ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រុម​បំបែកខ្លួន​​​ក្នុង​តំបន់​ Nagorno-Karabakh ​ថា​​នឹង​រំលាយរដ្ឋាភិបាលខ្លួនចោល​​​​


រូបឯកសារ៖ មេដឹកនាំ​ក្រុមបំបែក​ខ្លួន​​ លោក​ Samvel Shakhramanyan ថ្លែងទៅកាន់សមាជិករដ្ឋសភានៅក្រុង Stepanakert នៃតំបន់ Nagorno-Karabakh កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣។
រូបឯកសារ៖ មេដឹកនាំ​ក្រុមបំបែក​ខ្លួន​​ លោក​ Samvel Shakhramanyan ថ្លែងទៅកាន់សមាជិករដ្ឋសភានៅក្រុង Stepanakert នៃតំបន់ Nagorno-Karabakh កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣។

ប្រធាន​នៃ​រដ្ឋ​បំបែក​ខ្លួន​ដែល​បាន​ប្រកាស​ដោយ​ខ្លួន​ឯង ក្នុង​តំបន់ Nagorno-Karabakh ​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ស្ថាប័ន​របស់​ខ្លួន​នឹង​ត្រូវ​រំលាយ​ចោលលែង​មានតទៅ​ទៀត​ចាប់​ពីចុង​ឆ្នាំ​នេះ​តទៅ​ ខណៈ​ពេល​ដែលជនជាតិ​ភាគតិច​អាមេនី​រាប់ពាន់នាក់​ កំពុង​រត់ពី​តំបន់​នេះ​ចូល​ទៅ​ក្នុង​ប្រទេស​អាមេនី។

ក្រិត​មួយ​ដែល​ចេញដោយ​មេដឹកនាំ​ក្រុមបំបែក​ខ្លួន លោក​ Samvel Shakhramanyan​ ​ត្រូវ​បាន​ធ្វើ​ឡើងក្រោយ​ពី​មានប្រតិបត្តិការ​វាយប្រហារកាល​ពី​សប្តាហ៍​មុន​ ដោយកងកម្លាំងប្រទេស​អាស៊ែបៃហ្សង់​ ដើម្បីយក​តំបន់​នេះ​មក​គ្រប់គ្រងឡើង​វិញ។

ក្រុម​អាជ្ញាធរ​អាមេនី​និយាយ​ថា ​ជន​ជាតិ​ភាគតិច​អាមេនី​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ ១២០.០០០​ នាក់​ ដែល​បាន​រស់​នៅ​ក្នុង​តំបន់​ Nagorno-Karabakh ​នោះ​ បាន​ឆ្លង​ទៅ​ប្រទេស​អាមេនី ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ការ​ចាក​ចេញយ៉ាង​គំហុក​នៃ​ជនជាតិ​អាមេនី​ពី​តំបន់​នេះ​ បាន​ចាប់​ផ្តើមកាល​ពី​ថ្ងៃ​សុក្រ​ និង​ធ្វើ​ឱ្យ​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រទេស​អាមេនី មានរថយន្ត​កកស្ទះ​យ៉ាង​ខ្លាំង ដោយ​ពួកគេ​បារម្ភ​ខ្លាច​មាន​ការ​សងសឹក បើ​ទោះបីមាន​ការ​សន្យា​ពី​ខាង​ប្រទេស​អាស៊ែបៃហ្សង់ ដើម្បី​គោរព​សិទ្ធិពលរដ្ឋ​អាមេនី​ក្នុង​តំបន់នេះក្តី។

ក្រុម​អាជ្ញាធរ​ក្នុង​ប្រទេស​អាស៊ែបៃហ្សង់កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចោទ​ប្រកាន់អតីត​មេដឹកនាំ​ក្រុម​បំបែក​ខ្លួន​ លោក​ Ruben Vardanyan ​ថា​ បានផ្តល់​លុយ​សម្រាប់​ធ្វើ​ភេរវកម្ម​និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់។

ការ​ចោទប្រកាន់​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពីទី​ភ្នាក់ងារ​ព្រំដែន​រដ្ឋ​របស់ប្រទេស​អាស៊ែបៃហ្សង់​ បាន​ចាប់ខ្លួន​លោក​ Vardanyan និង​នាំ​ទៅ​កាន់​រដ្ឋធានី​បាគូ​របស់​ប្រទេស​នេះ។

លោក​ Vardanyan មាន​ភាពជោគជ័យ​ខ្លាំងក្នុង​ប្រទេស​រុស្ស៊ី ដោយ​បាន​ក្លាយ​ជាម្ចាស់​ធនាគារវិនិយោគ​ដ៏​ធំ​មួយ។​ ​លោក​បាន​ផ្លាស់​ទៅ​រស់​នៅក្នុង​តំបន់​ Nagorno-Karabakh ក្នុង​ឆ្នាំ​ ២០២២​ ​និង​បាន​ក្លាយ​ជាប្រមុខ​រដ្ឋាភិបាល​នៅ​ទី​នោះ រហូត​ដល់​លោក​បាន​ចុះ​ចេញ​ពី​តំណែងកាល​ពី​ដើម​ឆ្នាំ ២០២៣​ នេះ។​

តំបន់​ Nagorno-Karabakh ស្ថិត​ក្នុង​ទឹក​ដី​អាស៊ែបៃហ្សង់​ ប៉ុន្តែនៅ​ក្រោមការគ្រប់គ្រងរបស់​ជនជាតិ​ភាគតិច​អាមេនី​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៤​ មក​ រហូត​ដល់ផ្នែក​ខ្លះ​នៃ​តំបន់​នេះ​ ត្រូវ​បាន​យក​មក​គ្រប់គ្រង​ឡើង​វិញ​ដោយប្រទេស​អាស៊ែបៃហ្សង់ ក្នុង​សង្គ្រាមមួយ​ កាល​ពី​ឆ្នាំ​ ២០២០៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG