គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃច័ន្ទនេះ បានកោះប្រជុំពិសេសដើម្បីពិភាក្សាលើដំណើរការនៃការព្យួរអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រគណបក្សជំទាស់ រួមទាំងបកស្រាយករណីដកសុពលភាពសមាជិកសភាពីលោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ ដែលកំពុងនិរទេសខ្លួននៅឯបរទេសផងដែរ។
ក៏ប៉ុន្តែកិច្ចប្រជុំជាង២ម៉ោងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលមានសមាសភាពពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានោះ មិនមានការសម្រេចអ្វីជាដុំកំភួននោះទេ ដោយសារតែរដ្ឋសភាជាតិកម្ពុជាស្ថិតក្នុងវិស្សមកាល។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋសភា។
ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាឲ្យដឹងថា ចំពោះសំណើព្យួរអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រគណបក្សជំទាស់ទាំង២នេះ គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចប្រគល់ករណីនេះទៅឲ្យគណៈកម្មការទី៦នៃរដ្ឋសភាទទួលបន្ទុកនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាសិក្សាជំនួសជាមុនសិន។
«គឺថា ឥឡូវហ្នឹងរដ្ឋសភាស្ថិតនៅក្នុងវិស្សមកាល ដូច្នេះមិនអាចប្រជុំបានទេ ហើយក៏ជាឱកាសទុកឲ្យគណៈកម្មការជំនាញសិក្សាអំពីការសុំលើកអភ័យឯកសិទ្ធិនេះគឺបញ្ជូនសំណើនេះទៅគណៈកម្មការទី៦ ដើម្បីពិនិត្យស្រាវជ្រាវ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។ ដូច្នេះ មិនទាន់បានសម្រេចបញ្ហានេះទេ»។
កិច្ចពិភាក្សាលើការព្យួរអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រទាំង២រូបនៃគណបក្សជំទាស់គឺលោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្ត្រខេត្តបាត់ដំបងនេះ គឺធ្វើឡើងតាមការស្នើសុំរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែឧសភា ដែលកោះហៅឲ្យលោកទាំងពីរចូលខ្លួនបំភ្លឺក្នុងនាម«ជាជនសង្ស័យ»ក្នុងសំណុំរឿងដែលគេនៅសង្ស័យអំពីអាស្រូវស្នេហាចម្រូងចម្រាសរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សជំទាស់ដែលកើតមានតាំងពីដើមខែមិនា។
ដោយឡែកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដដែលក៏បានពិភាក្សាទៅលើករណីផ្តល់សុពលភាព ហើយព្យួរសុពលភាពជាសមាជិកសភារបស់លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ដែរ តែការពិភាក្សានេះក៏នៅមិនទាន់មានការព្រមព្រៀងគ្នារវាងគណបក្សទាំង២ផងដែរ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា ការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅតែមានភាពខ្វះខាតជុំវិញការលើកអភ័យឯកសិទ្ធិសភា។
«ដូច្នេះយើងសុំឲ្យមានការរកឃើញបន្ថែមទាក់ទងនឹងរឿងនេះ កុំឲ្យមានការលើកអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រណាមួយ ដោយមិនមានការអនុវត្តបានពេញលេញតាមនីតិវិធី»។
លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ ដែលកំពុងនិរទេសខ្លួនក្រៅប្រទេសបានផ្អាកការវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីតុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកពីបទ«បរិហារកេរ្តិ៍ជាសាធារណៈទាក់ទងនឹងរឿងព្រំដែន និងញុះញង់ឲ្យមានការរើសអើង» កាលពីចុងឆ្នាំ២០១៥ជាដើម។
ភាពចម្រូងចម្រាសនៃនីតិវិធីព្យួរអភ័យឯកសិទ្ធិតំណាងរាស្រ្តនេះកើតមានឡើងដោយសារគណបក្សដែលមានកៅអីក្នុងសភាទាំង២ នៅតែមានជំហរផ្សេងគ្នាក្នុងការបកស្រាយច្បាប់។ គណបក្សកាន់អំណាចសំអាងលើប្រការ៤១ថ្មីនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលកំណត់ថា ការអនុម័តទាំងឡាយអាចសម្រេចបានតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រីឯគណបក្សជំទាស់លើកយកមាត្រា៨០នៃរដ្ឋធម្មនុញ្ញដែលកំណត់ថា តំណាងរាស្ត្រត្រូវបានធានាដោយអភ័យឯកសិទ្ធិសភា ឲ្យរួចផុតពីការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ហើយការព្យួរសុពលភាពសភាត្រូវមានការបោះឆ្នោតដោយមានសំឡេងគាំទ្រ២ភាគ៣។
ការព្យួរអភ័យឯកសិទ្ធិ និងការប្រើប្រាស់ប្រព័ន្ធតុលាការមកលើតំណាងរាស្ត្រគណបក្សជំទាស់ជាបន្តបន្ទាប់នេះទទួលរងការរិះគន់ពីអង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ដោយពួកគេអះអាងថា ជាសកម្មភាពគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងជាការបំបិទសំឡេងប្រឆាំងនៅកម្ពុជា មុនការបោះឆ្នោតមកដល់៕