ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​រុស្ស៊ី​កាន់​តែ​ច្រើន​រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ ​ខណៈ​សេដ្ឋកិច្ច​កាន់​តែ​រួម​តូច


ពេល​កំពុង​ស្ទួច​ត្រី​ នៅ​តំបន់​ Finnish Gulf ភាគ​ខាង​លិច​ទីក្រុង​ St.Petersburg ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​មីនា​ ឆ្នាំ​២០១៦។​
ពេល​កំពុង​ស្ទួច​ត្រី​ នៅ​តំបន់​ Finnish Gulf ភាគ​ខាង​លិច​ទីក្រុង​ St.Petersburg ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​មីនា​ ឆ្នាំ​២០១៦។​

វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​កំពុង​រុញ​ច្រាន​មនុស្ស​រាប់​លាន​នាក់​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ ខណៈ​ពេល​ដែល​ការចំណាយ​លើ​ការ​រស់​នៅ​កើន​ឡើង​ ហើយ​ប្រាក់​បៀវត្សរ៍​​ធ្លាក់​ចុះ។​ នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​រុស្ស៊ី​ បុគ្គលិក​ធ្វើ​ការ​ផ្នែក​សង្គម​និង​សប្បុរសធម៌​កំពុង​ជួយ​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់។​

ផ្ទះ​បាយ​ដ៏​តូច​មួយ​របស់​កង​ទ័ព​សង្គ្រោះនៅ​ក្នុង​ទីក្រុង​មូស្គូ ​មាន​ពេញ​ណែន​ទៅ​ដោយ​មនុស្ស​ដែល​ជួប​ភាព​ស្រេក​ឃ្លាន។ មាន​ជន​ជាតិ​រុស្ស៊ី​ជាង​២០​លាន​នាក់ ​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រី​ក្រ​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​ ហើយ​តម្លៃ​សម្លៀក​បំពាក់​និង​ម្ហូប​អាហារ​កំពុង​កើន​ឡើង។​ ពលករ​ចំណាក​ស្រុក​គឺ​ជា​ក្រុម​ដែល​រងគ្រោះ​ខ្លាំង​បំផុត។

លោក ​Artur Rakhmankulov​ បុគ្គលិកកម្មវិធី​កង​ទ័ព​សង្គ្រោះ​អ្នក​គ្មាន​ទី​ជម្រក​និយាយ​ថា៖ ​«ពួក​គេ​មក​ទី​នេះ​ដោយ​សារ​តែ​ពួក​គេ​គ្មាន​ការងារ​ធ្វើ​នៅ​ឯ​ស្រុក​កំណើត។​ អ្នក​ផ្សេង​ទៀត​មិន​ចង់​ត្រលប់​ទៅ​ផ្ទះ​វិញ​ទេ​ ដោយ​សារ​ក្រុមគ្រួសារ​របស់​ពួកគាត់​កំពុងទន្ទឹង​រង់​ចាំ​លុយ​ពី​ពួក​គាត់។ ដូច្នេះ​ ពួកគាត់​មាន​អារម្មណ៍​ខ្មាស​អៀនបើ​សិន​ពួក​គាត់​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​ដៃ​ទទេ»។

នៅ​ពេល​ដែល​ក្រុមហ៊ុន​ជា​ច្រើន​បាន​កាត់​បន្ថយ​ការងារ​និង​ចំនួន​ម៉ោង​ធ្វើការ​ មានជន​ជាតិ​រុស្ស៊ី​ជា​ច្រើន​បាន​ទទួល​រង​គ្រោះ។

ជាមួយ​នឹង​កិច្ច​សន្យា​ការងារ​ដែល​មាន​កាន់​តែ​តិច​ទៅៗ ​ហើយជើង​ដែល​របួស​របស់​គាត់​មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​នោះ​ លោក​ Vladimir Zakharov ជា​វិស្វករ​អេឡិចត្រូនិច ​កំពុង​ស្វះស្វែង​រក​ជំនួយ។

«ការ​ដែល​មិន​មាន​ការងារ​ធ្វើ​ នេះ​មាន​ន័យ​ថា​គ្មាន​លុយ​សម្រាប់​បង់​ថ្លៃ​ឈ្នួល​ទេ។ មាន​គេ​ផ្តល់​យោបល់​ឲ្យ​ខ្ញុំ​មក​កាន់​មជ្ឈមណ្ឌល​នេះ។ ពួកគេ​និយាយ​ថា​ មជ្ឈមណ្ឌល​នេះ​អាច​ជួយ​ខ្ញុំ​បាន​មួយ​រយៈ​ពេល»។

នៅ​ស្រប​ពេល​ដែល​សេដ្ឋកិច្ចធ្លាក់​ចុះចំនួន​ ៣.៧ភាគរយ​កាល​ពី​ឆ្នាំ​មុន​ ភាព​គ្មាន​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ក៏​ជា​បញ្ហា​មួយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភដែរ។​ រថយន្ត​សម្រាប់​ល្បាត​ក្នុង​សង្គម​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​មូស្គូ​នៅ​ឆ្នាំ​២០០៩​ ដើម្បី​ស្វែង​រក​និង​ជួយ​ដល់​ជន​គ្មាន​ផ្ទះ​សម្បែង​ ហើយ​ចំនួន​រថយន្ត​នេះ​បាន​កើន​ឡើង​រហូត​ដល់​ចំនួន​៣០​គ្រឿង។

ការ​ប៉ាន់​ប្រមាណ​លើ​ចំនួន​មនុស្ស​គ្មាន​ផ្ទះ​សម្បែង​រស់​នៅ​ក្នុង​ទីក្រុង​មូស្គូ​ បាន​ប្រែប្រួល​យ៉ាង​ខ្លាំង​ ក៏ប៉ុន្តែ​ អាជ្ញាធរ​បាន​បន្ទោស​ទៅ​លើ​ការ​ញៀន​សុរា​ ជា​ជាង​ភាព​ក្រី​ក្រ។

លោក​ Andrei Pentyukhov ​អ្នក​ផ្តល់​សេវា​សង្គម​ក្នុង​ទីក្រុង​មូស្គូ​និយាយ​ថា៖ «ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​តិច​បំផុត​ ទទួល​បាន​ប្រាក់​ទូទាត់​សង្គម​ពី​រដ្ឋ​ក្នុង​កម្រិត​ទាប​បំផុត​ដែល​អាច​ចិញ្ចឹម​ខ្លួន​បាន។​ វា​ជាមូល​ហេតុ​ដែល​ពលរដ្ឋរុស្ស៊ី​ត្រូវ​បាន​ការពារ​មិន​ឲ្យ​ជួប​ប្រទះ​ការ​ខ្វះ​ផ្ទះ​សម្បែង ​ហើយ​អ្នក​មាន​ប្រាក់​ចំណូល​ទាប​មិន​អាច​ជា​មូល​ហេតុ​ក្នុង​ការបាត់​បង់​ផ្ទះ​សម្បែង​ទេ»។

ទោះជា​យ៉ាង​នេះ​ក្តី​ រដ្ឋាភិបាល​បាន​ព្យាករ​អំពី​ការកើន​ឡើង​នៃ​ភាព​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​នេះ។ ទីភ្នាក់ងារ​ព័ត៌មាន​ Interfax​ បាន​ឲ្យ​ដឹង​ថា​ ប្រជាជន​រុស្ស៊ី​ប្រហែល​២៦​ភាគរយ​កំពុង​ដក​ប្រាក់​សន្សំ​របស់​ខ្លួន យក​ទៅ​ចំណាយលើ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG