ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តន្ត្រីករ​វ័យ​ក្មេង​សាកល្បង​បង្កើត​ទម្រង់​ភ្លេង​ខ្មែរ​បែប​ទំនើប


តន្ត្រីករ​វ័យ​ក្មេង​សាកល្បង​បង្កើត​ទម្រង់​ភ្លេង​ខ្មែរ​បែប​ទំនើប
តន្ត្រីករ​វ័យ​ក្មេង​សាកល្បង​បង្កើត​ទម្រង់​ភ្លេង​ខ្មែរ​បែប​ទំនើប

តន្ត្រីករ​វ័យ​ក្មេង​មួយ​ក្រុម​បាន​រួមគ្នា​សាកល្បង​បង្កើត​ទម្រង់​ភ្លេង​ខ្មែរ​បែប​ទំនើប​ថ្មី​មួយ​ដោយ​ប្រើឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​មួយ​ចំនួន​ប្រគុំ​លាយ​ជា​មួយ​ចង្វាក់​ភ្លេង​អេឡិក​ត្រូនិច។​ទម្រង់​ភ្លេង​បែប​ថ្មី​នេះ​ត្រូវ​បាន​ប្រគុំ​ជូន​សាធារណ​ជន​ជា​លើក​ទី១​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។

លោក ​ពេជ្រ​ សំណាង ​រាយ​ការណ៍​ពិស្តារ​អំពី​ទម្រង់​ភ្លេង​ខ្មែរ​បែប​ថ្មី​នេះ​ពី​ទីក្រុង​ភ្នំពេញ​ជូន​ដូច​ត​ទៅ៖

ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ចំនួន​៥​ប្រភេទ​គឺ​រនៀតឯក ​គងវង់ធំ ​ទ្រសោរ​ ខ្លុយ​និង​សាដៀវប្រគុំ​លាយបញ្ចូល​ជា​មួយ​ឧបករណ៍ភ្លេង​អេឡិច​ត្រូនិក​មួយ​បែប​បង្កើត​បាន​ជា​ទម្រង់​ភ្លេង​ខ្មែរ​បែប​សហសម័យ​ដ៏​ពិរោះ​មួយ។

ភ្លេង​ខ្មែរ​បែប​សហ​សម័យ​ ឬ​បែប​ទំនើប​ថ្មី​នេះ​ត្រូវ​បាន​សាក​ល្បង​បង្កើត​ឡើង​រួមគ្នា​ដោយ​លោក​ David​ Gunn​ នាយក​អង្គការ​សិល្បៈ​មួយ​ឈ្មោះ​ថា​ Incidental​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុង​ ប្រទេសអង់គ្លេស​និង​និស្សិត​ផ្នែក​តន្រ្តី​វ័យក្មេង​ចំនួន​៥​នាក់​មក​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ និង​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

ក្រុម​សិល្បករ​ចម្រុះ​សាសន៍​នេះ​បាន​ហៅ​ខ្លួន​ឯង​ថា​ ​ជា​ក្រុម​Monster។​ ពួក​គេ​បាន​ប្រគុំ​តន្រ្តី​ខ្មែរ​បែបទំនើប​នេះ​ជា​សាធារណៈ​ជា​លើក​ដំបូង​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ក្នុង​ទីក្រុង​ភ្នំពេញ​ ​បន្ទាប់​ពី​មាន​ការ​ហាត់​ និង​ការ​សម​សម្តែង​រួមគ្នា​អស់រយៈ​ពេល​៥​សប្តាហ៍​កន្លង​មក។

លោក​David​ Gunn​គឺ​ជា​អ្នក​ដឹកនាំ​ក្រុម​Monster​ ហើយ​ជា​អ្នក​បង្កើត​ភ្លេង​អេឡិក​ត្រូនិក​ ដែល​ជា​ផ្នែក​ មួយ​ដ៏​សំខាន់​សម្រាប់​ធ្វើ​ឱ្យ​ទម្រង់​ភ្លេង​ខ្មែរ​បែប​ថ្មី​នេះ​មាន​សំឡេង​ពិរោះ​រណ្តំ​នៅ​ពេល​ប្រគុំ​លាយ​ជាមួយ​ឧបករណ៍​បុរាណ​ខ្មែរ​ទាំង​៥​ប្រភេទ​នោះ។

លោក ​David ​Gunn ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រគុំ​តន្ត្រី​ខ្មែរ​បែប​ទំនើប​នេះ​ថា​ ​គោល​បំណងនៃ​ការ​សាក​ល្បង​បង្កើត​ទម្រង់​ភ្លេង​ខ្មែរ​បែប​ថ្មី​មួយ​នេះ​គឺ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ស្វែង​យល់​បន្ថែម​ទៀត​ពី​សាធារណ​ជន​អំពី​ទម្រង់​តន្រ្តី​បែប​ទំនើប​ ឬ​គេ​ហៅ​ថា​ បែប​សហ​សម័យ​នេះ។

“ប្រាកដ​ណាស់ ​គោល​បំណង​របស់​យើង​គឺ​ដើម្បី​បង្កើត​ការ​យល់ដឹង​របស់​ទស្សនិក​ជន​អំពី​ទម្រង់ផ្សេងៗ​នៃ​តន្រ្តី​បែប​សហ​សម័យ​នេះ”។

លោក ​David ​Gunn​មាន​ប្រសាសន៍​ថា​ ​ភ្លេង​អេឡិច​ត្រូនិក​ដែល​លោក​បាន​បង្កើត​ឡើង​នេះ​គឺ​បានមក​ពីការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ភ្លេង​ខ្មែរ​មួយ​ចំនួន​ និង​សំឡេង​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដូចជា​សំឡេងចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​នានា​ជាដើម។

“សំឡេង​ទាំងអស់​ដែល​ខ្ញុំ​ប្រើ​នៅ​ក្នុង​កំព្យូទ័រ​ហ្នឹង​ត្រូវ​បាន​ប្រមូល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈ​ពេល​បួន​សប្តាហ៍​កន្លង​មក​នេះ។ ​អ្វី​ដែល​យើង​ធ្វើ​គឺ​ថា​ ​យើង​ថត​សំឡេង​ឧបករណ៍​បុរាណ​ខ្មែរ​ខ្លះ​និង​សំឡេង​នៅ​តាម​ផ្លូវ​ ​រួច​ហើយ​យើង​កែ​ច្នៃ​និង​កែ​សម្រួល​សំឡេង​ទាំង​នោះ”។

សូម​បញ្ជាក់​ថា​ ​ការ​ប្រគុំ​ភ្លេង​ខ្មែរ​បែប​ថ្មី​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​សិល្បៈ​មួយ​ឈ្មោះ​ថា​ "អ្នកតា”​ ដែល​លោក​ David​ Gunn ​កំពុង​ដឹកនាំ​ក្នុង​គោល​ដៅ​ជួយ​អភិវឌ្ឍន៍​សមត្ថភាព​តន្រ្តីករ​និង​សិល្បករ​ក្នុង​ប្រទេស​កម្ពុជា​នេះ។

លោក ​David ​Gunn​បាន​ប្រសាសន៍​បន្ថែម​ថា​ ​ការ​សាកល្បង​បង្កើត​ទម្រង់​ភ្លេង​ខ្មែរ​បែប​ទំនើប​នេះ​ក៏មាន​គោល​បំណង​ជួយ​លើក​ទឹកចិត្ត​ឱ្យ​សិល្បករ​និង​តន្ត្រី​ករ​ខ្មែរ​ព្យាយាម​ស្វែង​រក​និង​បង្កើត​អ្វី​ដែល​ថ្មី​ដោយ​ខ្លួន​ឯង​ផ្ទាល់​សម្រាប់​សិល្បៈ​បែប​ទំនើប​របស់​ខ្លួន​នេះ​ ​ ជា​ជាង​ការ​ធ្វើ​តាម​តែ​ជន​បរទេស​មួយ​ ចំនួន​ដែល​មក​បង្រៀន​តែ​ពី​របៀប​ដែល​ពួក​គេ​បង្កើត​តន្រ្តី​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​នោះ។

តន្រ្តី​ខ្មែរ​បច្ចុប្បន្ន​ ជាពិសេស​តន្ត្រី​បុរាណ​ខ្វះ​ការ​ស្រាវជ្រាវ​ និង​ការ​ច្នៃ​ប្រឌិត​បន្ថែម​ទៀត​ ​ ​ខណៈ​ផ្នែកតន្រ្តី​សម័យ​វិញ​ភាគ​ច្រើន​ត្រូវ​បាន​មតិ​សាធារណៈ​រិះគន់​ថា​ ជា​តន្រ្តី​ដែល​យក​លំនាំ​ ឬ​លួច​ចម្លង​ពី​តន្រ្តី​បរទេស​ច្រើន​ជាង​ការ​ចំណាយ​ថាមពល​ដើម្បី​បង្កើត​ដោយ​ខ្លួន​ឯង។​ ការ​លួច​ចម្លង​នេះ​ដែល​គេឃើញ​ភាគ​ច្រើន​ពី​តន្រ្តី​វៀតណាម​ ​ ​ថៃ​ និង​ពី​តន្ត្រី​បស្ចិម​ប្រទេស​ជាដើម​នេះ​ ​បាន​ធ្វើ​ឱ្យ​តម្លៃ​នៃ​តន្រ្តី​ខ្មែរ​ធ្លាក់​ចុះ។

កញ្ញា​ ពៅ ​ប៉ុន្នីសា ​វ័យ​១៨​ឆ្នាំ​ ជា​និស្សិត​ខាង​ភ្លេង​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​និយាយ​នៅ​អែបនឹង​រនាថឯក​របស់​នាង​ថា​ ការ​ប្រគុំ​ភ្លេង​ខ្មែរ​ក្នុង​ទម្រង់​បែបថ្មី​នេះ​គឺ​ពុំមាន​ក្បួន​ខ្នាត​អ្វី​ទេ​ ​ពោល​គឺ​ជា​ការ​ប្រគុំ​ទៅ​តាម​អារម្មណ៍​របស់​តន្ត្រីករ​ម្នាក់ៗ​ ដោយ​យោង​ទៅ​តាម​ចង្វាក់​ភ្លេង​អេឡិចត្រូនិក​ពី​ប្រព័ន្ធ​ កំព្យូទ័រ​ ដូចជា​ចង្វាក់​ភ្លេង​នោះ​បង្ហាញ​ពី​ទុក្ខ​ព្រួយ​ ​ឬ​ក៏​ការ​សប្បាយ​រីករាយ​ជាដើម។

“ដូច​បទ​ពិណពាទ្យ​មាន​បទ ​លេង​មក​តាម​ក្បួន​ ​តាមខ្នាត​ ​ប៉ុន្តែ​អាណេះ​វិញ​គឺ​យើង​លេង​តាម​អារម្មណ៍។​ ឧទាហរណ៍​ថា​ ​បទ​សន្ធឹក​ផ្គរ​ខ្មែរ​ យើង​លេង​ជា​លក្ខណៈ​ចែក​ដៃគ្ន​ាថា​ រនាថ​ជា​សំឡេង​ទឹកភ្លៀង​ ​ ហើយ​សាដៀវ​ជា​សំឡេង​កង្កែប​យំ​ ​ ​ហើយ​គងធំ​ជា​សំឡេង​រន្ទះ​ ហើយ​ទ្រសោ​ជា​សំឡេង​ខ្យល់​ អញ្ចឹង។ យើង​បែក​អារម្មណ៍​គ្នា​ដូច​ខ្ញុំ​ជា​ទឹកភ្លៀង​អញ្ចឹង។​ អញ្ចឹង​ការ​លេង​គឺ​លេង​តាម​អារម្មណ៍​”។

លោក​ លន់ ​សុផានិត ​អាយុ​២០​ឆ្នាំ​ ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​ដែល​ជា​អ្នកលេង​សាដៀវ​ក្នុង​ក្រុម​Monster​នេះ​ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ ​ការ​បង្កើត​ទម្រង់​ភ្លេង​ខ្មែរ​បែប​ថ្មី​នេះ​នឹងជួយ​ធ្វើ​ឱ្យ​តន្រ្តីករ​ខ្មែរ​អាច​ចូល​ប្រឡូក​នៅ​ក្នុង​តន្ត្រី​បែប​ទំនើប​ ឬ​បែប​សហ​សម័យ​ដែល​ពិភព​លោកកំពុង​ចាប់​អារម្មណ៍។

លោក​ សុង ​សេង ​អ្នក​សម្រប​សម្រួល​គម្រោង​អង្គការ​សិល្បៈ​ខ្មែរអមតៈ ​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​ សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ​ការ​រួម​គ្នា​បង្កើត​ទម្រង់​ភ្លេង​ខ្មែរ​ថ្មី​មួយ​ដោយ​ក្រុម​តន្ត្រីករ​ខ្មែរ​វ័យ​ក្មេង​និង​តន្រ្តីករ​មក​ពី​អឺរ៉ុប​នេះ​គឺ​ជា​យុទ្ធ​សាស្រ្ត​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​សិល្បៈ​ និង​តន្រ្តី​ខ្មែរ​ ហើយ​ក៏​ដើម្បី​ទាក់​ទាញ​យុវជន​ខ្មែរ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​សិល្បៈ​របស់​ខ្លួន​វិញ​ផង​ដែរ។

“នេះ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​សិល្បៈ​ប្រពៃណី​ខ្មែរ​ហ្នឹង​មាន​ការ​ពេញ​និយម​ឡើង​វិញ​ផង​ ដែរ ពីព្រោះ​បើ​កាល​ណា​យើង​ផ្សព្វផ្សាយ​តែ​សិល្បៈ​បុរាណ​ខ្មែរ​ ​ យើង​ឃើញ​ស្រាប់​ហើយ​ថា​ ​យុវជន​ ខ្មែរ​យើង​ភាគ​ច្រើន​គាត់​អត់​សូវ​ចាប់​អារម្មណ៍​ទេ​ ​តែ​គាត់​ចូលចិត្ត​ចាប់​អារម្មណ៍​អ្វី​ដែល​ថ្មី​ ​ហើយ​ប្លែក​ ​ ​អញ្ចឹង​ហើយ​យើង​ព្យាយាម​ផ្សារ​ភ្ជាប់​សិល្បៈ​របស់​យើង​ហ្នឹង​ជា​មួយ​សិល្បៈ​ថ្មី"។

លោក​ ព្រំ ​ពុទ្ធវិសាល ​វ័យ​២៤​ឆ្នាំ​ ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​មានប្រសាសន៍​ក្រោយ​ពី​បាន​ទស្សនា​ និង​ស្តាប់​ការ​ប្រគុំ​តន្ត្រី​ខ្មែរ​បែប​សហ​សម័យ​នេះ​ថា​ ​លោក​ពេញ​ចិត្តចំពោះ​ទម្រង់​ភ្លេង​ដែល​បង្កើត​ថ្មី​នេះ​ ដោយ​សារ​វា​មាន​លក្ខណៈ​ប្លែក​ ​ហើយ​គួរ​ឱ្យ​ទាក់​ទាញ។

“បើ​យើង​អត់​បំបែក​ភ្លេង​ចេញ​មក​ខ្លះ​ទេ។​ វា​អត់​កើត​ទេ​ ព្រោះ​អី​ខ្មែរ​យើង​ឥឡូវ​ ​បើ​លេង​ភ្លេង​ខ្មែរ​ចំ​តែ ម្តង​ បាន​តែ​កម្ម​វិធី​បុណ្យ​អី​ទេ​ ​អត់​សូវ​មាន​អ្នក​ស្តាប់​ទេ។​ ដល់​អញ្ចឹង​គេ​យក​មក​ធ្វើ​អញ្ចឹង​វិញ ​ម្យ៉ាង​របស់​គេ​ដែរទៅ។​ គួរ​ឱ្យ​ចង់​ស្តាប់​ដែរ”។

នៅ​ឆ្នាំ​២០០៨​ ​ លោក ​ហ៊ឹម សូភី ​អ្នក​និពន្ធ​តន្រ្តី​ខ្មែរ​ម្នាក់​ បាន​និពន្ធ​តន្រ្តី​បែប​ទំនើប​មួយ​សម្រាប់​ល្ខោន​រ៉ុកអូប៉េរ៉ា​ខ្មែរ​មួយ​ឈ្មោះ​ថា​ "ទីដំរីយំ”​ដែល​បាន​សម្តែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​ការ​ប្រើ​បញ្ជូល​គ្នា​រវាង​ឧបករណ៍​តន្រ្តី​បុរាណ​ខ្មែរ​ និង​ឧបករណ៍​តន្រ្តី​ប្រជាប្រិយ​របស់​បច្ចឹម​ប្រទេស​ រួមមាន​អាមេរិក​ជាដើម។

លោក ​សំរាំង ​កំសាន្ត ​រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ មាន​ប្រសាសន៍​ថា​ ​ក្រសួង​វប្បធម៌​គាំទ្រ​ឱ្យ​មាន​ការ​ប្រើ​ឧបករណ៍​ភ្លេង​បុរាណ​របស់​ខ្មែរ​គួបផ្សំ​ជាមួយ​សមាស​ធាតុ​ភ្លេង​ពី​បរទេសដើម្បី​បង្កើត​ជា​ទម្រង់​ភ្លេង​ថ្មី​បែប​ខ្មែរ​នេះ​ ដើម្បី​ធ្វើ​ឱ្យ​តន្រ្តី​ខ្មែរ​មាន​លក្ខណៈ​កាន់​តែ​ទំនើប។

ពី​ទីក្រុង​ភ្នំពេញ ​ខ្ញុំ ​ពេជ្រ​ សំណាង​ VOA​សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG