គណបក្សប្រឆាំងធំជាងគេរបស់ប្រទេសមីយ៉ាន់ម៉ា គឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (National League for Democracy) បានប្រមូលស្នាមមេដៃប្រជាពលរដ្ឋចំនួន ៣ លាននាក់រួចរាល់ហើយ ក្នុងគោលដៅដើម្បីដាក់ញត្តិ អំពាវនាវឲ្យលុបចោល សិទ្ធិនៃការធ្វើវេតូរបស់ក្រុមទាហាន ចេញពីច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសមីយ៉ាន់ម៉ា ដែលមានចែងក្នុងមាត្រា៤៣៦។
នៅប្រទេសមីយ៉ាន់ម៉ាឬភូមា កាលពីដើមសប្ដាហ៍មុននេះ មេដឹកនាំគណបក្សប្រឆាំងលោកស្រី Aung San Suu Kyi បានថ្លែងប្រាប់ហ្វូងអ្នកគាំទ្រមួយក្រុមអំពីសារៈសំខាន់នៃចំណាត់ការនេះចំពោះប្រទេសមីយ៉ាន់ម៉ា។
លោកស្រី Aung San Suu Kyi ថ្លែងថា៖ «ប្រសិនបើយើងមិនធ្វើការកែប្រែរដ្ឋធម្មនុញ្ញមាត្រា៤៣៦ ទេនោះ វាមានន័យថា ក្រុមទាហាននឹងនៅតែបន្តមានសិទ្ធិធ្វើវេតូ(Veto) លើអ្វីដែលគេអាចឬមិនអាចកែប្រែបាន។ ហើយខ្ញុំគិតថា អ្នកដែលមានសិទ្ធិធ្វើដូច្នោះគឺគួរតែជាអ្នកតំណាងរាស្ត្រដែលកើតចេញពីការជាប់ឆ្នោត នឹងគាំទ្រដោយប្រជាពលរដ្ឋ។»
យោងតាមមាត្រា ៤៣៦ នៃច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសមីយ៉ាន់ម៉ាចែងថា ដើម្បីអាចធ្វើវិសោធនកម្មច្បាប់ណាមួយ សភាត្រូវការសំឡេងគាំទ្រយ៉ាងតិច ៧៥% ដែលមានន័យថាមាត្រានេះ បានផ្ដល់សិទ្ធិវេតូទៅឲ្យក្រុមទាហាន ដែលក្ដោបក្ដាប់សំឡេងមួយភាគបួនក្នុងសភារួចជាស្រេចទៅហើយ។
យុទ្ធនាការនៃការប្រមូលស្នាមមេដៃដើម្បីដាក់ញត្តិនេះ នឹងបញ្ចប់នៅថ្ងៃទី១៩ខែកក្កដាខាងមុខ។
លោក Ko Ni ទីប្រឹក្សាច្បាប់របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយលោកក៏មានតួនាទី នៅក្នុងគណៈកម្មាធិការវិសោធនកម្មរបស់គណបក្សនេះដែរ។ លោកទទួលស្គាល់ថា វាពិតជារឿងដ៏លំបាកមួយ សម្រាប់គណបក្សរបស់លោក ក្នុងការទាមទារឲ្យគេយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រា ៤៣៦ ពីព្រោះ គណបក្សរបស់លោកមានអាសនៈត្រឹមតែ ៧%ប៉ុណ្ណោះក្នុងរដ្ឋសភា។
ទីប្រឹក្សាដដែលសង្ឃឹមថា យុទ្ធនាការប្រមូលហត្ថលេខារបស់ប្រជាពលរដ្ឋនឹងក្លាយជាកម្លាំងចលករមួយក្នុងការជំរុញឲ្យមានការកែប្រែ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ចង់មិនចង់វានៅតែត្រូវការសំឡេងគាំទ្រពីមន្ត្រីយោធាមួយចំនួនដែលមានឆន្ទៈចង់ងាកចេញពីសមាជិកសភាក្រុមយោធា។
លោក Ko Ni ថ្លែងដូច្នេះថា៖ «ខ្ញុំគិតថា វាជារឿងដែលមិនអាចទៅរួចទេ ក៏ប៉ុន្តែយើងឃើញសំពាធពីប្រជាពលរដ្ឋ ដែលចង់ឲ្យមានកែប្រែមានកាន់តែច្រើន។ ប្រសិនបើពួកគេពិតជាគោរពឆន្ទៈរបស់ពលរដ្ឋ ពួកគេប្រហែលជាអាចយល់ព្រម ធ្វើវិសោធនកម្មលើមាត្រានោះ។ ប្រសិនបើគេមិនហ៊ានទេនោះ យុទ្ធនាការរបស់យើងទំនងជាមិនបានជោគជ័យទេ។»
លោក Ko Ni បន្ថែមថា បើទោះបីជាសំណើធ្វើវិសោធនកម្មអាចឆ្លងផុតសភាដោយសំឡេងភាគច្រើន ៧៥%យ៉ាងណាក្ដី វាត្រូវការសំឡេងគាំទ្រយ៉ាងតិច ៥១% ទៀត ពីការធ្វើប្រជាមតិទូទាំងប្រទេស មុននឹងគេអាចដកចេញសិទ្ធិធ្វើវេតូ របស់ក្រុមទាហានបាន។
ចាប់តាំងពីរដ្ឋាភិបាលរបស់លោក Thein Sein បានចូលកាន់អំណាចចាប់តាំងពីឆ្នាំ២០១០ មក រដ្ឋាភិបាលនេះបានរងការរិះគន់ថា ជារដ្ឋាភិបាលស៊ីវិលដែលមានតែឈ្មោះ និងកើតចេញដោយការលើកបន្តុបដោយក្រុមយោធា។ ជាឧទាហរណ៍ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញត្រូវសុំការអនុញ្ញាតពីយោធា។
ថ្លែងនៅក្នុងបណ្ឌិតសភា យោធានៅរដ្ឋធានីណៃពិដោ (Naypyitaw) កាលពី ចុងខែមិថុនាលោក ឧត្ដមសេនីយ៍ទោរបស់សហរដ្ឋអាមេរិក Anthony Crutchfield ថ្លែងទៅកាន់មន្ត្រីយោធាថា កងកម្លាំងយោធាដែលមានវិជ្ជាជីវៈត្រឹមត្រូវ គឺចាំបាច់ត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីវិល មិនមែនបញ្ច្រាសពីនេះទេ។
ក្រុមមេដឹកនាំយោធាភាគច្រើនតែងពន្យល់ថា អំណាចនយោបាយរបស់ខ្លួនសំខាន់ដើម្បីទប់ស្កាត់ភាពចលាចលនៅក្នុងប្រទេស។ ប៉ុន្តែលោក David Law សាស្ត្រាចារ្យច្បាប់និងវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន បានហៅការអះអាងបែបនេះថា ជាលេសបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ទោះបីជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមរយៈផ្លូវច្បាប់មានការលំបាកខ្លាំងយ៉ាងណាក្តី ក៏លោក Law បញ្ជាក់ថា គេនៅមានវិធីផ្សេងៗទៀតដើម្បីបញ្ចៀសការលំបាកទាំងនោះ ដូចជា តាមរយៈតុលាការធម្មនុញ្ញ ការធ្វើប្រជាមតិថ្មី ឬតាមសេចក្ដីសម្រេចរបស់តុលាការ។ ក៏ប៉ុន្តែលោកព្រមានថា ការព្យាយាមដកហូតអំណាច ពីក្រុមយោធាប្រញាប់ប្រញាល់ពេកនោះ អាចនឹងនាំឲ្យមានគ្រោះថ្នាក់វិញ។
លោក David Law ថ្លែងថា៖ «ប្រសិនបើពួកគេមិនមានអាសនៈនៅក្នុងសភា នោះគ្រោះថ្នាក់ផ្សេងវិញត្រង់ថា សភាអាចធ្វើការសម្រេចតែឯង ដែលអាចនាំឲ្យក្រុមយោធាធ្វើរដ្ឋប្រហារ។ សំណួរសួរថា តើអ្នកអាចបង្កើតប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមួយ ដែលធ្វើយ៉ាងណាកុំឲ្យក្រុមទាហាន អាចមានសមត្ថភាព ឬការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល(ស៊ីវិល)របស់អ្នក។»
ជំហានបន្ទាប់ សម្រាប់ការស្នើសុំធ្វើវិសោធនកម្មមាត្រា ៤៣៦នេះ គឺត្រូវរង់ចាំគណៈកម្មាធិការរដ្ឋសភាប្រទេសមីយ៉ាន់ម៉ារៀបចំជាសេចក្ដីព្រាង និងដាក់ចូលក្នុងកិច្ចប្រជុំសភាពេញអង្គ ដែលគេរំពឹងទុកថានឹងអាចចាប់ផ្ដើមមុនដំណាច់ខែកក្កដានេះ៕