ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ហៅកាត់ជាភាសាអង់គ្លេសថា UNHCR បានធ្វើយុទ្ធនាការជាសាកលមួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលគ្មានរដ្ឋ នៅជុំវិញពិភពលោក។ អង្គការ UNHCR និយាយថា ប្រជាពលរដ្ឋដែលមានចំនួនប៉ាន់ស្មានប្រមាណ១២លាននាក់ រស់នៅក្នុងស្ថានភាពមិនស្របច្បាប់ពិតប្រាកដមួយ។ ដោយសារតែពួកគេមិនមានសញ្ជាតិ ប្រជាពលរដ្ឋដែលគ្មានរដ្ឋជាញឹកញយ ត្រូវបានបដិសេធនូវសិទ្ធិជាមូលដ្ឋានទាំងឡាយ ដែលប្រជាពលរដ្ឋនៃប្រទេសមួយទទួលបាន ដែលរួមទាំងសិទ្ធិក្នុងការទទួលបានការងារធ្វើ សិទ្ធិមានផ្ទះសម្បែង សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានការថែទាំសុខភាព។ អង្គការ UNHCR កំពុងអំពាវនាវដល់ប្រទេសច្រើនបន្ថែមទៀត ឱ្យយល់ព្រមផ្តល់សច្ចាប័នទៅលើអនុសញ្ញាចំនួនពីរ ដែលមានបំណងជំរុញនិងធ្វើរឱ្យប្រសើរឡើងនូវសិទ្ធិរបស់ប្រជាពលរដ្ឋដែលគ្មានរដ្ឋ។
នាង អូតូប៊យ កាឌីបាយឺវ៉ា (Oftoboy Kadibayeva) គឺជាស្រ្តីមួយរូបដែលមានវ័យ៣៤ឆ្នាំនិងមានកូនបួននាក់។ កូនស្រីបងគេបង្អស់របស់នាងមានជំងឺវិកលចរិត ហើយកូនពៅរបស់នាងមិនមានសំបុត្រកំណើតទេ។ នាងនិងប្តីរបស់នាងធ្លាប់មានលិខិតឆ្លងដែនសូវៀត ដែលត្រូវបានបំផ្លាញនៅក្នុងកំឡុងពេលនៃអំពើហឹង្សារវាងជាតិពន្ធ ដែលបានផ្ទុះឡើងនៅក្នុងប្រទេសគឺកហ្សីស្ថាន (Kyrgyzstan) នៅក្នុងខែមិថុនាឆ្នាំ២០១០ ដែលបានធ្វើឱ្យពួកគេក្លាយទៅជាមនុស្សដែលគ្មានរដ្ឋ។
«ដោយសារខ្ញុំ ជាមនុស្សដែលគ្មានរដ្ឋមួយរូប និងមិនមានលិខិតឆ្លងដែន ខ្ញុំមានបញ្ហានៅក្នុងការធ្វើឯកសារឱ្យបានត្រឹមត្រូវតាមថ្ងៃខែ សម្រាប់កូនៗរបស់ខ្ញុំ។ ទីពីរ ប្រាក់វិភាជន៍សង្គមរបស់កូនស្រីខ្ញុំ លែងមានសុពលភាពតទៅទៀតហើយ។ ខ្ញុំត្រូវតែធ្វើឯកសារទាំងនោះសារឡើងវិញ ប៉ុន្តែ ដោយសារខ្ញុំមិនមានលិខិតឆ្លងដែន នេះគឺជាបញ្ហាមួយ។ ខ្ញុំមិនអាចធ្វើសំបុត្រកំណើតសម្រាប់កូនពៅរបស់ខ្ញុំបានទេ។ ដោយសារខ្ញុំជាមនុស្សដែលគ្មានរដ្ឋមួយរូប និងមិនមានឯកសារ ខ្ញុំមិនមានលទ្ធភាពទទួលបានការថែទាំសុខភាពឱ្យបានត្រឹមត្រូវនោះទេ»។
ប្រជាពលរដ្ឋដែលគ្មានរដ្ឋមិនមានសញ្ជាតិទេ។ ដូច្នេះ ប្រទេសទាំងឡាយជាទូទៅបានបដិសេធមិនផ្តល់ការការពារនិងសេវាកម្មទាំងឡាយដល់ពួកគេ ដែលប្រជាពលរដ្ឋប្រទេសទាំងនោះទទួលបាន។ ប្រជាពលរដ្ឋដែលមិនមានរដ្ឋ ជាញឹកញយមិនមានសិទ្ធិទទួលបានការអប់រំនិងការថែទាំសុខភាពទេ។
ពួកគេប្រហែលជាមិនអាចមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ ធ្វើដំណើរទៅបរទេស រៀបការដោយស្របច្បាប់ ឬចុះសំបុត្រកំណើតសម្រាប់កូន ដូចក្នុងករណីកូនពៅរបស់នាង កាឌីបាយឺវ៉ា (Kadibayeva) ជាដើម។ ជាមួយនឹងធនធាននិងការគាំទ្រតិចតួច ប្រជាពលរដ្ឋដែលគ្មានរដ្ឋ ត្រូវបានចាត់ទុកថាជាអ្នកដែលងាយនឹងទទួលរងគ្រោះជាងគេបំផុតនៅក្នុងពិភពលោក។
លោកស្រី អ៊ីរីកា ហ្វែល័រ (Erika Feller) ជំនួយការរបស់ស្នងការជាន់ខ្ពស់នៃអង្គការ UNHCR ទទួលបន្ទុកការការពារ និយាយថា ប្រជាពលរដ្ឋដែលគ្មានរដ្ឋរស់នៅក្នុងស្ថានភាពមិនពិតប្រាកដនិងងងឹតមួយ។ ជាសំខាន់ ពួកគេស្ថិតនៅក្នុងស្ថានភាពដែលមិនមានអ្នកណាយកចិត្តទុកដាក់។
«ប្រជាពលរដ្ឋដែលមិនមានរដ្ឋ គឺជាមនុស្សដែលមិនមានសញ្ជាតិឬប្រទេសមួយពិតប្រាកដដែលត្រៀមខ្លួនជួយការពារ និងផ្តល់សេវាកុងស៊ុលដល់ពួកគេ។ ជនទាំងនេះគឺជាមនុស្សដែលងាយទទួលរងគ្រោះខ្លាំងបំផុត ហេតុអ្វី? ពីព្រោះពួកគេជាញឹកញយគឺជាប្រជាពលរដ្ឋដែលស្ថិតក្នុងភាពអាថ៌កំបាំង»។
លោកស្រី ហ្វែល័រ (Feller) និយាយថា សូម្បីតែនៅពេលដែលពួកគេស្លាប់ មរណភាពរបស់ពួកគេនឹងកន្លងផុតទៅដោយមិនមានការកត់សម្គាល់ទេ។ ពួកគេមិនទទួលបានវិញ្ញាបនបត្រមរណភាពមួយនោះទេ។
«អ្នកអាចស្លាប់នៅក្នុងនាមជាមនុស្សដែលគ្មានរដ្ឋម្នាក់ ហើយមិនមានការកត់ត្រាអំពីការស្លាប់របស់អ្នកទេ ពីព្រោះអ្នកមិនមានរូបរាងទេ ហើយដូច្នេះ ការស្លាប់របស់អ្នកមិនមានការជាប់ទាក់ទងនិងអ្វីទេ»។
លោកស្រី ហ្វែល័រ (Erika Feller) និយាយថា ភាពជាមនុស្សដែលគ្មានរដ្ឋ បានបង្កើនហនិភ័យដល់ការធ្វើអាជីវកម្មជួញដូរកុមារ។ ពួកគេអាចបាត់ខ្លួនយ៉ាងស្រួល ពីព្រោះមិនមានបញ្ជីស្នាមអំពីពួកគេ។ លោកស្រីនិយាយថា ប្រជាពលរដ្ឋដែលគ្មានរដ្ឋ ងាយនឹងទទួលរងគ្រោះពីការធ្វើជាទាសករ ពេស្យាចារ និងការរំលោភបំពានផ្សេងៗទៀត។
«ឧទហរណ៍ ពួកគេប្រឈមនឹងការជ្រើសរើសឱ្យចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធ ឬទទួលរងការធ្វើពលកម្មដោយបង្ខំ។ ជាថ្មីម្តងទៀត ដោយមិនទទួលបានការការពារពីច្បាប់ ការការពារដែលរដ្ឋមួយមានកតព្វកិច្ចចំពោះអ្នក និងផ្តល់ឱ្យអ្នក អ្នកក្លាយទៅជាមនុស្សដែលប្រឈមនិងគ្រោះថ្នាក់គ្រប់បែបយ៉ាង»។
សន្ធិសញ្ញាអន្តរជាតិត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៤និងឆ្នាំ១៩៦១ ដើម្បីដោះស្រាយបញ្ហាភាពគ្មានរដ្ឋរបស់ប្រជាពលរដ្ឋរាប់លាននាក់។ សន្ធិសញ្ញាទាំងនេះផ្តល់ឱ្យនូវបទដ្ឋានអប្បរមានៃការថែទាំ និងរចនាសម្ព័ន្ធផ្លូវច្បាប់មួយ ដើម្បីជួយរដ្ឋទាំងឡាយឱ្យកាត់បន្ថយភាពគ្មានរដ្ឋ។ អង្គការ UNHCR កំពុងអំពាវនាវឱ្យប្រទេសច្រើនបន្ថែមទៀត ផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញាទាំងនេះ ហើយលុបបំបាត់ចោលនូវរបាំងផ្លូវច្បាប់ទាំងឡាយ ដែលបង្កើតឱ្យមានភាពគ្មានរដ្ឋនេះឡើង។
ទីភ្នាក់ងារអង្គការសហប្រជាជាតិកត់សម្គាល់ថា ប្រទេស បង់ក្លាដែស (Bangladesh) ប្រេហ្សីល (Brazil) អ៊ីរ៉ាក់ (Iraq) វៀតណាម (Vietnam) និងឥណ្ឌូនេស៊ី (Indonesia) ជាប្រទេសមួយចំនួនដែលបានធ្វើវិសោធនកម្មរបស់ខ្លួន ប្រកបដោយជោគជ័យ នៅក្នុងកំឡុងពេលមួយទសវត្សរ៍កន្លងមកនេះ ដើម្បីប្រគល់សញ្ជាតិដល់ប្រជាពលរដ្ឋដែលគ្មានរដ្ឋរបស់ពួកគេ៕
រាយការណ៍ដោយ ឌី ខាំបូលី