ការទទួលខុសត្រូវរបស់ក្រុមហ៊ុនទៅលើសង្គមដែលភាសាអង់គ្លេសថា (Corporate Social Responsibility ហៅកាត់ថា CSR) កំពុងក្លាយទៅជាប្រធានបទសំខាន់មួយ ខណៈពេលប្រទេសកម្ពុជាយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាបរិស្ថាន។ អ្នកជំនាញមើលឃើញថា មានបញ្ហាធំៗ២ ដែលធ្វើឱ្យការអនុវត្ត CSR នៅក្នុងប្រទេសកម្ពុជាមានការលូតលាស់យឺត។
អ្នកជំនាញលើកឡើងថា ការយល់ខុសអំពីអត្ថន័យនៃការអនុវត្តការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (Corporate Social Responsibility ឬ CSR) និងកង្វះខាតច្បាប់និងគោលនយោបាយលើបញ្ហានេះ គឺជាឧបសគ្គចម្បងដែលនាំឱ្យការអនុវត្ត CSR នៅកម្ពុជាមានតិចតួចនៅឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា (Eurocham Cambodia) បានរៀបចំវេទិកាធុរកិច្ចបៃតង (Green Business Forum) លើកទី៤ ដោយមានការចូលរួមពីបណ្ដាក្រុមហ៊ុនឯកជន អង្គការសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាលសរុបជាង២០០នាក់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពេលម៉ោងសម្រាកនៃវេទិកានេះ លោកស្រី Romina De Jong ប្រធានគណៈកម្មាធិការធុរកិច្ចបៃតងរបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុប លើកឡើងថា នៅកម្ពុជា មានការយល់ខុសថា ការអនុវត្តការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ឬ CSR គឺគ្រាន់តែជាការបរិច្ចាគថវិកា សម្រាប់សកម្មភាពសប្បុរសធម៌ប៉ុណ្ណោះ។
លោកស្រីបន្តថា ក្រុមហ៊ុនភាគច្រើនក៏មិនសូវបានយល់ដឹងពីគុណសម្បត្តិនិងសារៈសំខាន់នៃ CSR ឬគិតថា ការអនុវត្ត CSR មានតម្លៃថ្លៃ ទើបធ្វើឱ្យពួកគេមានការរារែកក្នុងការបញ្ចូល CSR ទៅក្នុងក្រុមហ៊ុនរបស់ពួកគេ។
លើសពីនេះ លោកស្រី Romina អះអាងទៀតថា កង្វះខាតគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងការអនុវត្ត CSR នេះទៀតសោត ក៏ជាឧបសគ្គក្នុងការជំរុញការអនុវត្ត CSR នៅក្នុងប្រទេសកម្ពុជាផងដែរ។
«ពីព្រោះតាមពិតទៅ ឥឡូវនេះយើងគ្រាន់តែរង់ចាំឱ្យក្រុមហ៊ុនទទួលយកការទទួលខុសត្រូវនេះដោយឆន្ទៈរបស់ពួកគេផ្ទាល់។ មានក្រុមហ៊ុនកាន់តែច្រើនឡើងដែលធ្វើដូចនេះ ក៏ប៉ុន្តែវាអាចនឹងកាន់តែប្រសើរជាងហ្នឹងទៀត ប្រសិនបើយើងមានច្បាប់ ឬក្រមបរិស្ថាន ហើយយើងអាចនិយាយបានថា វាត្រូវអនុត្តចំពោះគ្រប់ក្រុមហ៊ុនដែលបើករកស៊ីនៅកម្ពុជា។ ដូច្នេះ យើងអាចមានកម្លាំងបន្ថែមទៀតទៅលើករណីធុរកិច្ចប្រកបដោយការទទួលខុសត្រូវ»។
បើតាមលោកស្រី Romina ការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ឬ CSR សំដៅលើការធ្វើជំនួញប្រកបដោយការទទួលខុសត្រូវ ដោយត្រូវយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន សុខុមាលភាពរបស់បុគ្គលិក អថិជន ពលរដ្ឋនៅក្នុងសហគមន៍ និងប្រាក់ចំណេញរបស់ក្រុមហ៊ុនខ្លួនឯងផ្ទាល់។
លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ថ្លែងនៅក្នុងវេទិកាស្ដីពីធុរកិច្ចបៃតងកាលពីថ្ងៃព្រហស្បតិ៍ថា ទម្លាប់នៃការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាភាគច្រើនផ្ដោតលើលទ្ធផលជាក់ស្ដែង ហើយទម្លាប់នេះនឹងមិនអាចផ្លាស់ប្ដូរភ្លាមៗនោះទេ។
លោក ទិន ពន្លក អះអាងទៀតថា រដ្ឋាភិបាលកំពុងព្យាយាមបង្កើតបរិយាកាសមួយដែលអនុញ្ញាតឱ្យធុរកិច្ចបៃតងអាចរីកលូតលាស់បាន។ លោកមានប្រសាសន៍ថា៖
«ក្រុមប្រឹក្សានឹងពិភាក្សាជាមួយស្ថាប័នរដ្ឋពាក់ព័ន្ធ និងប្រតិបត្តិករឯកជន ដើម្បីរៀបចំវិធានការជាក់លាក់»។
លោក ទិន ពន្លក អំពាវនាវឱ្យសមាជិករបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុបទាំងអស់បន្តធ្វើជាគំរូក្នុងការត្រួសត្រាយផ្លូវក្នុងការធ្វើធុរកិច្ចបៃតង និងCSR ដើម្បីបង្ហាញថា ការអនុវត្តទាំងនេះមិនត្រឹមតែជារឿងត្រឹមត្រូវដែលគួរធ្វើប៉ុណ្ណោះទេ វាថែមទាំងជារឿងល្អសម្រាប់មុខជំនួញផងដែរ។
លោកស្រី សៅ ចរិយា ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្ស និងការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន Raytecs Cambodia ប្រាប់VOA នៅឯវេទិកាស្ដីពីធុរកិច្ចបៃតងកាលពីថ្ងៃព្រហស្បតិ៍នោះថា ដោយសារការអនុវត្ត CSR ត្រូវការចំណាយថវិកាច្រើន និងរង់ចាំរយៈពេលពី២ទៅ៣ឆ្នាំ ដើម្បីមើលឃើញលទ្ធផលនោះ ក្រុមហ៊ុនភាគច្រើនមិនសូវចាប់អារម្មណ៍អនុវត្តគោលការណ៍នេះ នោះទេ។
ទោះយ៉ាងណា លោកស្រីបន្តថា យោងតាមបទពិសោធដែលលោកស្រីធ្លាប់រៀបចំធ្វើ CSR សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនរបស់លោកស្រីនាពេលបច្ចុប្បន្ននោះ ការអនុវត្ត CSR ផ្ដល់ផលប្រយោជន៍ត្រលប់មកឱ្យក្រុមហ៊ុនវិញក្នុងរយៈពេលវែង ដូចជាអត្រាបុគ្គលិកលាឈប់ទាប ដែលជួយកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន និងផលិតភាពការងារខ្ពស់ ដោយសារបុគ្គលិកទទួលបានការយកចិត្តពីក្រុមហ៊ុន។
«ទាក់ទងនឹង productivity (ផលិតភាព) ប្រសិនបើយើង take care employee (យកចិត្តទុកដាក់បុគ្គលិក) យើង well (បានល្អ) គាត់ happy សប្បាយចិត្ត អ៊ីចឹងគាត់ក៏ take care product (យកចិត្តទុកដាក់ដល់ផលិតផល) យើងដែរ។ បានន័យថា របស់របរដែលគាត់បង្កើតចេញមក គឺវាមានគុណភាព។ គាត់មិនមែនធ្វើឱ្យរួចតែពីដៃថា គាត់មិនយកចិត្តទុកដាក់ខ្ញុំផង រឿងអីខ្ញុំត្រូវ take are (យកចិត្តទុកដាក់) Product (ផលិតផល) ហ្នឹងឱ្យបានល្អ?»។
ប្រធានគណៈកម្មាធិការធុរកិច្ចបៃតងរបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុប លោកស្រី Romina De Jong មានប្រសាសន៍ថា ការអនុវត្ត CSR គឺជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងរក្សានិរន្តរភាពបរិស្ថាន។
លោកស្រីបន្តថា ទោះបីក្រុមហ៊ុនកាន់តែច្រើនចាប់អារម្មណ៍ការអនុវត្ត CSR នេះក៏ដោយ ក៏ប៉ុន្តែកំណើននេះនៅមានកម្រិតទាបនៅឡើយ។ លោកស្រី ឱ្យដឹងដែរថា បច្ចុប្បន្ន មានក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិចំនួន៣៥ ដែលជាសមាជិកសភាពាណិជ្ជកម្មអ៊ឺរ៉ុប បានស្ម័គ្រចិត្តក្នុងការអនុវត្ត CSR នៅក្នុងក្រុមហ៊ុនរបស់ពួកគេ៕