លោកប្រធានាធិបតីបារាំង Emmanuel Macron ដែលទើបតែជាប់ឆ្នោតថ្មី បានតែងតាំងមន្ត្រីសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក។
រដ្ឋាភិបាលដំបូងរបស់លោកមានពាក់កណ្តាលជាបុរសនិងពាក់កណ្តាលជាស្ត្រី ដែលពួកគេជាអ្នកនយោបាយមានបទពិសោធន៍ខុសៗគ្នាពីគណបក្សជាច្រើន និងមានអ្នកថ្មីមកពីសង្គមស៊ីវិលផងដែរ។
អតីតរដ្ឋមន្ត្រីការពារប្រទេសរបស់បារាំង លោក Jean-Yves Le Drian ដែលជាអ្នកសង្គមនិយម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស។ ក្នុងរយៈពេល៥ឆ្នាំ ដែលលោកកាន់តំណែងជារដ្ឋមន្ត្រីការពារប្រទេសក្រោមអាណត្តិលោកប្រធានាធិបតី Francois Hollande លោក Le Drian ដឹកនាំប្រតិបត្តិការយោធានៅក្នុងប្រទេស ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល អ៊ីរ៉ាក់ និងស៊ីរី។
លោកចូលរួមជាមួយនឹងលោកនាយករដ្ឋមន្ត្រី Edouard Philippe ដែលលោកប្រធានាធិបតី Macron បានតែងតាំងកាលពីថ្ងៃច័ន្ទ មួយថ្ងៃបន្ទាប់ពីលោកឡើងកាន់តំណែងជាប្រធានាធិបតី។
អ្នកនិយមស្តាំល្បីល្បាញ លោក Bruno Le Maire ត្រូវបានតែងតាំងជារដ្ឋមន្ត្រីសេដ្ឋកិច្ច ដែលលោកជាអ្នកអភិរក្សនិយមម្នាក់ក្នុងចំណោមអ្នកអភិរក្សនិយម៣នាក់នៅក្នុងគណៈរដ្ឋមន្ត្រីនេះ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសថ្មីនេះគឺលោកស្រី Sylvie Goulard មានវ័យ៥៩ឆ្នាំ ដែលជាអ្នកនយោបាយប្រកាន់កណ្តាលនិយម។ លោកស្រីបានចាប់ផ្តើមការងាររបស់ខ្លួនដោយចូលបម្រើការឲ្យក្រសួងការបរទេសបារាំង៕