វ៉ាស៊ីនតោន៖ អ្នកឃ្លាំមើលការបោះឆ្នោតនៃអង្គការមួយបាននិយាយថាខ្លួននឹងប្រើប្រាស់ ប្រព័ន្ធសង្កេតការណ៍តាមបែបវិទ្យាសាស្ត្រផ្ទៀងផ្ទាត់លទ្ធផលការបោះឆ្នោតជា មួយនឹងលទ្ធផលនៃការបោះឆ្នោតដែលចេញដោយគជប ហើយនឹងវាយតម្លៃពី ស្ថានការណ៍បោះឆ្នោតផងដែរ។ នេះជាការអះអាងរបស់លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាដែលជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១២ខែកក្កដាឆ្នាំ២១០៣។
លោកថ្លែងថា អង្គការរបស់លោកនឹងដាក់ពង្រាយអ្នកសង្កេតការណ៍តែ៨២២នាក់ក្នុង ការិយាល័យបោះឆ្នោតតែ៤១១តែប៉ុណ្ណោះក្នុងចំណោមការិយាល័យជាង១ម៉ឺន ៩ពាន់ ហើយនឹងផ្តោតទៅលើគំរូរជាសំណាកដែលផ្តោតទៅលើស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោត។ លោកថ្លែងថាការគណនានេះអាច មានចំនួនល្អៀងតែ២ភាគរយទេ។ លោកថ្លែងថា ទោះជាតួលេខនេះគិតជា ភាគរយហើយមិនអាចយកជាការបានមែន តែអាចដឹងច្បាស់ពីលទ្ធផល ដឹងពីស្ថានការបោះឆ្នោតនិងគុណភាពនៃការបោះឆ្នោត។ លោកអះអាងថាពលរដ្ឋអាចទូរស័ព្ទចូលលេខ ១២៩២ បើមានបញ្ហាមិនប្រក្រតីត្រូវរាយការណ៍៕