បើទោះជា ក្រុមសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន កំពុងស្នើយ៉ាងទទូចជាបន្តបន្ទាប់ឲ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប រៀបចំកន្លែងចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេសសម្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានប្រកាសបដិសេធខ្លាំងៗថា ការស្នើវិសោធនកម្មនេះ ជារឿងខុសច្បាប់។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក អះអាង នាថ្ងៃព្រហស្បតិ៍នេះថា គ.ជ.ប នឹងមិនស្នើឲ្យរដ្ឋសភាធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីរៀបចំឲ្យពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស អាចចុះឈ្មោះ និងបោះឆ្នោតនៅប្រទេសដែលពួកគេកំពុងរស់នៅ និងធ្វើការនោះទេ។ ប្រធាន គ.ជ.ប រូបនេះក៏អះអាងផងដែរថា ការស្នើឲ្យធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត គឺជារឿងខុសច្បាប់។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា គ.ជ.ប ធ្វើការទៅតាមតួនាទីដែលមានចែងក្នុងច្បាប់ មិនមានសមត្ថកិច្ចស្នើទៅរដ្ឋសភា ដើម្បីសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតបានទេ។ លោកបន្ថែមថា ការទទូចឲ្យ គ.ជ.ប ស្នើរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ គឺជាការជំរុញឲ្យ គ.ជ.ប ធ្វើខុសច្បាប់។ លោកថ្លែងថា អ្នកដែលមានសិទ្ធិស្នើទៅតាមច្បាប់ គឺក្រុមអ្នកតំណាងរាស្រ្ត។
លោក ស៊ិក ប៊ុនហុក ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះថា៖
«គ.ជ.ប នេះគឺអនុវត្តនៅក្នុងក្របខណ្ឌច្បាប់សុទ្ធសាធ មិនអាចលើសទេ។ ហើយក្មួយទៅមើលសមត្ថកិច្ចសិទ្ធិអំណាច គ.ជ.ប ២៨ហ្នឹងអត់មាននិយាយរឿងហ្នឹងទេ ហើយតែកាលណាអត់និយាយរឿងហ្នឹង មិនអាចធ្វើអីនឹងលើសបានទេ លើសគឺខុសច្បាប់។ ហើយបើសិនជាអ៊ុំស្នើទៅ គឺប្រាកដជាគេបដិសេធមកវិញ ហើយកេរ្តិ៍ឈ្មោះ គ.ជ.ប យើង យើងអ្នកអនុវត្តច្បាប់ យើងធ្វើអញ្ចឹងម៉េចហ្នឹងកើត?»។
ប្រធានគ.ជ.ប ដែលមានសមភាពពីគណបក្សកាន់អំណាចរូបនេះ បន្ថែមថា គ.ជ.ប មិនបានបិទសិទ្ធិប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះទេ តែលោកថា វាជាការអនុវត្តទៅតាមច្បាប់ ពិសេសគឺការអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។
ការបដិសេធខ្លាំងៗរបស់លោក ស៊ិក ប៊ុនហុក កើតឡើងបន្ទាប់ពី ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន បានព្យាយាមស្នើយ៉ាងទទូចជាបន្តបន្ទាប់ឲ្យ គ.ជ.ប រៀបចំកន្លែងចុះឈ្មោះ និងការបោះឆ្នោតនៅតាមស្ថានទូតខ្មែរ និងស្ថានកុងស៊ុលនៅក្រៅប្រទេសដើម្បីសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅទីនោះ ឲ្យបានចុះឈ្មោះ និងបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ។
បើតាមការឲ្យដឹងពីលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលើកឡើងថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានចំនួនជាង១លាន៧សែននាក់ ប្រទេសម៉ាឡេស៊ីមានជាង១០ម៉ឺននាក់ កូរ៉េខាងត្បូងមានជាង៥ម៉ឺននាក់ ជប៉ុនមានប្រមាណជា៣ពាន់នាក់ និង មួយចំនួនទៀតនៅតាមបណ្ដាប្រទេសផ្សេងៗ។
ក្នុងចំណោមគណបក្សមិនកាន់អំណាចមួយចំនួនដែលបានគាំទ្រឲ្យមានការរៀបចំការចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេស មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា តែងជំរុញឲ្យមាននីតិវិធីសម្រួលដល់ពលករនៅក្រៅប្រទេសទាំងនោះបានបោះឆ្នោត។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំងលើកឡើងថា បើតាមច្បាប់ គ.ជ.ប គឺជាស្ថាប័នដែលមិនមានសមត្ថកិច្ចក្នុងការស្នើច្បាប់ ប៉ុន្តែលោកថា គ.ជ.ប មានតួនាទីធ្វើរបាយការណ៍ដាក់ទៅរដ្ឋសភា បង្ហាញពីសំណូមពរ និងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនឹងធ្វើលិខិតជំរុញឲ្យលោក ស៊ិក ប៊ុនហុក ដាក់របាយការណ៍ពាក់ព័ន្ធនឹងការរៀបចំឲ្យមានការចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេសនេះក្នុងពេលឆាប់ៗខាងមុខ។
«យើងនឹងអនុវត្តតាមមាត្រានៅក្នុងរដ្ឋធម្មនុញ្ញ យើងត្រូវការដូចជា១ភាគ១០នៃសមាជិកសភា ដើម្បីចុះហត្ថលេខាអញ្ជើញឥស្សរជននោះ ដូចជាប្រធាន គ.ជ.ប ហ្នឹង លោក ស៊ិក ប៊ុនហុក ហ្នឹង ឲ្យមកបំភ្លឺ អាហ្នឹងគឺថានីតិវិធីមានបែបហ្នឹង។ ឬក៏យើងធ្វើលិខិតរំឮកគាត់ ឲ្យគាត់ធ្វើរបាយការណ៍ផ្ញើមករដ្ឋសភាអីជាដើម»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់ VOA ថា គ.ជ.ប មិនអាចធ្វើសេចក្តីស្នើវិសោធនកម្មច្បាប់ ឬមិនអាចធ្វើរបាយការណ៍ណាមួយពាក់ព័ន្ធនឹងការបង្ហាញពីតម្រូវការរបស់អ្នកបោះឆ្នោត មកកាន់រដ្ឋសភាបានទេ។
«មិនមែនជាសមត្ថកិច្ចរបស់គាត់ទេ គាត់ត្រូវតែអនុវត្តច្បាប់តែប៉ុណ្ណឹងឯង។ ច្បាប់ហ្នឹងគឺច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់។ ហើយគាត់ធ្វើបទបញ្ជា និងនីតិវិធីទៅតាមហ្នឹង។ ហើយគណបក្សទាំងពីរហ្នឹងដែលចូលប្រជុំ ត្រូវអនុវត្តច្បាប់ហ្នឹង តែខ្ញុំ ខ្ញុំយល់អញ្ចឹង គ.ជ.ប គ្មានសមត្ថកិច្ចសេចក្តីស្នើច្បាប់អីទេ»។
យ៉ាងណាក៏ដោយ លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយដែលហៅកាត់ថាខុមហ្រ្វែល លើកឡើងថា ដើម្បីបង្ហាញពីស្ថាប័នជាអ្នកទទួលខុសត្រូវ និងរៀបចំដំណើរការនៃការបោះឆ្នោតនៅកម្ពុជា គ.ជ.ប ត្រូវប្រាប់ទៅរដ្ឋសភាពីតម្រូវការ និងបញ្ហាផ្សេងៗរបស់អ្នកបោះឆ្នោត ក៏ដូចជាបញ្ហា និងតម្រូវការរបស់ គ.ជ.ប ផ្ទាល់។
«ស្ថាប័ន គ.ជ.ប គឺជាស្ថាប័នឯករាជ្យ ជាស្ថាប័នដែលប្រជាពលរដ្ឋផ្តល់ទំនុកចិត្ត ហើយគាត់ជាអ្នកអនុវត្តច្បាប់ផ្ទាល់ ដូច្នេះគាត់ជាអ្នកដើរតួនាទីសំខាន់ក្នុងការធ្វើការលើរឿងនេះ តាមមធ្យោបាយណាមួយដែលគាត់អាចធ្វើបាន»។
តួលេខផ្លូវការ ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក្រោយការប្រកាសលទ្ធផលឆ្នោតប៉ុន្មានថ្ងៃនោះ បង្ហាញថា ពលរដ្ឋ ដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់គឺមានចំនួនជាង៧លាននាក់ ស្មើនឹង៩០ភាគរយនៃចំនួនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតសរុបជិត៨លាននាក់។ ក្នុងនោះអ្នកចុះឈ្មោះបោះឆ្នោតជាង៧សែននាក់មិនបានទៅបោះឆ្នោតទេ។
ប្រទេសកម្ពុជា គ្រោងនឹងរៀបចំការបោះឆ្នោតសំខាន់មួយទៀតនៅខែកក្កដាឆ្នាំ២០១៨ខាងមុខ ដើម្បីជ្រើសតាំងតំណាងរាស្ត្រនិងគណបក្សគ្រប់គ្រងប្រទេស។
គ.ជ.ប បានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលគ្រប់អាយុបោះឆ្នោត តែមិនទាន់បាន ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ និងអ្នកដែលបានចុះឈ្មោះបោះឆ្នោតហើយ ប៉ុន្តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ថ្មី ត្រូវត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ខាងមុខ៕