ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena Nieto បានចុះហត្ថលេខាទៅលើច្បាប់មួយចំនួនស្តីអំពីកំណែទម្រង់វិស័យថាមពលរបស់ខ្លួនកាលពីថ្ងៃច័ន្ទទី១១ខែសីហា។ កំណែទម្រង់នេះគឺជាលើកទីមួយហើយដែលនឹងបើកទូលាយឲ្យមានការវិនិយោគពីឯកជន បន្ទាប់ពីវិស័យនេះត្រូវបានរដ្ឋាភិបាលធ្វើជាតូបនីយកម្មគឺគ្រប់គ្រងដោយរដ្ឋ តាំងពីថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៣៨។
ថ្ងៃចុះហត្ថលេខានេះត្រូវបានគេប្រារព្ធជាថ្ងៃឈប់សម្រាកបុណ្យជាតិនៅប្រទេសម៉ិកស៊ិក ហើយប្រជាជនជាច្រើនប្រឆាំងនឹងកំណែទម្រង់នេះ។ បើមិនមានជំនួយពីភាគីដទៃទេ នោះផលិតកម្មប្រេងរបស់ម៉ិកស៊ិកនឹងបន្តធ្លាក់ចុះ។
ដោយហេតុថា ផលិតកម្មប្រេងនៅការដ្ឋានប្រេងដ៏សំខាន់នៃប្រទេសម៉ិកស៊ិកបានធ្លាក់ចុះនោះ ដូច្នេះភាពសម្បូររុងរឿងនៅប្រទេសនេះ នាពេលអនាគតមានភាពអាប់អួរ។ ហេតុនេះហើយបានជាលោកប្រធានាធិបតី Enrique Pena Nieto បានផ្តល់អាទិភាពដល់ការធ្វើកំណែទម្រង់លើវិស័យថាមពល ហើយបញ្ចុះបញ្ចូលឲ្យសមាជិកសភាយល់ស្រប។
«ប្រជាជនម៉ិកស៊ិកភាគច្រើននឹងទទួលបានប្រយោជន៍ពីកំណែទម្រង់នេះ»។
រហូតមកទល់ពេលនេះ ក្រុមហ៊ុន Premex ដែលជាក្រុមហ៊ុនប្រេងជាតិ បានគ្រប់គ្រងរាល់ការរុករកប្រេង និងផលិតកម្មប្រេង ដោយសហការជាមួយក្រុមហ៊ុនបរទេស ក្រោមកិច្ចសន្យាក្នុងការផ្តល់ជាសេវាកម្ម។ បច្ចុប្បន្ន ក្រុមហ៊ុនប្រេងបរទេសអាចចូលរួមបណ្តាក់ទុនរួមគ្នា និងបញ្ជូនអ្នកជំនាញរបស់គេមកប្រទេសម៉ិកស៊ិក។
ក៏ប៉ុន្តែ លោក George Baker ដែលជាអ្នកគ្រប់គ្រងព្រឹត្តិបត្រព័ត៌មានដែលមានឈ្មោះថា Mexico Energy Intelligence និយាយថា ក្រុមហ៊ុនថាមពលនានានៅ Houston និងកន្លែងដទៃទៀត កំពុងតែប្រុងប្រយ័ត្ននឹងកំណែទម្រង់នេះ។
«វិស័យថាមពលម៉ិកស៊ិកត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Premex ដូចនេះវាមានការលំបាកនឹងធ្វើការផ្លាស់ប្តូរ។ រដ្ឋាភិបាលមានក្តីរំពឹងកម្រិតខ្ពស់ តែផ្នែកឧស្សាហកម្មឯកជនកំពុងតែរារែកនិងរង់ចាំមើលសិន»។
ជោគជ័យក្នុងការធ្វើកំណែទម្រង់ពិតជាកត្តាសំខាន់ណាស់សម្រាប់ម៉ិចស៊ិក ពីព្រោះទិន្នផលប្រេងដែលពីមុនធ្លាប់មានដល់ទៅ៣,៤លានធុងក្នុង១ថ្ងៃនោះ ពេលនេះបានធ្លាក់មកនៅត្រឹមតែ២,៥លានធុងតែប៉ុណ្ណោះ។ ប្រទេសម៉ិកស៊ិកមានព្រំដែនជាប់ការដ្ឋានផលិតឧស្ម័នដ៏ធំនៅរដ្ឋ Texas តែប្រទេសនេះត្រូវនាំចូលនូវឧស្ម័នធម្មជាតិ ដោយសារតែប្រទេសនេះខ្វះអ្នកជំនាញដើម្បីធ្វើអាជីវកម្មពីស្តុកឧស្ម័នក្នុងដែនដីរបស់ខ្លួន។ លោកGeorge Baker ប្រាប់ថា មន្ត្រីរដ្ឋាភិបាលសុទ្ធតែប្តេជ្ញាថា នឹងផ្លាស់ប្តូរចំណុចនេះ។
«រដ្ឋាភិបាលម៉ិចស៊ិកជឿជាក់ថា គេមានស្តុកឧស្ម័នធម្មជាតិនៅក្នុងថ្មសែល ដែលមានលំដាប់ថ្នាក់ធំបំផុតទី៤លើពិភពលោក ដូចនេះគេនិយាយថា ហេតុអ្វីយើងត្រូវចំណាយថវិកាទិញឧស្ម័នដ៏ថ្លៃនេះ នៅពេលដែលយើងមានស្តុកឧស្ម័នធម្មជាតិដ៏ច្រើនបែបនេះ?»
ភាគច្រើននៃផលិតផលប្រេងផលិតដោយសហរដ្ឋអាមេរិក នៅពេលនេះ បានមកពីផលិតកម្មប្រេងនៅតំបន់ឈូងសមុទ្រម៉ិកស៊ិកក្នុងដែនដីរបស់អាមេរិក ប៉ុន្តែលោក Baker និយាយថា មានសកម្មភាពផលិតប្រេងតិចតួចនៅក្នុងតំបន់របស់ម៉ិកស៊ិក ក្នុងឈូងសមុទ្រម៉ិកស៊ិកនេះ។
«នៅក្នុងឈូងសមុទ្រម៉ិកស៊ិកផ្នែកខាងប្រទេសម៉ិកស៊ិកមានស្តុកប្រេងដ៏ធំបំផុតនៅលើភពលោកដែលមិនទាន់ធ្វើការរុករក ប្រហែលជានៅខាងក្រៅប៉ូលខាងជើង»។
លោក Baker និយាយថា ក្រុមហ៊ុនប្រេងដ៏ធំ ដូចជា Exxon-Mobil និង ក្រុមហ៊ុន Shell អាចប្រែក្លាយតំបន់នេះ ដោយទាញយកអត្ថប្រយោជន៍ពីអាកាសធាតុនៅតំបន់ប៉ូលខាងជើង ទាញយកអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធនៅក្បែរនោះ និងងាយស្រួលក្នុងការទទួលបានសេវាកម្ម។ ប៉ុន្តែលោកបាននិយាយទៀតថា ម៉ិកស៊ិកត្រូវតែប្រកួតប្រជែងនឹងគម្រោងជាច្រើននៅសហរដ្ឋអាមេរិកដើម្បីទាក់ទាញទឹកប្រាក់វិនិយោគ ដែលបច្ចុប្បន្នសហរដ្ឋអាមេរិកជាអ្នកដៃគូប្រកួតប្រជែងកំពូលលើពិភពលោកក្នុងវិស័យថាមពល។ លោកបន្ថែមថា ប្រសិនបើមានក្រុមហ៊ុនប្រេងដ៏ធំណាមួយមកអភិវឌ្ឍគម្រោងនៅក្នុងប្រទេសម៉ិកស៊ិក វាអាចនឹងទាក់ទាញក្រុមហ៊ុនផ្សេងៗទៀតចូលមកវិនិយោគដែរ។
បញ្ហាមួយទៀតគឺផ្នែកសន្តិសុខ។
អ្នកជំនាញខាងនយោបាយម៉ិកស៊ិក លោក George Grayson ដែលបង្រៀននៅមហាវិទ្យាល័យ William and Mary នៅ រដ្ឋ Virginia បានថ្លែងថា ក្រុមអ្នករកស៊ីគ្រឿងញៀន ហើយនឹងអំពើហិង្សា អាចគំរាមកំហែងដល់វិស័យឧស្សាហកម្មថាមពលនេះ។
«ក្រុម Los Zetas ដែលជាសមាជិកដ៏សាហាវនៃក្រុមគ្រឿងញៀននៅម៉ិកស៊ិកបានរំខានដំណើរការបំពង់បង្ហូរប្រេង និងឧស្ម័ន។ ខ្ញុំឆ្ងល់ណាស់ថា តើនឹងមានវិនិយោគិនបរទេសគេហ៊ានចូលទៅភាគខាងជើងម៉ិកស៊ិកដែរឬទេ ព្រោះនៅទីនោះមានក្រុម Los Zetas និងក្រុមគ្រឿងញៀនផ្សេងទៀតកំពុងប្រតិបត្តិការនោះ»។
លោក Grayson បានមានប្រសាសន៍ទៀតថា ការមិនមានទឹកគ្រប់គ្រាន់នៅតំបន់ភាគខាងជើងមួយចំនួន ក៏អាចរារាំងដំណើរការការងារនៅទីនោះដែរ។ ហើយលោកកត់សម្គាល់ថា រដ្ឋម៉ិកស៊ិក និងទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធនានា ដែលប្រតិបត្តិការក្នុងប្រព័ន្ធជាតូបនីយកម្មបិទជិតជាច្រើនទសវត្សមកហើយនោះ ប្រហែលជាមិនអាចបំពេញតាមបទដ្ឋានអន្តរជាតិបានទេ។
«យើងត្រូវតែធ្វើឲ្យប្រព័ន្ធច្បាប់ប្រសើរជាងមុន ប្រសិនបើម៉ិកស៊ិកសង្ឃឹមថា នឹងមានការព្រមព្រៀងជាមួយវិនិយោគិនបរទេស ដែលមានលទ្ធភាពនាំអ្នកមានទេពកោសល្យដ៏ល្អបំផុតនៅក្នុងពិភពលោកមកប្រទេសនេះ»។
មន្ត្រីម៉ិចស៊ីកនិយាយថា ពួកគេកំពុងតែធ្វើការងារយ៉ាងឆាប់រហ័សដើម្បីឲ្យមានការផ្លាស់ប្តូរ នៅពេលពួកគេត្រៀមខ្លួនសម្រាប់ការដេញថ្លៃគម្រោងវិនិយោគជុំទីមួយ។
សាកលវិទ្យាល័យ Texas A & M និងសាកលវិទ្យាល័យ Texas កំពុងតែអភិវឌ្ឍគម្រោងជាមួយសាកលវិទ្យាល័យដទៃទៀតនៅម៉ិកស៊ិកដើម្បីផ្តល់ការអប់រំដល់វិស្វករប្រេងនៅម៉ិកស៊ិកឲ្យកាន់តែច្រើនឡើង។ ប៉ុន្តែអ្នកជំនាញបាននិយាយថា ម៉ិកស៊ិកនឹងទទួលបានអត្ថប្រយោជន៍ពីការជួលមនុស្សដែលមានបទពិសោធន៍មកពីជុំវិញពិភពលោក ដែលអាចនាំយកទស្សនៈថ្មីៗមកកាន់ប្រទេសនេះ ដែលបច្ចុប្បន្នពុំមានកម្លាំងការងារសម្បូរបែប៕
ប្រែសម្រួលដោយ ខាន់ សុគុំមនោ