បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton កំពុងប្រឈមជាមួយការពិនិត្យមើលជាថ្មី បន្ទាប់ពីសារអ៊ីម៉ែលថ្មីមួយចំនួនដែលគេលួចបានបង្ហាញថាលោកស្រីបាននិយាយប្រាប់ក្រុមមន្ត្រីចិនថាពួកគេចាំបាច់ត្រូវតែក្តោបក្តាប់ភាពគឃ្លើនរបស់កូរ៉េខាងជើង បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខជាមួយប្រព័ន្ធការពារកាំជ្រួចម៉ីស៊ីលរបស់ស.រ.អា នៅក្នុងតំបន់។
សារអ៊ីម៉ែលដែលចេញផ្សាយនៅសប្តាហ៍នេះ និយាយថាលោកស្រី Clinton បានប្រាប់កិច្ចប្រជុំមួយរបស់ក្រុមអ្នកវិនិយោគក្នុងវិស័យធនាគារ កាលពីខែមិថុនាឆ្នាំ២០១៣ ថា «អ្នកត្រូវក្តោបក្តាប់ពួកគេ បើមិនដូច្នោះទេ យើងនឹងត្រូវការពារខ្លួនយើងប្រឆាំងនឹងពួកគេ»។
លោកស្រី Clinton មិនព្រមបញ្ចេញសារទាក់ទងនឹងអត្ថាធិប្បាយរបស់លោកស្រីទៅកាន់ក្រុមហ៊ុន Goldman Sachs ដែលបានធ្វើឡើងប៉ុន្មានខែក្រោយពីលោកស្រីបានចុះចេញពីតំណែងរដ្ឋមន្ត្រីការបរទេសស.រ.អា។ យុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់លោកស្រី បដិសេធមិនទទួលស្គាល់ ហើយក៏មិនបដិសេធ អំពីថាតើអ៊ីម៉ែលទាំងនោះជាអ៊ីម៉ែលពិតប្រាកដ ឬមួយក៏ក្លែងក្លាយ៕