អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា អូតង់ លោក Jens Stoltenberg បានបញ្ជាក់កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅនេះថា អង្គការសម្ព័ន្ធមិត្តយោធាមួយនេះនឹងបង្កើតមជ្ឈមណ្ឌលលំហអាកាសមួយនៅឯទីបញ្ជាការដ្ឋានកងទ័ពអាកាសរបស់សម្ព័ន្ធមិត្តនៅ Ramstein ប្រទេសអាល្លឺម៉ង់។
ថ្លែងក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអង្គការអូតង់ ឬហៅជាភាសាអង់គ្លេសថា ណាតូ (NATO) ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅទីក្រុងប៊្រុចសែល លោក Stoltenberg បានបញ្ជាក់ថា របាយការណ៍ស្ដីអំពីមជ្ឈមណ្ឌលអវកាសដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានអឺរ៉ុបកាលពីដើមខែតុលា គឺជាការពិត។
លោក Stoltenberg និយាយថា៖ «អូតង់ប្ដេជ្ញារក្សាឲ្យមានការវិវត្តឈានមុខនៅគ្រប់ច្រកល្ហក ទាំងនៅលើដី ក្នុងសមុទ្រ នៅលើអាកាស និងនៅក្នុងទីអវកាស»។
ក្នុងកិច្ចប្រជុំមួយកាលពីខែធ្នូឆ្នាំ២០១៩ លោក Stoltenberg បានប្រកាសថា៖ «ទីអវកាសគឺជាកន្លែងសម្រាប់ប្រតិបត្តិការរបស់អូតង់ ហើយថ្ងៃនេះយើងបានបោះជំហានដ៏សំខាន់មួយហើយ»។
បើតាមប្រសាសន៍របស់លោក ប្រធានអង្គការអូតង់រូបនេះនិយាយថា មជ្ឈមណ្ឌលអវកាសនៅទីបញ្ជាការដ្ឋានទ័ពអាកាសរបស់សម្ព័ន្ធមិត្តនេះ (Allied Air Command) នឹងជួយសម្របសម្រួលសកម្មភាពក្នុងលំហអវកាសរបស់សម្ព័ន្ធមិត្ត និងផ្ដល់ការគាំទ្រដល់បេសកកម្ម និងប្រតិបត្តិការរបស់អូតង់ពីអវកាសដោយប្រើប្រាស់ទំនាក់ទំនងតាមផ្កាយរណប និងតាមរយៈរូបភាព។ លោក Stoltenberg និយាយថា ពួកគេក៏នឹងជួយការពារប្រព័ន្ធអវកាសរបស់សម្ព័ន្ធមិត្តអូតង់ តាមរយៈការចែករំលែកព័ត៌មានអំពីការគំរាមកំហែងសំខាន់ៗ។
លោក Stoltenberg បាននិយាយម្ដងហើយម្ដងទៀតថា អង្គការអូតង់គ្មានចំណាប់អារម្មណ៍លើការយកទីអវកាសធ្វើជាកន្លែងប្រតិបត្តិការយោធាទេ។ ប៉ុន្តែកាលពីថ្ងៃទី២២ ខែតុលា លោកបាននិយាយថា ការគំរាមកំហែងចំពោះប្រព័ន្ធផ្កាយរណបនិងលំហអវកាសរបស់សម្ព័ន្ធមិត្តអូតង់ ពិតជាមានមែន។
លោកថ្លែងដូច្នេះថា៖ «ជាឧទាហរណ៍ រុស្ស៊ីនិងចិនកំពុងអភិវឌ្ឍសមត្ថភាពដែលអាចបំផ្លាញប្រព័ន្ធផ្កាយរណប និងធ្វើឲ្យប្រព័ន្ធផ្កាយរណបចាប់រូបភាពលែងបាន ដែលនេះនឹងប៉ះពាល់ដល់សកម្មភាពទាំងយោធា និងស៊ីវិល នៅលើភពផែនដី»។
លោក Stoltenberg ក៏បានថ្លែងដែរថា ក្រុមរដ្ឋមន្ត្រីការបរទេសនៃអង្គការអូតង់បង្ហាញក្ដីបារម្ភអំពីការណ៍ដែលរុស្ស៊ីបានបង្កើនចំនួនគ្រាប់មីស៊ីលដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរបាន និងសារៈសំខាន់នៃការបន្តសន្ធិសញ្ញាមីស៊ីលរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក នៀម ឆេង