ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មីយ៉ាន់ម៉ា​ជ្រើស​តាំង​បេក្ខជន​៣​រូប​​សម្រាប់​តំណែង​ជា​ប្រធានាធិបតី


លោក Htin Kyaw (រូប​កណ្តាល) ត្រូវ​បាន​តែងតាំង​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ធ្វើ​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី។
លោក Htin Kyaw (រូប​កណ្តាល) ត្រូវ​បាន​តែងតាំង​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ធ្វើ​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី។

លោក U Htin Kyaw ដែល​ជា​ជំនួយការ​ជាន់​ខ្ពស់ ​និង​ជា​មិត្តភក្តិ​យូរ​អង្វែង​របស់​លោក​ស្រី អង់សាន ស៊ូជី ត្រូវ​បាន​ជ្រើសតាំង​ដោយ​សភា​ជាន់​ទាប​ដែល​ដឹកនាំ​ដោយ​គណបក្សសម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ និង​លោក Henry Van Thio ​តំណាងរាស្រ្ត​នៃ​គណបក្ស​ដដែល​នេះ​ ដែល​ជា​ជនជាតិ​ភាគតិច Chin ត្រូវ​បាន​ជ្រើសតាំងដោយ​សភា​ជាន់​ខ្ពស់ដើម្បី​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​៣​នាក់​សម្រាប់​តំណែង​ជា​ប្រធានាធិបតី។

ប្រធានាធិបតី​នឹង​ត្រូវ​បាន​ជ្រើសរើស​ពី​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសតាំង​ ហើយ​បេក្ខជន​ដែល​ចាញ់​ឆ្នោត​នឹង​ក្លាយ​ទៅ​ជា​អនុប្រធានាធិបតី។ ប៉ុន្តែ​ពួក​យោធា​នៅ​មិន​ទាន់​ជ្រើសតាំង​បេក្ខជន​របស់​ខ្លួន​នៅ​ឡើយ​ទេ​ ហើយ​គេ​សង្ឃឹម​ថា ពួក​យោធា​នឹង​ប្រកាស​ពី​បេក្ខជន​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក U Hla Htay Win តំណាងរាស្រ្ត​ខាង​គណបក្ស​សហភាព​សាមគ្គីភាព​ និង​អភិវឌ្ឍន៍​បាន​មាន​ប្រសាសន៍​ថា ពួកគេ​គ្រាន់​តែ​ជ្រើសតាំង​បេក្ខជនដើម្បី​សហការក្នុង​ដំណើរការ​ជ្រើសរើស​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ។ បេក្ខជន​ជ្រើសតាំង​របស់​ពួកគេ​មាន​ដូច​ជា លោក​ Sai Mauk Kham ដែល​ជា​អនុប្រធានាធិបតី​នា​ពេល​បច្ចុប្បន្ន និង​លោក U Khin Aung ដែល​ជា​អតីត​ប្រធាន​សភា​ជាន់​ខ្ពស់។

លោកស្រី​ អង់សាន ស៊ូជី ក៏​បាន​ចេញ​ផ្សាយ​លិខិត​ជា​ផ្លូវ​ការ​មួយ ដោយ​បាន​ពន្យល់​ថា​ស្ថានភាព​នេះ​នឹង​មិន​អាច​បំពេញ​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាជន​នោះ​ទេ ហើយ​លោកស្រី​បាន​ស្នើ​ឲ្យ​សាធារណជន​យោគយល់​អំពី​ស្ថានភាព​នេះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោកស្រី អង់សាន ស៊ូជី ក៏​បាន​ជួប​ជាមួយ​ក្រុម​តំណាងរាស្រ្ត​ខាង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​ពន្យល់​អំពី​មូលហេតុ​ដែល​លោកស្រី​ជ្រើសរើស​បេក្ខជន​ទាំង​២​រូប​នេះ។ លោក U Hla Tun Kyaw តំណាងរាស្រ្ត​ខាង​គណបក្ស​ជាតិ Arakan បាន​ថ្លែង​ប្រាប់​ VOA ភាសា​ភូមា​ថា ពួកគេ​ចង់​ឲ្យ​មាន​បេក្ខជន​ជនជាតិ​ភាគ​តិច​ខាង​គណបក្ស​នយោបាយ​របស់​ក្រុម​ជនជាតិ​ភាគ​តិច មិន​មែន​បេក្ខជន​ខាង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។ ហើយ​លោក​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ជ្រើសរើស​នេះ។ ​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក U Sai Wan Hlaing Kham ខាង​គណបក្ស​សម្ព័ន្ធ​ជាតិ​Shan​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​បេក្ខជន​មក​ពី​ក្រុម​ជនជាតិ​ភាគ​តិច​តែ​ម្នាក់​សម្រាប់​តំណែង​ជា​អនុប្រធានាធិបតី​នឹង​មិន​មាន​ន័យ​ថា អាច​សម្រេច​បាន​នូវ​ការ​ផ្សះផ្សា​ជាតិ​ក្នុង​ចំណោម​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ផ្សេងៗ​គ្នា​នោះ​ទេ៕

XS
SM
MD
LG