ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ ដោយ​មិន​មាន​ស.រ.អា


រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​គណៈប្រតិភូ​នៃ​ប្រទេស​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ចូលរួមកិច្ចប្រជុំ​រដ្ឋមន្ត្រីរួមគ្នា នៅក្នុង​អំឡុងវេទិកា​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងដាណាង ប្រទេសវៀតណាម កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​គណៈប្រតិភូ​នៃ​ប្រទេស​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ចូលរួមកិច្ចប្រជុំ​រដ្ឋមន្ត្រីរួមគ្នា នៅក្នុង​អំឡុងវេទិកា​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងដាណាង ប្រទេសវៀតណាម កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្មនៃ​បណ្តា​ប្រទេស​សមាជិក​ ដែល​នៅ​សេសសល់​ចំនួន ១១ ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដែល​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ​ បោះបង់​ចោល​ បាន​សម្រេច​កិច្ច​ព្រមព្រៀង​ថ្មី​មួយ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះ​ឡើង​វិញ ដោយ​មិន​មាន​ការ​ចូលរួម​ពី​សហរដ្ឋអាមេរិក។

ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP កិច្ចព្រមព្រៀង​ថ្មី​នេះ​ នឹង​មាន​ឈ្មោះ​ថា កិច្ច​ព្រមព្រៀង​ទូលំទូលាយ និង​ជឿនលឿន​ទៅ​មុខ​នៃ​ភាព​ជា​ដៃ​គូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ហៅ​កាត់​ថា CPTPP។

បណ្តា​ប្រទេស​សមាជិក​ទាំង​ ១១ ​ខាង​លើ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖

«រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ទាំង​អស់​មាន​ក្តី​សោមនស្ស​ក្នុង​ការ​ប្រកាស​ថា ពួកគេ​បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​ CPTPP នេះ។

ការ​ខាត​បង់​ផល​ប្រយោជន៍​សម្រាប់​សហរដ្ឋ​អាមេរិក

អ្នក​ស្រី Deborah Elms នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ី (Asia Trade Center)​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖

«នេះ​ជា​ការ​ដើរ​ថយ​ក្រោយ​ដ៏​ធំ​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក។ ប្រសិន​បើ​អ្នក​ជា​អ្នក​នាំ​ចេញ​ វា​ពិត​ជា​បង្ក​ឲ្យ​មាន​ការ​ខាត​បង់​ធ្ងន់ធ្ងរ​ណាស់»។

អ្នកស្រី Elms បាន​និយាយ​ថា នៅ​ស្រប​ពេល​ដែល​ សាជីវកម្ម​ធំៗ​មួយ​ចំនួន​នៅ​អាមេរិក​ប្រហែល​ជា​អាច​ស្វែងរក​ជម្រើស​ដទៃ​ទៀត តាមរយៈ​បណ្តាញ និង​សាខា​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក ដើម្បី​កេង​ចំណេញ​ពី​កិច្ចព្រមព្រៀង CPTPP នេះ សាជីវកម្ម​ធុន​មធ្យម​ក្នុង​វិស័យ​កសិកម្ម​នៅ​អាមេរិក​ក៏​ប្រឈម​នឹង​ការ​ខាតបង់​ច្រើន​ផង​ដែរ ជាពិសេស​សាជីវកម្ម​នៅ​ក្នុង​ផ្នែក​ទឹកដោះគោ សាច់គោ និង​សាច់ជ្រូក ដែល​ទទួល​បាន​ផល​ចំណេញ​យ៉ាង​ច្រើន​ពី​ទីផ្សារ​របស់​ជប៉ុន។

អ្នក​ស្រី Elms ដែល​ស្ថិត​នៅ​ក្រុង​ដាណាង ប្រទេស​វៀតណាម សម្រាប់​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC) ស្តី​ពី​ជំនួញ និង​ពាណិជ្ជកម្ម បាន​និយាយ​ថា៖

«ប្រទេស​អូស្រ្តាលី ណូវែល​សេឡង់ និង​កាណាដា​ នឹង​កេង​ចំណេញ​ពី​លទ្ធភាព​ចូល​ក្នុង​ទី​ផ្សារ​ថ្មី​នោះ»។

អតីត​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​លោក Robert “Skipp” Orr បាន​និយាយ​ថា៖

«នៅ​ពេល​ដែល​លោក​ត្រាំ​បាន​បោះបង់​ចោល​កិច្ចព្រមព្រៀង TPP និង​បាន​ប្រាប់​ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ឲ្យ​ដើរ​ផ្លូវ​ខ្លួន​ឯង​ ដូច​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ដែរ​នោះ វា​ជា​រឿង​មិន​អាច​ជៀស​ផុត​ ដែល​កិច្ចព្រមព្រៀង​ថ្មី​មួយ នឹង​កើត​មាន​ឡើង​ដោយ​មិន​ត្រឹម​តែ​មិន​មាន​ការ​ដឹកនាំ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មិន​មាន​វត្តមាន​របស់​សហរដ្ឋអាមេរិក​ទៀត​ផង»។

លោក Orr ដែល​ត្រូវ​បាន​តែងតាំង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​ លោក ​បារ៉ាក់ អូបាម៉ា​ និង​ពី​មុន​មក ​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing នៅ​ប្រទេស​ជប៉ុន​បាន​ប្រាប់​ VOA​ ថា៖

«ផល​ប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​ទស្សនៈ​វិស័យ​ដ៏​ខ្លី​ដូចនេះ»។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​វៀតណាម​លោក Tran Tuan Anh (ឆ្វេង) និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជប៉ុន​លោក Toshimitsu Motegi ចាប់​ដៃ​គ្នា​បន្ទាប់​ពី​បាន​បញ្ចប់​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​អំពី​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​នៃ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ (TPP) នៅក្នុង​អំឡុង​វេទិកា​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម។
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​វៀតណាម​លោក Tran Tuan Anh (ឆ្វេង) និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជប៉ុន​លោក Toshimitsu Motegi ចាប់​ដៃ​គ្នា​បន្ទាប់​ពី​បាន​បញ្ចប់​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​អំពី​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​នៃ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ (TPP) នៅក្នុង​អំឡុង​វេទិកា​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម។

ក្រុម​អ្នក​ប្រឆាំង​កិច្ចព្រមព្រៀង​ TPP បាន​រិះគន់​កិច្ចព្រមព្រៀង​នេះ​ចំពោះ​ការ​ដាក់​ផលប្រយោជន៍​សាជីវកម្ម​ជា​អាទិភាព​ ជាង​ផលប្រយោជន៍​របស់​កម្មករ ហើយ​ការណ៍​នេះ​បាន​ក្លាយ​ជា​ចំណុច​ពិភាក្សា​មួយ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ ២០១៦ ដោយ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​លោក​ស្រី​ ហ៊ីលឡារី គ្លីនតុន​ ដែល​បាន​ចាញ់​លោក ​ដូណាល់ ត្រាំ​ នៅ​ក្នុង​ការ​បោះឆ្នោត បាន​ងាក​ចេញ​ពី​ការ​គាំទ្រ​កិច្ច​ព្រមព្រៀង​ TPP នេះ។

នៅ​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​ APEC ដែល​ជា​វេទិកា​សម្រាប់​ប្រទេសចំនួន​ ២១ នៅ​តំបន់​ប៉ាស៊ីហ្វិក​ ក្នុងការ​លើក​កម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ចូល​មក​ដល់ រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​នានា​បាន​រួសរាន់​បញ្ចប់​ការ​តាក់តែង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ សម្រាប់​មេដឹកនាំ​ប្រទេស​របស់​ពួកគេ។

ការ​ខ្វែង​គំនិត​គ្នា​នៅ​នាទី​ចុងក្រោយ​រវាង​ប្រទេស​កាណាដា និង​ជប៉ុន​បាន​បណ្តាល​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន ដោយ​នាយក​រដ្ឋមន្រ្តី​កាណាដា លោក Justin Trudeau មិន​បាន​បង្ហាញ​ខ្លួន​សម្រាប់​កិច្ចប្រជុំ​បណ្តា​ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​ TPP ដែល​នៅ​សេសសល់​ចំនួន ១១​ ប្រទេស​នោះ​ទេ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវបាន​ពន្យាពេល។

ប៉ុន្តែ​នៅ​ទី​បំផុត បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ ដោយ​នាំ​ឲ្យ​មាន​សេចក្តី​ប្រកាស​មួយ ដែល​លើក​ឡើង​ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ថ្មី​នោះ​ នឹង​រក្សា​ទុក​នូវ «បទដ្ឋាន​ខ្ពស់ តុល្យភាព​ និង​សុក្រឹតភាព​ទាំង​មូល​នៃ​កិច្ចព្រមព្រៀង​ TPP ដោយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ​ធានា​ឲ្យ​បាន​នូវ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​ដទៃ​ទៀត​របស់​សមាជិក​ទាំងអស់​ និង​រក្សា​សិទ្ធិ​ក្នុង​ការ​ធ្វើ​និយ័តកម្ម ដែលរួម​បញ្ចូល​នូវ​ភាព​បត់បែន​នៃ​ភាគី​ផ្សេងៗ ដើម្បី​កំណត់​អាទិភាព​ផ្លូវ​ច្បាប់ និង​គោលការណ៍​នានា»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទាំង​នោះ។​

លោក ​ត្រាំ៖ គ្មាន​កិច្ចព្រមព្រៀង​ពហុភាគី

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ នៅ​ក្នុង​សុន្ទរកថារបស់​លោក​ទៅ​កាន់នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នានា​នៅ​ក្នុង​កិច្ច​ប្រជុំ​ APEC ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​ប្រឆាំង​របស់​លោក​ ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី​នេះ។​ ប៉ុន្តែ​ លោក​ក៏​បាន​បង្ហាញ​ពី​ឆន្ទៈ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​បណ្តា​ប្រទេស​ណា​មួយ​ក្នុង​តំបន់​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី។

គោលការណ៍ និង​របៀបវារៈនៃ​កិច្ចព្រមព្រៀង CPTPP មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយនោះទេ​ ប៉ុន្តែគេ​រំពឹង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ក្រុម​មេដឹកនាំ​នៅក្នុង​ខែ​មករា ឬ​កុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ និង​ត្រូវ​ចូល​ជា​ធរមាន​នៅ​មុន​ដំណាច់ឆ្នាំ​ក្រោយ​នេះ។

កិច្ច​ព្រមព្រៀង​ TPP ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា និង​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​ស៊ីនហ្សូ អាបេ គឺ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត នៅ​ពេល​ដែល​កិច្ចព្រមព្រៀងនោះ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​បង្កើត​ឱកាស​ទីផ្សារ​ថ្មី​មួយ​សម្រាប់​ក្រុមហ៊ុន​នានា និង​ត្រូវ​បាន​គេ​សរសើរ​ថា នឹង​ជួយ​សន្សំសំចៃ​យ៉ាង​ច្រើនសម្រាប់​សាជីវកម្ម និង​អ្នក​ប្រើប្រាស់​នានា។

កន្លង​មក ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថា កិច្ចព្រមព្រៀង TPP នឹង​ជួយ​ឲ្យ​មាន​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ GDP ជាមធ្យម​ជាងមួយ​ភាគរយ​នៅ​ត្រឹម​ឆ្នាំ ២០៣០ និង​បង្កើន​ពាណិជ្ជកម្ម​ក្នុង​ចំណោម​ប្រទេស​ជា​សាមជិក​ចំនួន ១១​ភាគរយ​នៅ​ត្រឹម​ឆ្នាំដូចគ្នា​នេះ។

កិច្ច​ព្រមព្រៀង​ TPP គឺ​ជាចំណុច​ផ្តោត​នៃ​គោលនយោបាយ​ «ងាក​ទៅ​រក​ទ្វីប​អាស៊ី» របស​រដ្ឋបាល​លោក​អូបាម៉ា ហើយ​ត្រូវ​បានគេ​យល់​ឃើញ​ថា នឹង​ជួយ​ជ្រោមជ្រែង​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ឲ្យ​ដឹកនាំ​ប្រទេស​ដទៃ​ទៀត​ក្នុង​ផែនការ​យុទ្ធសាស្រ្ត​មួយ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​កើន​ឡើង​របស់​ប្រទេស​ចិន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​នៅ​លើ​ពិភពលោក៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG