ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឈោង​ចាប់​ដៃ​​ផ្នែក​យោធា​ត្រូវបានចាត់​ទុក​ថា​ជា​ជំហាន​ថ្មី​​ ក្នុង​ការ​ទាក់​ទង​ជាមួយនឹង​​ភូមា


​​​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដែលមាន​ឈ្មោះ​ថា​ពស់​មាស ឬ​ជាភាសា​អង់គ្លេសថា Cobra Gold
​​​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដែលមាន​ឈ្មោះ​ថា​ពស់​មាស ឬ​ជាភាសា​អង់គ្លេសថា Cobra Gold
ប្រែសម្រួល​ដោយ ឌី ខាំបូលី
ប្រទេស​ភូមា​ អាចត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​សង្កេត​មើល​ពី​ការ​ធ្វើ​សមយុទ្ធយោធា​ពហុភាគី​យ៉ាង​ធំ​បំផុត នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​(Asia-Pacific) ជា​លើក​ដំបូង។ ការអញ្ជើញ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​របស់​អន្តរជាតិ​ចំពោះ​កំណែទម្រង់​នយោបាយ​រ​បស់​រដ្ឋាភិបាល។
មន្ទីរ​បញ្ចកោណ ថ្លែងថា ខ្លួន​គាំទ្រ​ផែនការ​របស់​ប្រទេស​ថៃ ក្នុង​ការអញ្ជើញប្រទេស​ភូមា ឱ្យ​មក​សង្កេតមើល​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដែលមាន​ឈ្មោះ​ថា​ពស់​មាស ឬ​ជាភាសា​អង់គ្លេសថា Cobra Gold ជាលើកដំបូង។ កងទ័ព​ជាង​មួយម៉ឺន​នាក់​មកពី​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍ ចូលរួម​ជារៀងរាល់​ឆ្នាំ​នៅក្នុង​ប្រទេស​ថៃ ដែល​ជា​សមយុទ្ធ​យោធា​ពហុភាគី​ធំជាងគេ​បង្អស់​នៅក្នុង​តំបន់។
លោក ចន ប្លាក្សឡែន (John Blaxland) គឺជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ នៅឯ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្ត​និង​ការពារជាតិ (Strategic and Defense Studies Centre) នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី (Australian National University)។ លោក​និយាយ​ថា ការចូលរួមផ្នែក​យោធា មាន​សារសំខាន់ដើម្បី​សម្រេចឱ្យបាន​នូវ​រដ្ឋប្រជាធិបតេយ្យ និង​ដែលមាន​ទំនោរ​ទៅរក​ទីផ្សារមួយ នៅក្នុង​ប្រទេស​ភូមា ពីព្រោះ​ក្រុម​យោធា គឺជា​ស្ថាប័នសំខាន់នៅក្នុង​ប្រទេស​នេះ។ លោក​ថ្លែង​ទៀតថា ការអញ្ជើញនេះមានន័យ​ស្មើ​នឹងការគោរព​មួយចំពោះក្រុម​យោធា ដែល​ត្រូវបានដាក់​ឱ្យនៅ​ឯកោរ​ពី​ប្រទេសជិត​ខាង​របស់​ខ្លួន ហើយ​ថា​ការចូលរួម​ក្នុង​សមយុទ្ធ​នេះ ទោះបី​ក្នុង​ឋានៈ​ជា​អ្នក​សង្កេតការ​ក្តី គឺមាន​សារសំខាន់​ចំពោះ​ស្ថិរភាព​នៅក្នុង​តំបន់។
អាជ្ញាធរ​នៅក្នុង​ប្រទេស​ភូមា ច្បាស់ជាចង់ធ្វើ​ឱ្យមាន​ភាព​ខុសប្លែក​គ្នាសម្រាប់ទំនាក់ទំនង​សន្តិសុខ​ជាយុទ្ធសាស្រ្ត​របស់​ខ្លួន។ ពួកគេ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធជាមួយ​ប្រទេស​ចិន នៅក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ថ្មីៗ​នេះ។ ប្រទេស​ឥណ្ឌា​ចាប់ផ្តើម​ធ្វើ​ទំនាក់ទំនង។ ពួកគេគឺជា​ផ្នែក​មួយ​នៃសមាគមន៍​ប្រជាជាតិអាស៊ី​អគ្នេយ៍ ហៅកាត់ថា​អាស៊ាន។ ដូច្នេះ ការបើក​ឱកាស​ឲ្យ​ចូលរួម​ក្នុង​សមយុទ្ធយោធា ពស់មាសនេះ​ គឺ​ពិតជា​ជំហាន​ដ៏មាន​សារសំខាន់​មួយ។ ដូច្នេះ សម្រាប់ភូមា​ដែល​ទទួលបាន​ឋានៈ​ជាអ្នក​សង្កេតការ វា​មិនមែន​ជា​ជំហាន​ទៅមុខយ៉ាង​ធំ​ធេងនោះទេ ប៉ុន្តែគ្រាន់​តែជាជំហាន វិជ្ជមាន​មួយ សម្រាប់​ភូមា ដើម្បី​ចេញពី​កន្លែង​ឯកោ​របស់​ខ្លួន​នេះ។
កាល​ពី​ពេល​ថ្មីៗនេះ សហរដ្ឋអាមេរិក​ បាន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​បាន​ចាត់វិធានការ​ផ្សេងៗ​ទៀត ដើម្បីចូលរួម​ជាមួយភូមា ដែល​រួមមាន​ទាំង ការ​ធ្វើដំណើរ​ទស្សនកិច្ច​នៅក្នុង​សប្តាហ៍​នេះ របស់​គណៈប្រតិភូ​យោធា​និង​សិទ្ធិមនុស្ស។
សហរដ្ឋអាមេរិក​និង​ភូមា មាន​ទំនាក់ទំនង​យោធា​រហូត​ដល់ទសវត្ស​ឆ្នាំ​១៩៨០ ហើយ​រួមមានការផ្លាស់ប្តូរ​ការហ្វឹកហ្វឺន និង​ការលក់​អាវុធ​និង​សម្ភារៈ​ផ្គត់ផ្គង់ថែម​ទៀត​ផង។ ប៉ុន្តែ បន្ទាប់ពី​រដ្ឋាភិបាល​យោធា​ភូមា វាយកម្ទេច​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​មួយ ដែល​ដឹកនាំ​ដោយ​ក្រុមនិស្សិត​នៅក្នុង​ឆ្នាំ​១៩៨៨ ទំនាក់ទំនងផ្នែក​យោធា​ភាគច្រើន​រវាង​ប្រទេស​ទាំងពីរ បាន​ផ្តោត​ទៅលើ​វិធានការ​ប្រឆាំង​ការជួញដូរថ្នាំញៀន​ ណាកូទិក ឬ​ការ​ស្វែងរក​ឆ្អឹង​របស់​កងទ័ព ដែលបានស្លាប់​នៅក្នុង​សង្រ្គាម​លោក​លើកទីពីរ។
លោក ទីន មួងមួងថាន (Tin Maung Maung Than) ដែល​ជា​សាស្រ្តាចារ្យ​នៃ​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​ពី​អាស៊ីអគ្នេយ៍​ (Institute of Southeast Asian Studies) នៅក្នុង​ប្រទេស សឹង្ហបូរី (Singapore) ចាត់ទុក​ការ​ចូលរួមផ្នែក​យោធានេះ​ ថាជា​ការពង្រីក​ជា​ធម្មតា​មួយ​សម្រាប់​ការចូលរួមរបស់​ផ្នែកស៊ីវិល និង​ជា​ការព្យាយាម​ធ្វើឲ្យ​មាន​តុល្យភាព​នៃដែនឥទ្ធិពលរបស់​ចិន។
«សហរដ្ឋអាមេរិក​តែងតែ​ផ្សាភ្ជាប់​ជាមួយ​ក្រុមកង​ទ័ព​ទាំងឡាយ នៅក្នុង​តំបន់​អាស៊ីអគ្នេយ៍ នៅក្នុង​ការសន្មត់មួយថា ពួកគេ​ក៏ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នេះ ការ​ធ្វើឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិមនុស្សជាដើម។ កងទ័ពអាច​ជា​តួអង្គ​មួយ ដែល​អាច​ពន្លឿន​ឬ​បំផ្លាញ​ដំណើរការ​កំណែ​ទម្រង់។ ជាថ្មី​ម្តងទៀត ផុស​ចេញ​ពី​ភាគី​ភូមា​វិញ​ ប្រទេស​នេះ​កំពុង​រក្សា​ទស្សន​របស់​ខ្លួនឱ្យ​បើកចំហរនៅ​ឡើយ។ ខ្លួនកំពុង​ផ្សាភ្ជាប់​ជាមួយ​អ្នក​ផ្សេងៗ​ទៀត​នៅក្នុង​សហគម​អន្តរជាតិ។ ការព្រមាន​មួយ​គឺថា ខ្លួនមិនចង់​ធ្វើឱ្យ​ចិន​មិន​សប្បាយ​ចិត្តនោះ​ឡើយ»។
ប៉ុន្តែ ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ព្រមាន​ចំពោះ​ការផ្សាភ្ជាប់​ជាមួយ​ពួកក្រុម​យោធា​ឆាប់​រហ័ស​ពេក​។ លោក​ ម៉ាធូ ស្មីត (Matthew Smith) ដែល​ជា​អ្នក​ស្រាវជ្រាវ​ភូមា​សម្រាប់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) និយាយ​ថា ពួកយោធា​បន្តប្រព្រឹត្តអំពើរំលោភ​បំពាន ជាពិសេស​នៅតាមតំបន់​ជាប់​ព្រំដែន ដែល​នៅទីនោះ កងជីវពលរបស់​ក្រុមជនជាតិ​ភាគតិច​កំពុង​តែមាន​ភាពសកម្ម។ លោក​និយាយ​ថា វាជា​រឿង​ឆោតល្ងង់​ក្នុង​ការជឿ​ថា ពួកយោធា​អាច​ត្រូវបាន​ធ្វើឱ្យមាន​វិជ្ជាជីវៈ​តាមរយៈ​ទំនាក់​ទំនង​នេះ​។
«ចំណុច​សំខាន់​មួយ​ដែល​ត្រូវការ​ឱ្យមាន​ការចាប់អារម្មណ៍ គឺថាការទទួល​ខុសត្រូវចំពោះ​អំពើ​រំលោភ​បំពាន​ទាំងឡាយ ដែល​បាន​កើតមាន​ឡើង ហើយ​ការបង្កើន​ទំនាក់ទំនង​រវាង​ក្រុម​យោធា​ភូមា ​និង​ក្រុម​យោធា​ផ្សេងៗ​ទៀត នឹង​មិនមាន​ភាព​ចាំបាច់​សម្រាប់​ការផ្លាស់ប្តូរ​នេះ​ទេ។ ប្រសិន​បើ​យើង​ពិត​ជាបាន​មើលឃើញ​ចលនា​ឆ្ពោះ​ទៅរកការទទួលខុសត្រូវចំពោះការរំលោភបំពាន ដែល​ត្រូវបាន​ចងក្រង​ជា​ឯកសារ​បាន​យ៉ាងត្រឹមត្រូវ​ នោះអាច​ជា​សញ្ញា​នៃ​ការ​ផ្លាស់ប្តូរជាវិជ្ជមាន និង​កំណែ​ទម្រង់ជា​វិជ្ជមាន នៅក្នុង​ក្រុមយោធា ប៉ុន្តែ យើង​មិនទាន់​បាន​ឃើញ​រឿង​នេះ​នៅឡើយ​ទេ»។
រដ្ឋាភិបាល​ភូមា ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​រដ្ឋាភិបាលពោរពេញ​ទៅ​ដោយ​ការសង្កត់សង្កិន​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក​ អស់​រយៈពេល​ពីរ​ទសវត្សរ៍​មកហើយ បាន​ចាប់ផ្តើមធ្វើកំណែទម្រង់នយោបាយ​ជា​បន្ត​បន្ទាប់​ កាល​ពីពីរ​ឆ្នាំ​កន្លងទៅ​នេះ ដែល​រួមមាន ការអនុញ្ញាត​ឱ្យ​លោក​ស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដែល​ជាឥស្សរជនប្រឆាំង​នាំមុខគេ​ ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ចូល​ទៅក្នុងសភា។ ការផ្លាស់ប្តូរផ្សេងៗ​ទៀត​រួមមាន ការដោះលែង​អ្នកទោស​នយោបាយ​មួយចំនួន និង​ការបើក​ចំហរ​សេដ្ឋកិច្ចរបស់​ប្រទេស​នេះ​ជាបណ្តើរៗ​ សម្រាប់​ការ​វិនិយោគ​បរទេស។ ទោះ​ជា​យ៉ាង​នេះក្តី ពួកយោធា​គ្រប់គ្រង​សភា ហើយ​រក្សា​បាន​នូវកម្លាំង​យ៉ាង​រឹង​មាំ​ ​នៅក្នុង​ប្រទេស។ ក្រុមនេះ​ក៏បន្ត​វាយប្រហារ​ទៅលើ​ក្រុម​បះបោរ​ជនជាតិ​ភាគតិច​មួយចំនួន​នៅក្នុង​ប្រទេស​ផងដែរ៕
XS
SM
MD
LG