ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ថ្មី​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ជា​ថ្មី​រវាង​វៀតណាម​និង​ចិន


ច្បាប់​សមុទ្រ​ថ្មី​របស់​វៀតណាម​ ​ដែលត្រូវ​បាន​អនុម័ត​កាល​ពីសប្តាហ៍​មុន បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹងសារជា​ថ្មី​ជាមួយ​ប្រទេស​ចិន ជុំ​វិញ​បញ្ហា​ដែន​សមុទ្រដែល​កំពុង​មាន​ជម្លោះក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ពេល​ដែល​រដ្ឋសភា​វៀតណាមបាន​អនុម័ត​ច្បាប់​ស្តី​ពី​សមុទ្រ​កាល​ពី​ថ្ងៃ​ទី​២១ខែ​មិថុនានេះ​ ប្រតិកម្ម​របស់​ចិន​បាន​កើតឡើង​ភ្លាម​ៗ​និងប្រកបដោយភាពប្រទូស្តរាយ។
ច្បាប់​នេះបញ្ជាក់​ពី​ការ​ទាមទារ​ដែន​អធិបតេយ្យ​របស់​វៀតណាមទៅ​លើ​ប្រជុំ​កោះ​ស្រ្ពាតលី(Spratly) និង ផារ៉ាសែល(Paracel) ដែលជា​ទឹក​ដី​ដែល​ត្រូវ​បានជឿថា​សម្បូរ​ ​ប្រេង​និង​រ៉ែ ហើយ​ក៏​ត្រូវ​បាន​ទាមទារ​ដោយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ផង​ដែរ។ រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង (Beijing) និយាយ​ថា ​ច្បាប់​នេះ គ្មាន​ភាព​ស្រប​ច្បាប់ទេ ហើយ​បាន​កោះ​ហៅ​ឯកអគ្គ​រដ្ឋទូតវៀតណាម លោក ង្វៀន វ៉ាន ថូ (Nguyen Van Tho) ដើម្បី​ប្រឆាំង​តវ៉ា។

ក្រុមអ្នក​វិភាគ​បាន​និយាយ​ថា​ ទង្វើ​បែប​នេះ​ធ្វើ​ឡើង​សំដៅទាក់ទាញមតិសាធារណជន​វៀតណាម ជាជាងបង្ក​ការ​ខឹង​សម្បារជាមួយ​ប្រទេសចិន។ កាល​ពី​ឆ្នាំ​មុន ​ក្រុម​អ្នកតវ៉ា​រាប់រយ​នាក់​បានចេញ​មក​តាម​ដងផ្លូវ​នានា​ដើម្បី​ធ្វើ​បាតុកម្ម​ដ៏​កម្រអស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ចិន​ទៅ​លើ​នាវា​រុករក​ប្រេង​របស់​វៀតណាម។

លោកង្វៀន គ្វាង ថាច(Nguyen QuangThach) ពលរដ្ឋ​ម្នាក់នៅ​ទីក្រុង​ហាណូយ បាន​ចូលរួម​បាតុកម្ម​កាល​ពី​ឆ្នាំ​មុន។ លោកថ្លែង​ថា លោក​ស្វាគមន៍ច្បាប់​ថ្មី​នេះ។


«ខ្ញុំ​ពេញចិត្ត​នឹង​ច្បាប់​ថ្មី​នេះពីព្រោះ​យើង​ដឹង​ពីការ​កំណត់ព្រំ​ប្រទល់ដែន​សមុទ្រ​របស់​យើង ​ហើយ​វាជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ដើម្បី​ផ្ញើ​សារ​ទៅ​បណ្តា​ប្រទេស​ផ្សេង​ទៀតថា​យើង​មាន​ច្បាប់​និង​បទ​បញ្ញត្តិ​ទាំង​អស់​នេះ។»

ការ​ប្រឈម​មុខ​ជាមួយ​ចិន​បាន​កើនឡើង​យ៉ាង​ឆាប់​រហ័ស។​ ថ្ងៃ​ដដែលនេះ​ដែរ​ដែលវៀតណាម​បាន​អនុម័ត​ច្បាប់​ស្តី​ពី​សមុទ្រ​នេះ ក្រសួង​ការ​បរទេស​ចិនបានប្រកាសថា​ ខ្លួនបានបង្កើន​កម្រិត​អភិបាលកិច្ច​ទៅ​លើ​កម្រង​កោះ​ទាំង​បី​នេះ នៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង ​ចាប់​ពី​កម្រិត​ទីក្រុង​ដល់​កម្រិតខេត្ត​ ក្រោមការគ្រប់គ្រង​របស់​ទីក្រុង​សានស្សា (Sansha)។

ទីតាំង​របស់​រដ្ឋាភិបាល​នេះ​នឹង​ស្ថិត​នៅ​លើ​កោះ​វ៉ូដ(Wood Island) ដែល​ជា​ផ្នែក​មួយ​នៃ​កម្រង​កោះ​ផារ៉ាសែល។ ​នេះជាតំបន់ដែល​ចិន​បាន​ដណ្តើមពី​វៀតណាម​ខាងត្បូង​កាល​ពីឆ្នាំ​១៩៧៤។

លោក ចេនីហ្វឺ រីជម៉ុន(Jennifer Richmond) នាយកប្រចាំ​ប្រទេស​ចិន​របស់ក្រុមហ៊ុនអ្នកវិភាគបញ្ហាសន្តិសុខ​ស្ត្រេតហ័្វរ​(Stratfor) ​បាន​និយាយ​ថា ទីក្រុង​សានស្សាបានចាប់​ផ្តើម​ធ្វើ​ការនៅ​ពេល​ខ្លះដែរ​ ដែល​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​លើក​ឡើង​នូវ​ការ​ឆ្លើយ​តប​ទៅនឹង​ច្បាប់​ថ្មី​របស់​ចិន។


«ទីក្រុង​សានស្សា​មិនមែន​ជាទស្សន​ថ្មី​នោះ​ទេ។ តាម​ពិត​ ខ្ញុំ​គិត​ថា​ពួកគេ​ចាប់​ផ្តើម​គិត​គូរ​ពី​រឿង​នេះតាំង​ពី​ចុង​ទស្សវត្សរ៍​១៩៥០​និង១៩​៦០​មក​ម្ល៉េះ។ ដូច្នេះ អ្វី​ដែល​ពួកគេ​បាន​ធ្វើ​គឺ​ពួកគេ​តែងតែ​មានតំបន់​រដ្ឋ​បាល​ថ្នាក់​ទាប។ ឥឡូវនេះ​ អ្វី​ដែល​ពួកគេ​កំពុង​តែ​ព្យាយាម​ធ្វើ​ គឺប្រែក្លាយ​ការ​គ្រប់គ្រង​នេះឱ្យទៅ​ជារដ្ឋបាល​ថ្នាក់​ខេត្ត ដោយ​អាចទាមទារយកទឹកដី​ខ្លះៗ។»


លោក​ រីជម៉ុន​ និយាយ​ថា ​សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ជាប្រតិកម្មតបទៅ​នឹង​ច្បាប់​ថ្មី​នេះ ប៉ុន្តែ​មិនបាន​ផ្តោត​ទាំងស្រុង​ទៅ​កាន់​ប្រទេស​វៀតណាម​ទេ។ ជា​ជំនួស​មក​វិញ លោកនិយាយ​ថា សេចក្តី​ប្រកាស​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ទំនាក់ទំនង​សាធារណៈដែល​មាន​គោលបំណង​សំដៅ​ទៅ​លើ​សាធារណជន​ចិន ខណៈ​ដែល​ប្រទេស​នេះ​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ។

​លោក ស្សី ជីនពីង(Xi Jinping) អនុ​ប្រធានាធិបតី ត្រូវ​បាន​រំពឹង​ថា​នឹង​ស្នង​តំណែង​ពី​លោកហ៊ូ ជីនតាវ(Hu Jintao) ជា​ប្រមុខ​បក្ស​កុម្មុយនីស្ត​នៅ​ចុង​ឆ្នាំ​នេះ។ ស្របពេលជាមួយគ្នា​នេះ​ដែរ ការ​ព្រួយ​បារម្ភ​ជាចម្បង​របស់​រដ្ឋាភិបាល​ចិនគឺ​ត្រូវ​តែរឹងមាំ ហើយត្រូវ​បាន​ឃើញ​ថា​រួបរួមគ្នាដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​អន្តរកាលនេះ​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​តាម​តែ​អាច​ធ្វើ​បាន។ លោក រីជម៉ុន និយាយ​ថា ​យុទ្ធសាស្ត្រ​នេះ​គ្មាន​អ្វីប្លែក​ទេ​សម្រាប់​ចិន។


«​ប្រទេស​វៀតណាម ហ្វីលីពីន និង​ជា​ពិសេសវៀតណាម​និង​ចិន​នាំ​មុខ​គេ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​នេះ។ នៅ​ពេល​ពួកគេ​មាន​បញ្ហា​ក្នុង​ស្រុកដែល​ដាក់​សម្ពាធ​លើ​ពួកគេ។ ជា​រឿយ​ៗ​ពួកគេ​នឹង​បង្កើត​ស្ថានការណ៍​អន្តរជាតិ​នានាដែល​នឹង​ជួយ​បន្ធូរ​សម្ពាធ​ដល់​រដ្ឋាភិបាល។»

លោកនិយាយ​ថា ទំនង​នឹង​អាច​មាន​ទំនាស់ច្រើនបន្ថែម​ទៀត​ជា​មួយ​ចិន ទាក់​ទង​នឹងដែន​ដី​ក្នុង​សមុទ្រ​នេះ។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ លោក ​រីជម៉ុន និយាយ​ថា ​ពួកគេ​ទំនង​នឹង​ប្រតិកម្ម​តប​ច្រើន​ជាង​សកម្ម​មុន។

ការប្រកាស​ច្បាប់​ថ្មី​របស់​វៀតណាម​នេះ បាន​ធ្វើ​ឡើង​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​មាន​ទំនាស់​មួយ​ផ្សេង​ទៀត។ កាល​ពី​ថ្ងៃ​សៅរ៍ ក្រុមហ៊ុន​ប្រេង​ជាតិនៅ​ឯ​នាយ​សមុទ្រ(China National Offshore Oil) ដែល​គ្រប់​គ្រង​ដោយ​ប្រទេសចិន ដែល​ហៅ​កាត់​ថា ស៊ីនូក(CNOOC) ​បាន​អញ្ជើញ​ក្រុមហ៊ុន​បរទេស​នានា​ឱ្យ​មក​ដេញ​ថ្លៃ​លើ​ការ​រុករក​ថាមពល​ក្នុង​ប្លុក​ចំនួន​ប្រាំបួន​នៅ​ត្រង់​ម្តុំឆ្នេរ​វៀតណាម។

ក្រសួង​ការ​បរទេស​វៀតណាម​ហៅ​ទង្វើ​បែប​នេះ​ថា​ខុស​ច្បាប់​ហើយ​ថ្លែង​ថា​ប្លុក​នានាដែលបាន​កំណត់​ដោយ​ចិន​គឺ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខចម្ងាយ២០០​ម៉ាយល៍សមុទ្រនិង​ខ្ពង់រាប​បាត​សមុទ្ររបស់​វៀតណាម​ទាំង​ស្រុង ដូច​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ។

លោក រីជម៉ុន ​និយាយ​ថា​ ទង្វើ​ទាំងនេះបាន​បន្ធូរ​ភាព​តានតឹង​ប៉ុន្តែនៅ​តែ​ជា​ផ្នែក​មួយ​នៃគំរូនៃ​ការ​គំរាម​គំហែង​និង​ការ​គំរាម​គំហែង​តប​ដ៏​ខ្លាំងក្លា ហើយ​បង្កើន​កម្រិត​សង្គ្រាម​ពាក្យ​សំដី​កាន់​តែ​ខ្លាំង​ជាង​មុនទៀត៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា
XS
SM
MD
LG