ក្រុមយុទ្ធជនអ៊ីស្ថាមនិងក្រុមអ្នកឃ្លាំមើលមួយក្រុមនិយាយថាសាខាក្រុម al-Qaida និងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងប្រទេសស៊ីរីបានវាយយកបានក្រុង Idlib កាលពីថ្ងៃសៅរ៍ពីកងកម្លាំងរដ្ឋាភិបាលជាលើកដំបូងនៅក្នុងសង្គ្រាមស៊ីវិលនៃប្រទេសនេះ។
អង្គការ Syrian Observatory for Human Rights បាននិយាយថាសម្ព័ន្ធភាពមួយនៃរណសិរ្ស Nusra និងក្រុមអ៊ីស្លាមឯទៀតៗបានត្រួតត្រាក្រុង Idlib ក្រោយពីបានប្រយុទ្ធបួនថ្ងៃជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី។ អង្គការ Observatory បាននិយាយថាយុទ្ធជន៧នាក់បានស្លាប់ហើយទាហានច្រើននាក់បានបាត់បង់ជីវិតឬបានត្រូវចាប់ខ្លួន។
រណសិរ្ស al-Nusra បានប្រកាសអំពីការវាយយកបានក្រុងនេះក្នុងប៉ែកពាយ័ព្យនៃប្រទេសស៊ីរីតាមរយៈបណ្តាញព័ត៌មានសង្គម។
ទីភ្នាក់ងារព័ត៌មាន SANA ជាផ្លូវការនៃប្រទេសស៊ីរីមិនបានរាយការណ៍ពីការដួលរលំក្រុង Idlib ទេ ក៏ប៉ុន្តែបាននិយាយថាកងទ័ពកំពុង «ប្រយុទ្ធយ៉ាងសាហាវ» ដើម្បីត្រួតត្រាក្រុងនេះ។ អង្គការ Observatory បាននិយាយថាកងយន្តហោះចម្បាំងស៊ីរីបានវាយប្រហារលើក្រុមយុទ្ធជនអ៊ីស្លាមនៅជុំវិញទីក្រុងនេះ៕