នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានថ្លែងនៅក្នុងសុន្ទរកថាប្រចាំខែតាមវិទ្យុកាលពីថ្ងៃអាទិត្យម្សិលមិញថា ជំងឺកូវីដ១៩ បានធ្វើឲ្យប្រទេសឥណ្ឌារង្គោះរង្គើ។
លោកបានថ្លែងដូច្នេះ ស្របពេលដែលលោកជំរុញប្រជាពលរដ្ឋឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងកុំឲ្យជឿទៅតាមអ្វីដែលលោកហៅថាជា «ពាក្យចចាមអារ៉ាមអំពីវ៉ាក់សាំងនេះ» និងស្របពេលដែលរដ្ឋធានីញូវដែលីបន្តការបិទសកម្មភាពសង្គមមួយសប្តាហ៍ទៀត។
ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៣៤៩.៦៩១ ករណី បានកើតឡើងនៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនេះជាកំណត់ត្រាប្រចាំថ្ងៃថ្មីមួយទៀត។
មន្ត្រីសុខាភិបាលឥណ្ឌាបានព្រមានថា តួលេខនៃការឆ្លងពិតប្រាកដអាចច្រើនជាងនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្យាជួយប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ។
លោកបានសរសេរនៅលើ Twitter ថា៖ «ដោយសារប្រទេសឥណ្ឌាបានបញ្ជូនជំនួយជួយសហរដ្ឋអាមេរិក នៅពេលដែលមន្ទីរពេទ្យនានា [នៅក្នុងសហរដ្ឋអាមេរិក] ហួសសមត្ថភាពរបស់ខ្លួន [ទប់ទល់នឹងជំងឺកូវីដ១៩] នៅក្នុងដំណាក់កាលឆ្លងរាលដាលដំបូងៗ សហរដ្ឋអាមេរិកក៏ប្ដេជ្ញាជួយឥណ្ឌានៅពេលចាំបាច់នេះដែរ»។
ប្រទេសផ្សេងទៀត ដូចជាចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើម ក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងជួយប្រទេសឥណ្ឌា។ ចំណែកឯប្រទេសប៉ាគីស្ថានដែលជាសត្រូវចម្បងរបស់ឥណ្ឌាវិញ ក៏បានសន្យាជួយផងដែរ៕