លោកស្រី អង់សាន ស៊ូជី បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃប្រទេសភូមាត្រូវការកែប្រែដើម្បីធ្វើឱ្យអតីតប្រទេសជាតិនេះដែលធ្លាប់គ្រប់គ្រងដោយពួកយោធាក្លាយទៅជា«សហភាពសហព័ន្ធប្រជាធិបតេយ្យ»មួយដោយពិតប្រាកដ។
ជ័យលាភីរង្វាន់ណូបែលរូបនេះនិងជាប្រមុខរដ្ឋតាមព្រឹត្តន័យបានថ្លែងជាថ្មីទៀតអំពីការប្តេជ្ញារបស់លោកស្រីថា នឹងសើរើរដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិនៅក្នុងសុន្ទរកថាមួយផ្សាយតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិកាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃគោលដៅរបស់លោកស្រីក្នុងការធ្វើឱ្យប្រាកដប្រជាអំពី«ការផ្សះផ្សាជាតិ» ដោយមានរួមបញ្ចូលការប្រព្រឹត្តស្មើៗគ្នាទៅលើពួកជនមានអំបូរពូជសាសន៍ផ្សេងៗគ្នារបស់ប្រទេសភូមា។
ប្រទេសភូមាមានបញ្ហាច្រើនបណ្តាលមកពីការបះបោរដោយពួកជនមានអំបូរផ្សេងៗគ្នាចាប់តាំងពីប្រទេសនេះបានទទួលឯករាជ្យពីប្រទេសអង់គ្លេសកាលពីឆ្នាំ១៩៤៨មក។
រដ្ឋធម្មនុញ្ញបច្ចុប្បន្នបានត្រូវតាក់តែងដោយក្រុមប្រឹក្សាយោធាដែលបានគ្រប់គ្រងប្រទេសភូមាយូរយាមកហើយ នៅមុនពេលពួកនេះប្រគល់អំណាចកាលពីឆ្នាំ២០១១ ទៅឱ្យរដ្ឋាភិបាលពាក់កណ្តាលស៊ីវិលមួយ។ ក៏ប៉ុន្តែ ក្រុមយោធាបានផ្តល់ឱ្យខ្លួនឯងនូវ២៥ភាគរយនៃអាសនៈទាំងអស់ក្នុងសភារួមទាំងតំណែងរដ្ឋមន្ត្រីសំខាន់ៗ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារប្រទេស ដែលជាការគ្រប់គ្រាន់ដើម្បីផ្តល់ឱ្យពួកគេនូវអំណាចវ៉េតូដល់សំណើណាមួយស្តីពីការកែប្រែរដ្ឋធម្មនុញ្ញ៕