កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ សមាជិកអង្គការសន្ធិសញ្ញាតំបន់មហាសមុទ្រអាត្លង់ទិចខាងជើងដែលហៅកាត់ថាអង្គការអូតង់ បានប្រារព្ធខួប៧០ឆ្នាំនៃការបង្កើតអង្គការនេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដ៏ជោគជ័យនៅក្នុងការទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់សហភាពសូវៀត និងនៅក្នុងការបញ្ចុះបញ្ចូលឲ្យបណ្ដាប្រទេសដែលញាំញីដោយសារសង្គ្រាមនៅតំបន់អឺរ៉ុបខាងលិចឲ្យ បោះបង់ភាពជាសត្រូវនឹងគ្នា និងបែរមកចងសាមគ្គីភាពជាមួយនឹងគ្នា។
អ្នកវិភាគនានាបានព្រមានថា ដើម្បីឲ្យសម្ព័ន្ធនេះអាចបន្តដំណើរទៅមុខបាន បណ្ដាប្រទេសនៅទ្វីបអឺរ៉ុបត្រូវរួមចំណែកថវិកាឲ្យកាន់តែច្រើនជាងមុន និងត្រូវចែករំលែកបន្ទុកគ្នាបន្ថែមទៀត។
បន្ទាប់សហភាពសូវៀតបានដួលរលំទៅ អង្គការអូតង់ហាក់ដូចជាមានភាពស្រពិចស្រពិលអំពីតួនាទីរបស់ខ្លួន ប៉ុន្តែបន្ទាប់ពីប្រទេសរុស្ស៊ីនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin បច្ចុប្បន្ន បង្ហាញឥរិយាបថដ៏គឃ្លើនរបស់ខ្លួនសារជាថ្មីមក ករណីនេះបានប្រែប្រួល ហើយអ្នកគាំទ្រអង្គការមួយនេះបាននិយាយថា តួនាទីតាំងពីមុនមករបស់អង្គការអូតង់នៅក្នុងការធានាសន្តិសុខរួម ឥឡូវនេះគឺសំខាន់ជាងពេលណាៗទាំងអស់។
ទោះជាយ៉ាងនេះក៏ដោយ អង្គការអូតង់មានការរង្គោះរង្គើ ដោយសារតែការចោទសួរជាច្រើនលើកច្រើនសាររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីគុណតម្លៃពិតប្រាកដនៃសន្ធិសញ្ញា ឆ្លងមហាសមុទ្រអាត្លង់ទិចនេះ ក្នុងពេលជួបម្ដងម្កាលជាមួយបណ្ដាមេដឹកនាំនានានៅទ្វីបអឺរ៉ុប និងតាមរយៈការបង្ហោះសារលើបណ្ដាញសង្គម Twitter ឬក៏តាមការលើកឡើងដោយឥតព្រាងទុកនានា។
ការលាលែងតំណែងរបស់រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Jim Mattis កាលពីខែធ្នូ ឆ្នាំមុន បានបង្ហាញពីទំនាក់ទំនងរកាំរកូសរវាងរដ្ឋបាលលោកប្រធានាធិបតី Donald Trump និងបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅទ្វីបអឺរ៉ុប។
នៅក្នុងលិខិតលាលែងតំណែងរបស់លោក លោករដ្ឋមន្ត្រី Jim Mattis បាននិយាយថា «ជំនឿដ៏មុតមាំមួយដែលខ្ញុំតែងតែប្រកាន់ខ្ជាប់គឺថា ចំណុចខ្លាំងរបស់យើងក្នុងនាមជាជាតិមួយ គឺផ្សារភ្ជាប់មិនអាចកាត់ផ្ដាច់បានទៅនឹងប្រព័ន្ធសម្ព័ន្ធភាព និងភាពជាដៃគូដ៏ពិសេស និងទូលំទូលាយរបស់យើង។ ស្របពេលដែលសហរដ្ឋអាមេរិកកំពុងតែដើរតួជាប្រទេសដ៏សំខាន់បំផុតនៅក្នុងពិភពលោកសេរីបែបនេះ យើងនឹងមិនអាចការពារផលប្រយោជន៍របស់យើង ឬក៏បំពេញតួនាទីនេះឲ្យមានប្រសិទ្ធភាពបានទេ ប្រសិនបើយើងមិនអាចរក្សាសម្ព័ន្ធភាពដ៏រឹងមាំរបស់យើង និងបង្ហាញការគោរពដល់សម្ព័ន្ធមិត្តរបស់យើងនោះ»។
គេឃើញមានភាពមិនប្រាកដប្រជាមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទាក់ទងនឹងរឿងថវិកា និងអនាគតរបស់អង្គការអូតង់ ដែលជាអង្គការដែលបានបង្កើតឡើងដើម្បីផ្ដល់ការធានារបស់សហរដ្ឋអាមេរិករឿងសន្តិសុខចំពោះទ្វីបអឺរ៉ុប។
ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនទាក់ទងនឹងភាពតានតឹងបច្ចុប្បន្ននៃទំនាក់ទំនងរបស់អង្គការនេះ ផ្ដោតលើរបៀបតតាំងជាពិសេសរបស់លោកប្រធានាធិបតី Trump។ កាសែតអឺរ៉ុបបានផ្សាយអំពីការមិនទុកចិត្តរបស់លោក Trump ចំពោះអង្គការអន្តរជាតិនានា និងចង់ឲ្យប្រទេសនីមួយៗមានភាពឯករាជ្យ និងមានអំណាចដោយខ្លួនឯង ដែលអាចធ្វើការចរចាជាមួយគ្នាដោយទ្វេភាគី ជាជាងតាមរយៈអង្គការអន្តរជាតិនានា។
នៅក្នុងស្ថានការណ៍ដែលសហរដ្ឋអាមេរិកត្អូញត្អែរអំពីភាពមិនសូវអើពើរបស់ប្រទេសជាសមាជិកនានានៅទ្វីបអឺរ៉ុបនៅក្នុងការរួមចំណែកផ្នែកថវិកាដល់វិស័យយោធានៃអង្គការនេះ គេឃើញមានការខ្វែងគំនិតគ្នាកើតឡើងក្នុងចំណោមអ្នកតាក់តែងគោលនយោបាយនានានៅទ្វីបអឺរ៉ុប។
ការខ្វែងគំនិតគ្នានេះកើតឡើងរវាងអ្នកដែលអះអាងថា អឺរ៉ុបត្រូវតែពិចារណាអំពីផលប្រយោជន៍របស់សហរដ្ឋអាមេរិកឲ្យបានច្រើនជាងមុន ដើម្បីជាថ្នូរក្នុងការស្ដារទំនាក់ទំនងដែលកំពុងតានតឹង និងក្រុមមន្ត្រីនិងមេដឹកនាំដែលចង់អនុវត្តយុទ្ធសាស្ត្រ «ផ្ដោតលើអឺរ៉ុបមុន» ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រ «ផ្ដោតអាមេរិកមុន» របស់លោកប្រធានាធិបតី Trump។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទាមទារយ៉ាងខ្លាំងឲ្យទ្វីបអឺរ៉ុបមានកងទ័ពផ្ទាល់ខ្លួន និងឲ្យមានការពិភាក្សាអំពីតម្រូវការនានាដែលអាចឲ្យអឺរ៉ុបរំដោះខ្លួនចេញពីការពឹងផ្អែកផ្នែកយោធាពីសហរដ្ឋអាមេរិក។
ប៉ុន្តែ ទាំងចក្រភពអង់គ្លេស ទាំងប្រទេសអាល្លឺម៉ង់ហាក់មិនគាំទ្រលើគំនិតរបស់លោកប្រធានាធិបតី Macron ទាក់ទងនឹងការមានកងទ័ពខ្លួនឯងនេះ។ អ្នករិះគន់បាននិយាយថា ការមានកងទ័ពអឺរ៉ុបខ្លួនឯងក៏នឹងមិនអាចជំនួសវត្តមានកម្លាំងយោធារបស់អាមេរិក និងភាពចាំបាច់របស់កងកម្លាំងយោធាអាមេរិកក្នុងការការពារទ្វីបអឺរ៉ុបបានទេ។ អ្នកវិភាគផ្សេងទៀតបានលើកឡើងថា ចុងបញ្ចប់ រដ្ឋាភិបាលអឺរ៉ុបអាចនឹងបង្កើនចំណាយយ៉ាងច្រើនទៅវិញទេ។
បណ្ដាប្រទេសនៅតំបន់អឺរ៉ុបកណ្ដាលដែលនៅជិតប្រទេសរុស្ស៊ី មានជំនឿទុកចិត្តខ្លាំងលើការធានាផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ជាងការធានារបស់ប្រទេសជិតខាងនៅតំបន់អឺរ៉ុបខាងលិច។ ពួកគេបានអះអាងថា នេះដោយសារតែមូលហេតុប្រវត្តិសាស្ត្រ។
ពួកគេបានកត់សម្គាល់ថា ទោះបីជាលោកប្រធានាធិបតី Trump រិះគន់ខ្លាំងៗទៅលើបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបដែលជាសមាជិកអង្គការអូតង់ក៏ដោយ ក៏រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាពង្រីកវត្តមានយោធានៅតំបន់សមុទ្រខ្មៅ តំបន់សមុទ្របាល់ទិច និងប្រទេសប៉ូឡូញ និងគាំទ្រដល់ប្រទេសអ៊ុយក្រែននៅក្នុងជម្លោះជាមួយនឹងប្រទេសរុស្ស៊ីដដែល។
កាលពីថ្ងៃទី ១ ខែមេសា អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានប្រកាសអំពីកិច្ចព្រមព្រៀងមួយដើម្បីវិនិយោគទឹកប្រាក់ចំនួន ២៦០ លានដុល្លារអាមេរិក លើការសាងសង់ទីតាំងឃ្លាំងសម្ភារៈយោធានៅភាគកណ្ដាលប្រទេសប៉ូឡូញ ដើម្បីគាំទ្រដល់កងកម្លាំងយោធាអាមេរិកដែលមានប្រតិបត្តិការនៅតំបន់នោះ។
លោក Stoltenberg បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅទីស្នាក់ការកណ្តាលរបស់អង្គការអូតង់ក្នុងក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិកយ៉ាងដូច្នេះថា៖ «កិច្ចព្រមព្រៀងនេះនឹងផ្ដល់ថវិកាដល់ការផ្ទុក និងការថែទាំសម្ភារៈយោធាត្រៀមទុកជាមុន ដែលនឹងជួយបង្កើនភាពរឹងមាំរបស់ទ្វីបអឺរ៉ុប»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ