ក្រសួងការបរទេសសរអាបានសំដែងការគោរពកោតសរសើរ ចំពោះសកម្មជន ដោះមីនកម្ពុជាប្រកបដោយមនុស្សធម៏ម្នាក់ ដែលត្រូវបានជ្រើសរើសជាជនឆ្នើមសម្រាប់ បណ្តាញផ្សាយពត៏មានទូរទស្សន៏ CNN។
លោក អាគី រ៉ា អាយុ៤០ឆ្នាំជាអតីតៈកងទ័ពខ្មែរក្រហមនិងស្ថាបនិកនៃអង្កការដោះមីនកម្ពុជាត្រូវបានជ្រើសរើសជាជនឆ្នើមម្នាក់ ក្នុងចំណោមជនឆ្នើមទាំង ១០រូបប្រចាំឆ្នាំ២០១០របស់ទូរទស្សន៏ពិភពលោកCNN ក្រោយពេលដែលលោកអាគី រ៉ាបានព្យាយាមក្នុងកិច្ចការរបស់ លោក ដើម្បីដោះមីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៨ មក ដើម្បីផ្តល់សុវត្ថិភាពជូនដល់ពលរដ្ឋ។ នៅក្នុងសេចក្តីថ្លែងការណ៏ដែល VOA ទទួលបានថ្ងៃនេះ ក្រសួងការបរទេសសរអាបាននិយាយថា ក្រសួងការបរទេសសរអាសូមកោរពសរសើរដល់លោក អាគី រ៉ាស្ថាបនិកអង្គការដោះមីនកម្ពុជា ចំពោះការដែលត្រូវជ្រើសរើសឱ្យក្លាយជាជនឆ្នើមម្នាក់ក្នុងចំណោមជនឆ្នើម១០នាក់ប្រចាំឆ្នាំ២០១០។ លោក Bill Morse ជានាយកគម្រោងអន្តរជាតិនៃអង្គការដោះមីនកម្ពុជា គឺជាអ្នកឧទ្ទេសនាមលោក អាគី រ៉ា ឱ្យបានចូលក្នុងការប្រកួតប្រជែងយកចំណាត់ថ្នាក់ជាជនឆ្នើមក្នុងបណ្តាញផ្សាយទូរទស្សន៏CNN ជាមួយនិងអ្នកប្រកួតប្រជែងជាច្រើនទៀត មកពីបណ្តារប្រទេសនានា។ លោក Morse បានអះអាងពីក្តីរីករាយរបស់លោក ចំពោះការទទួលស្គាល់កិច្ចការរបស់ក្រុមដោះមីន និងការធ្វើឱ្យមានសុវត្ថិភាពសំរាប់ពលរដ្ឋកម្ពុជា។
«នៅពេលយើងបានឮអំពីការទទួលស្គាល់របស់ក្រសួងការបរទេសចំពោះ អាគី រ៉ា នៅថ្ងៃអង្គារនេះ យើងសប្បាយរីករាយណាស់។ ក្រសួងការបរទេសសរអាបានជួយផ្តល់ថវិកាគាំទ្រកិច្ចការរបស់អង្គការដោះមីនកម្ពុជាតាមរយៈអង្គការមនុស្សធម៍អាមេរិកាំងហៅថា Demining Relief Fund រយៈពេលពីរឆ្នាំមកហើយ»។
លោក Morse បានថ្លែងថា អង្គការដោះមីនកម្ពុជាបានធ្វើការដោះមីននៅក្នុងតំបន់មួយចំនួននៅឯភាគពាយព្យនៃប្រទេស។ លោកថ្លែងថា នៅឆ្នាំទីមួយអង្គការលោកបានបោសសំអាតផ្ទៃដីមានគ្រាប់មីនបង្កប់ដីបានជាង១៦ម៉ឺនម៉ែត្រក្រឡា ហើយក្រុមរបស់លោកចំណាយតែប្រាក់ជាង ៤ពាន់ ៣រយដុល្លារក្នុងមួយខែៗ។ លោក Morse បានអះអាងដែរថា គោលដៅរបស់អង្គការលោកគឺត្រូវបង្កើតក្រុមទី២ បំពាក់ប្រដាប់ប្រដារដោះមីន រថយន្ត និងសម្ភារៈផ្សេងទៀតសំរាប់ប្រតិបត្តិការ។
នៅក្នុងសេចក្តីប្រកាស់ពត៌មានដដែល ក្រសួងការបរទេសបាននិយាយឱ្យដឹងថា ទឹកប្រាក់១០ម៉ឺនដុល្លាត្រូវផ្តល់ជូនអង្គកា Demining Relief Fund កាលពីឆ្នាំ២០០៩និងឆ្នាំ២០១០ គាំទ្រដល់ក្រុមដោះមីនរបស់អាគី រ៉ានៅទីជនបទ។ សេចក្តីប្រកាសពត៌មានដដែលបាននិយាយដែរថា សរអាជាប្រទេសនាំមុខគេក្នុងការផ្តល់ជំនួយមនុស្សធម៍ផ្នែកសកម្មភាពដោះមីនលើពិភពលោក។ ដោយឡែក ចាប់តាំងពីឆ្នាំ១៩៩៣មក សរអាបានផ្តល់ជំនួយជាទឹកប្រាក់ ៧១លានដុល្លា សម្រាប់ការដោះមីនក្នុងប្រទេសកម្ពុជា។ ចំនួនមនុស្សរងគ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ធ្លាក់ចុះកាលពីឆ្នាំ២០០៩ ដោយមានតែមនុស្សប្រមាណ ២៤៣នាក់ស្លាប់ បើប្រៀបធៀបឆ្នាំ២០០៨ មាន ២៧១នាក់។ ប្រទេសកម្ពុជាមានសង្រ្គាមស៊ីវិលរាំរ៉ៃរាប់សិបទស្សវត្សរ៍ដែលបង្កឱ្យមានគ្រាប់មីនបង្កប់ដីនិងគ្រាប់មិនទាន់ផ្ទុះរាប់លានគ្រាប់នៅរាយបាយពាសពេញប្រទេស ជាពិសេសតំបន់ភាគខាងជើងនិងភាគពាយព្យ។ អង្គការដោះមីន CMAC បានឱ្យដឹងថាមកទល់បច្ចុប្បននេះ កម្ពុជាបានដោះគ្រាប់មីន ជាង៤៣ម៉ឺនគ្រាប់ ហើយរកឃើញគ្រាប់មិនទាន់ផ្ទុះបានជាង ១លាន៥សែន គ្រាប់៕