។
ពួកបាតុករនៅ ក្នុងទីក្រុងញូយ៉កហើយនឹងទីក្រុងរបស់អាមេរិកផ្សេងៗទៀតចាប់ តាំងពីទីក្រុង Chicago ដល់ទីក្រុង Minneapolis បានធ្វើការតវ៉ាប្រឆាំងកាលពីថ្ងៃព្រហស្បត៍លើការសម្រេចចិត្តរបស់ គណៈវិនិច្ឆ័យរបស់ទីក្រុងញូយ៉កមិនចោទប្រកាន់មន្រ្តីប៉ូលិសស្បែកស ម្នាក់នៅក្នុងការច្របាច់ករ Eric Garner ជនជាតិអាមេរិកាំងស្បែកខ្មៅឱ្យស្លាប់។ រឿងក្តីនេះ បានក្លាយជាចំណុចក្តៅគគុកមួយទៀតចំពោះប៉ូលិសប្រើកម្លាំង ហួសប្រឆាំងនឹងមនុស្សស្បែកខ្មៅនៅក្នុងទីក្រុងនានាក្នុងអាមេរិក ដូចដែលលោកប្រធានាធិបតីអូបាម៉ា បានទទួលស្គាល់កាលពីថ្ងៃព្រហស្បត៍។
«ជនជាតិអាមេរិកាំងជាច្រើន គិតថា មិនត្រឹមត្រូវទាល់តែសោះ នៅពេលនិយាយដល់គម្លាតរវាងអ្នកមានឧត្តមគតិប្រកបដោយវិជ្ជាជីវៈហើយ នឹងច្បាប់ដែលត្រូវអនុវត្តពីមួយថ្ងៃទៅមួយថ្ងៃដោយរបៀបណានោះ»។
នាង Monica Melton ជានិស្សិតថ្នាក់ក្រោយឧត្តមសិក្សា បានធ្វើបាតុកម្មនៅក្នុងទីក្រុងញូយ៉កកាលពីរសៀលថ្ងៃព្រហស្បត៍ មុនពេលការតវ៉ាប្រឆាំងដោយសន្តិវិធី បានបិទផ្លូវសំខាន់ៗជាច្រើន។
«បញ្ហានេះ កំពុងក្លាយជានិន្នាការនៃការរំខាននិងអកុសលយ៉ាងពិតប្រាកដដូចជា ករណីរបស់Michael Brown, Eric Garner និងមនុស្សរាប់មិនអស់ផ្សេងទៀត។ ហើយ ខ្ញុំ ចង់បង្ហាញការគាំទ្ររបស់ខ្ញុំ ហើយចង់និយាយថា នេះ មិនមែនជាបញ្ហាដែលយើង នឹងអនុគ្រោះឲ្យទៀតទេ»។
លោក Bill Di Blasio អភិបាលទីក្រុងញូយ៉ក បាននិយាយថា កម្លាំងប៉ូលិសរបស់ក្រុងញូយ៉ក នឹងហ្វឹកហាត់ជាថ្មីឡើងវិញរយៈពេល៣ថ្ងៃដើម្បីកាត់បន្ថយការ ប្រើកម្លាំងមិនចាំបាច់ ហើយនឹងផ្តល់ទំនុកចិត្តដល់អ្នកទីក្រុងញូយ៉កទាំងអស់ថា ពួកគេ នឹងត្រូវបានការយកចិត្តទុកដាក់ស្មើៗគ្នា។
«ពួកគេត្រូវដឹងថា ដើម្បីធ្វើការងារសំខាន់នេះ ប៉ូលិសរបស់យើងជានិច្ចកាល នឹងបញ្ចៀសការរងរបួសដោយមិនចាំបាច់ ហើយដោយព្រះជាម្ចាស់ មិនអនុញ្ញាត ត្រូវបញ្ចៀសការស្លាប់ដែលអាចត្រូវបញ្ឈប់បាន។ ពលរដ្ឋ ត្រូវការដឹងអំពីបញ្ហានេះ ពួកគេ ចាំបាច់មានអារម្មណ៍ដូច្នេះ»។
ក្នុងទីក្រុង Cleveland រដ្ឋ Ohio ដែលនៅទីនោះប៉ូលិស បានបាញ់សម្លាប់ Tamir Rice អាយុ១២ឆ្នាំកាលពីខែវិច្ឆិកាមុន ពេលក្មេងប្រុសនោះ បានកាន់កាំភ្លើងក្លែងក្លាយ លោកEric Holder រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាននិយាយថា ការពិនិត្យមើលឡើងវិញអស់រយៈពេលជិត២ឆ្នាំរបស់ក្រសួងយុត្តិ ធម៌ពីប៉ូលិសក្នុងទីក្រុង Cleveland បានរកឃើញថា មានប្រភេទនៃការប្រើកម្លាំងហួស ហើយអង្គភាពប៉ូលិសនោះ នឹងស្ថិតនៅក្រោមការត្រួតត្រារបស់សហព័ន្ធ។
«ទីក្រុងនោះ បានទទួលស្គាល់ថា ការរកឃើញរបស់ក្រសួង លើកឡើងពីបញ្ហាសំខាន់ៗដល់មនុស្សនៅទូទាំងសហគមន៍នេះហើយ យើង បានព្រមព្រៀងគ្នាលើគោលការណ៍សំខាន់ៗដែលនឹងនាំឲ្យមានក្រិត្យ ដែលយល់ព្រមឲ្យតុលាការអនុវត្ត»។
ក្នុងចំណោម អ្នកតវ៉ាប្រឆាំងទាំងនោះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន គឺនិស្សិត Nicole Dashiell ធំដឹងក្តីនៅក្រុង Cleveland។
«នៅទីបញ្ចប់បញ្ហានេះ បានកើតមានឡើងនៅក្រុងកំណើតរបស់ខ្ញុំ ដោយសារបញ្ហាហិង្សាខាងជាតិសាសន៍របស់ប៉ូលិស ហើយ ខ្ញុំ គ្រាន់តែចង់ឲ្យពិភពលោកដឹងថា ពលរដ្ឋអាមេរិកាំងជាច្រើន មានការរកាំចិត្តអំពីបញ្ហានេះ ហើយយើង ចង់ឲ្យមានការផ្លាស់ប្តូរ»។
ពួកមេដឹកនាំសិទ្ធិពលរដ្ឋ រួមមានអាចារ្យប្រដៅសាសនា Al Sharptonបានប្រកាសថា នឹងមានបាតុកម្មជាតិមួយនៅថ្ងៃទី១៣ ខែធ្នូ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន