ក្រឡទាំងនេះ ដែលត្រូវបានរកឃើញនៅក្នុងខេត្តXieng Khouang ភាគកណ្ដាលនៃប្រទេសឡាវ នៅតែជាចម្ងល់សម្រាប់ក្រុមបុរាណវិទូនៅឡើយ។
លោក Dougald O'Reilly សាស្ត្រាចារ្យផ្នែកបុរាណវិទ្យានៃសកលវិទ្យាល័យជាតិអូស្ត្រាលី ដែលជាអ្នកដឹកនាំការងារស្រាវជ្រាវនេះ មានប្រសាសន៍ថា៖
«នេះគឺជាអាថ៌កំបាំងដ៏អស្ចារ្យពីទីតាំងក្រឡទាំងនោះ។ ក្រឡថ្មធំៗទាំងនេះ ខ្លះមានទម្ងន់ដល់ទៅ១០តោន ត្រូវបានអូសចេញពីកន្លែងយកថ្មមួយចម្ងាយពី៨ទៅ១០គីឡូម៉ែត្រទៅគរផ្គុំគ្នា»។
មានការដឹងតិចតួចណាស់ពីអ្នកដែលឆ្លាក់ថ្មជាក្រឡនេះឡើង ឬសូម្បីតែការចាប់ផ្ដើមដំបូងនៃការឆ្លាក់ និងថាតើទីតាំងរក្សាក្រឡនេះកើតឡើងតាមរបៀបណា។
លោក O'Reilly បានថ្លែងថាសំណួរសំខាន់នោះគឺថាគ្មានទីតាំងណាមួយដែលអាចឲ្យយើងដឹងពីជាតិសាសន៍ និងអត្តសញ្ញាណរបស់មនុស្សដែលបានបង្កើតក្រឡថ្មបុរាណទាំងនេះទេ។
មានទីតាំងរក្សាក្រឡចំនួនប្រហែល១០០កន្លែង ដែលកន្លែងនីមួយៗមានក្រឡថ្មចំនួនពី១ទៅ៤០០ក្រឡ។ ការស្រាវជ្រាវចុងក្រោយបំផុតបានរកឃើញថា កន្លែងបញ្ចុះសពបុរាណនៅតំបន់មួយដែលគេហៅថាទីតាំងទី១នៅក្នុង ខេត្ត Xieng Khouang ដោយមាន ក្រឡថ្ម ផ្ទាំងថ្មគ្របពីលើ និងស្លាកសញ្ញាថ្មសំគាល់ចំនួនជាង៣០០។
ការជីករណ្ដៅសព បានបង្ហាញឲ្យដឹងពីរបៀបបញ្ចុះសពផ្សេងៗគ្នា រួមមានទាំងការបញ្ចុះសពទាំងមូល ការបញ្ចុះកញ្ចប់អដ្ឋិធាតុ និងការបញ្ចុះដោយដាក់អដ្ឋិធាតុក្នុងថូធ្វើពីជាតិកុលាលភាជន៍ (ជាតិដីឥដ្ឋដុតក្ដៅឬហៅថា សេរ៉ាមិច)។
បុរាណវិទូលោក Louis Shewan មកពីសកលវិទ្យាល័យ Monash គឺជាអ្នកដឹកក្រុមស្រាវជ្រាវប្រទេសអូស្ត្រាលី។ ចំណែកក្រុមស្រាវជ្រាវប្រទេសឡាវ ដឹកនាំដោយលោកThonglith Luangkhoth ជាប្រធានផ្នែកបុរាណវិទ្យារបស់ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។
លោកThonglith បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឡាវថា គេបានរកឃើញអដ្ឋិធាតុនិងវត្ថុបុរាណទាំងនោះនៅប្រហែលជា៨គីឡូម៉ែត្រពីទីរួមស្រុកPhonsavanh ។
លោកបន្ថែមថា ការរកឃើញនេះគឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ ចាប់តាំងពីការចាប់ផ្ដើមជីករុករកវត្ថុបុរាណនៅទសវត្សរ៍១៩៣០មកម្ល៉េះ ដោយសហការជាមួយបុរាណវិទូបារាំង។
បុរាណវិទូបារាំង អ្នកស្រី Madeleine Colaniបានសរសេរឯកសារស្រាវជ្រាវចំនួន២អត្ថបទ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការងារបុរាណវិទ្យានាពេលបច្ចុប្បន្ន។
ការចុះអង្កេតនិងការស្រាវជ្រាវដល់ទីកន្លែង បានជួយបំបែកភាពអាថ៌កំបាំង ដែលបានរាំងស្ទះអស់រយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ ដោយសារសំណល់អាវុធមិនទាន់ផ្ទុះរាប់តោនសល់ពីសង្គ្រាមឥណ្ឌូចិនក្នុងទសវត្សរ៍១៩៧០មក។
ប៉ុន្តែ លោក O'Reilly សង្ឃឹមថាការងារស្រាវជ្រាវថ្មីនេះ នឹងអាចកែប្រែស្ថានការណ៍ទាំងនោះបាន។
«បន្ទាប់ពីមានការស្រាវជ្រាវមក យើងមានលទ្ធភាពក្នុងការតម្រៀបធាតុសាកសពដែលបញ្ចុះចំនួន៧ និងធាតុសាកសពដាក់ក្នុងក្រឡសេរ៉ាមិចចំនួន៤ សរុបទាំងអស់ចំនួន១១នៅកន្លែងរក្សាអដ្ឋិធាតុសព»។
លោក O'Reillyបានបន្ថែមថា៖ «យើងសង្ឃឹមថា យើងមានលទ្ធភាពដើម្បីបញ្ជាក់ពីព័ត៌មានរបស់មនុស្សទាំងនេះបាន»។
ការវិភាគសមាសភាគគីមីអ៊ីសូតូបលើឆ្អឹងបុរាណទាំងនោះ អាចផ្ដល់ព័ត៌មានបញ្ជាក់ពីពូជសាសន៍របស់សាកសពដែលបានរក្សាទុកនៅកន្លែងបញ្ចុះ។
លោកបានលើកឡើងថា៖ «ព័ត៌មានទាំងនេះអាចឲ្យយើងដឹងកាន់តែច្រើន ហើយបើការងារស្រាវជ្រាវវិវត្តទៅមុខ យើងប្រហែលជានឹងទទួលបានព័ត៌មានកាន់តែច្រើនឆ្លើយតបទៅនឹងសំណួរទាំងនោះ»។
លោកមានប្រសាសន៍ថា មានការរំពឹងទុកថា ទីតាំងរក្សាអដ្ឋិធាតុក្នុងប្រទេសឡាវ អាចជាប់ពាក់ព័ន្ធទៅនឹងទីតាំងរក្សាក្រឡដាក់អដ្ឋិធាតុនៅក្នុងរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។
«យើងពិតជារីករាយនឹងការរកឃើញទាំងនេះណាស់»។
លោកក៏បានបន្ថែមថា៖ «យើងពិតជាសប្បាយចិត្តណាស់ ដែលមានឱកាសធ្វើការជាមួយអ្នកពាក់ព័ន្ធទាំងឡាយសម្រាប់ការងារស្រាវជ្រាវពីកន្លែងរក្សាអដ្ឋិធាតុសាកសពដ៏សំខាន់នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយក៏ប្រហែលជាកន្លែងមួយដែលមានការយល់ដឹងតិចតួចពីទីតាំងបុរាណក្នុងតំបន់ផងដែរ»។
គម្រោងស្រាវជ្រាវនេះ ត្រូវបានឧបត្ថម្ភមូលនិធិដោយក្រុមប្រឹក្សាស្រាវជ្រាវអូស្ត្រាលី។ការស្រាវជ្រាវនេះ នឹងបន្តអនុវត្ត៥ឆ្នាំបន្តទៀតនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសឡាវ ព្រមទាំងនៅតាមទីតាំងបុរាណស្ថិតនៅភាគឦសានប្រទេសឥណ្ឌា ដោយសហការជាមួយបុរាណវិទូឥណ្ឌា។
លទ្ធផលនៃការស្រាវជ្រាវទាំងពីរកន្លែងនេះ ប្រហែលជាអាចផ្ដល់ឱកាសឲ្យយើងទម្លាយអាថ៌កំបាំងពីតំបន់វប្បធម៌ដ៏អស្ចារ្យនៅអាស៊ីអាគ្នេយ៍មួយនេះបាន៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា