ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​និង​ព្រឹទ្ធ​សភា​គាំទ្រ​សំណើ​កែ​ច្បាប់​ដែល​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​មន្រ្តី​បក្ស​ជំទាស់


រូបឯកសារ៖ សមាជិក​រដ្ឋសភាដែលមកពីគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំមួយ នៅរដ្ឋសភាជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/រដ្ឋសភាជាតិកម្ពុជា)
រូបឯកសារ៖ សមាជិក​រដ្ឋសភាដែលមកពីគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំមួយ នៅរដ្ឋសភាជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/រដ្ឋសភាជាតិកម្ពុជា)

រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា ​ដែល​ជា​ស្ថាប័ន​នីតិ​បញ្ញត្តិ​ក្នុង​ប្រទេស​កម្ពុជា ​បាន​បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ​លើ​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដែល​ចង់​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ ក្នុង​ការ​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​របស់​សមាជិក​គណបក្ស​ជំទាស់។​

ក្រោយ​ការ​ថ្លែង​របស់​លោក ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​អង្គារ ​អំពី​សំណើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត ​ សភា​ទាំង​ពីរ​ថ្នាក់​ គឺ​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​ បាន​ចេញ​ញត្តិ​គាំទ្រ​លើ​សំណើ​នេះ ​ដែល​មាន​គោល​ដៅ​ប្រឆាំង​នឹង​អ្នក​ដែល​មិន​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​

ក្នុង​ញត្តិ​មួយ​ចុះ​ថ្ងៃ​ទី​១៣​ ខែ​មិថុនា ​ ព្រឹទ្ធ​សភា​បាន​បង្ហាញ​ការ​គាំទ្រ​លើ​សំណើ​របស់​លោក​ ហ៊ុន សែន។​

ព្រឹទ្ធ​សភា​បញ្ជាក់​ថា៖​ «ការកែ​ទម្រង់​នេះ​ ដើម្បី​ពង្រឹង​ និង​លើក​កម្ពស់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ជាពិសេស​ដើម្បី​ឱ្យ​អនាគត​អ្នក​ដឹក​នាំ​ ទាំង​នៅ​ថ្នាក់​ជាតិ ​ទាំង​នៅ​ថ្នាក់​ក្រោម​ជាតិ​ ដែល​ត្រូវ​ជ្រើស​រើស​តាម​រយៈ​ការ​បោះឆ្នោត​ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ជាតិ​ និង​ប្រជាជន​ ហើយ​ការ​ទទួល​ខុស​ត្រូវ​នេះ ​ត្រូវ​ចាប់​ផ្ដើម​ពី​ការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​សិទ្ធិ​បោះ​ឆ្នោត​ ដែល​ជា​ករណីយ​កិច្ច​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ចំពោះ​ប្រទេស​ជាតិ​ នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ»។​

ញត្តិ​ដដែល​បញ្ជាក់​ថា៖ ​«ជា​ថ្មី​ម្តង​ទៀត ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ សូម​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ប្រសាសន៍ ​និង​ការ​ផ្តួច​ផ្ដើម​គំនិត​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នេះ​ គឺ​ដើម្បី​បុព្វ​ហេតុ​នៃ​សន្តិភាព ​ស្ថិរភាព​នយោបាយ​ នីតិរដ្ឋ​ និង​ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌»។​

លោក ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ក្រោយការ​ប្រជុំ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​១១៨​រូប​ អាច​ចូល​ធ្វើ​នយោបាយ​វិញ​បាន ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
លោក ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ក្រោយការ​ប្រជុំ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​១១៨​រូប​ អាច​ចូល​ធ្វើ​នយោបាយ​វិញ​បាន ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

អ្នកនាំ​ពាក្យ​ព្រឹទ្ធ​សភា ​លោក ​ម៉ម ប៊ុននាង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ចេញ​ញត្តិ​គាំទ្រ​នេះ ​តំណាង​ឱ្យ​ស្ថាប័ន​ព្រឹទ្ធ​សភា​ទាំង​មូល ​ដែល​លោក​ថា​ជា​ការ​ឯកភាព​ចំពោះ​ស្មារតី​ផ្តួច​ផ្តើម​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។
លោក​ថ្លែង​ថា៖​ «យើង​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​ទេ។​ យើង​មិន​ទាន់​គាំទ្រ​ដល់​ច្បាប់​ទេ​ ព្រោះ​ច្បាប់​អត់​ទាន់​បាន​ធ្វើ​វិសោធន​កម្ម​នៅ​ឡើយ​ទេ ​ គ្រាន់​តែ​ជា​គំនិត​ផ្តួច​ផ្តើម។​ យើង​គាំទ្រ​លោក ​ដើម្បី​ឱ្យ​រៀបចំ​វិសោធន​កម្ម​ច្បាប់​ហ្នឹង»។​

ក្នុង​ញត្តិ​ដាច់​ដោយ​ឡែក​មួយ​ ប៉ុន្តែ​មាន​អត្ថន័យ​ដូច​គ្នា​ រដ្ឋ​សភា​កម្ពុជា​បាន​បង្ហាញ​ការ​គាំទ្រ​គំនិត​របស់​លោក​ ហ៊ុន សែន ​ដែល​ចង់​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត។​

រដ្ឋ​សភា​បញ្ជាក់​ថា៖​ អ្នក​ដែល​មាន​បំណង​ចង់​ឈរ​ឈ្មោះ​បោះ​ឆ្នោត ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ ​របស់​ជាតិ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ ​ដោយ​ចាប់​ផ្តើម​ពី​ការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​សិទ្ធិ​បោះ​ឆ្នោត។ ​ ក្នុង​ន័យ​នេះ ​អ្នក​ដែល​មិន​បាន​បោះ​ឆ្នោត ​ដោយ​គ្មាន​មូលហេតុ​សមរម្យ​តាម​ផ្លូវ​ច្បាប់ ​នឹង​ត្រូវ​ចាត់​ទុក​ថា​បាន​បាត់​បង់​នូវ​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត»។​

អ្នក​នាំពាក្យ​រដ្ឋ​សភា ​លោក​ ឡេង ប៉េងឡុង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ចេញ​ញត្តិ​គាំទ្រ​នេះ ​គឺ​តំណាង​ដោយ​សមាជិក​សភា​ទាំង​អស់​ ក្នុង​ការ​គាំទ្រ​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​អ្នក​ដែល​អត់​មាន​ចូល​រួម​កិច្ចការ​បោះឆ្នោត​យ៉ាង​អសកម្ម​ គឺ​ថា​ យើង​មិន​គួរ​អនុញ្ញាត​ឱ្យ​ឈរ​ឈ្មោះ​អ៊ីចឹង​ទេ ​ ព្រោះ​គាត់​មិន​ចូល​រួម​យ៉ាង​សកម្ម​ផង​ហ្នឹង! អា​ហ្នឹង​គឺ​យើង​គាំទ្រ​ស្មារតី​របស់​សម្តេច​តេជោ​បាទ»។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមកដល់រដ្ឋសភាជាតិកម្ពុជា បានយាងមកដល់រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃពុធនេះ ដើម្បីចូលរួមសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ ដែលមានតែក្រុមតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមកដល់រដ្ឋសភាជាតិកម្ពុជា បានយាងមកដល់រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃពុធនេះ ដើម្បីចូលរួមសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ ដែលមានតែក្រុមតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

អ្នក​វិភាគ​នយោបាយ​លោក ​សេង សារី ​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​ អំណាច​ស្ថាប័ន​ឯករាជ្យ​ទាំង​អស់​កំពុង​ស្ថិត​ក្រោម​ការ​សម្រេច​របស់​បុគ្គល​តែ​ម្នាក់​ ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​ក្នុង​ការ​អនុវត្ត​នីតិរដ្ឋ។

លោក​ថ្លែង​ថា៖​ «យើង​ឃើញ​ហើយ​ថា​ តុលាការ​ក្ដី សភា​ក្ដី ​កង​កម្លាំង​ប្រដាប់​អាវុធ​ក្ដី​ មន្រ្តី​រាជការ​ក្ដី​ គឺ​តែង​តែ​ចេញ​ញត្តិ​គាំទ្រ​នូវ​អ្វី​ដែល​ជា​សេចក្ដី​ថ្លែង ​ឬ​ក៏​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​គ្រប់​ដំណើរ​លោក​នាយក​រដ្ឋមន្រ្តី​ចង់​បាន»។​

អ្នក​វិភាគ​នយោបាយ​រូប​នេះ​បន្ដ​ថា​ច្បាប់​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បម្រើ​នូវ​ផល​ប្រយោជន៍​រួម ​ជា​ជាង​សម្រាប់​ក្រុម ​ឬ​បុគ្គល​ណា​មួយ៕​

XS
SM
MD
LG