ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​មាជ សុវណ្ណារ៉ា​ បន្ត​ប្តឹង​រដ្ឋាភិបាល​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន


រូបឯកសារ៖ លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​​គណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ទរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​​គណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ទរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

លោកមាជ សុវណ្ណារ៉ា​ និង​ក្រុមគ្រួសារ បាន​ដាក់​ពាក្យ​ប្តឹង​លោក​ហ៊ុន ម៉ាណែត​ និង​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​មុន ​ដោយ​ចោទ​ប្រកាន់​ជាច្រើន​ករណី ក្នុងនោះ​មាន​ការធ្វើ​ទារុណកម្ម​ អំពើ​ភេរវកម្ម ​និង​ការ​ឃុំឃាំង​ដោយ​ខុសច្បាប់​ជាដើម។

តុលាការ​រដ្ឋកាលីហ្វញ៉ា​ បាន​ច្រានចោល​បណ្តឹង​ប្រឆាំង​លោក​ហ៊ុន ម៉ាណែត​ ដែល​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​ដើម​បណ្តឹង​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ការ​ប្តឹង​ផ្តល់​នេះ​រហូត​ដល់​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅក្នុង​សំណុំរឿង​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ទៀត។

ភរិយា​របស់​លោក​មាជ សុវណ្ណារ៉ា​ គឺ​អ្នកស្រី​ជេមី មាជ ​ដែល​ជាដើម​បណ្តឹង​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ទោះបីជា​សំណុំរឿង​របស់​នាង​ខ្ញុំ​នៅថ្ងៃ​នេះ​តាម​ភាសា​មួយ​ថា​ យើង​បរាជ័យ​ ប៉ុន្តែ​យើង​បរាជ័យ​គឺ​សំណុំរឿង​តូច​ទេ​ ប៉ុន្តែ​យើង​នឹង​បន្ត​សំណុំរឿង​ធំ​ទៅទៀត ​ដោយសារ​យើង​ប្តឹង​រដ្ឋាភិបាល​ប្រទេស​មួយ​នឹង​ប្រទេស​មួយ ​គេ​មិន​អាច​កាត់​ក្តី​នៅ​រដ្ឋ​កាលីហ្វញ៉ា​បាន​ទេ​ គឺ​យើង​ដាក់​ពាក្យ​បណ្តឹង​ដំបូង​នៅ​រដ្ឋ​កាលីហ្វញ៉ា​ គឺ​យើង​គិត​ថា ​ខ្ញុំ​និង​គ្រួសារ​របស់​នាង​ខ្ញុំ​នៅរដ្ឋ​កាលីហ្វញ៉ា​អីចឹង ​បាន​ជាយើង​ដាក់​នៅ​រដ្ឋ​កាលីហ្វញ៉ា​ ប៉ុន្តែ​កាលណា​យើង​ប្តឹង​រដ្ឋាភិបាល​ខ្មែរ​មួយ​ គឺ​យើង​ប្តឹង​ប្រទេស​នឹង​ប្រទេស​ គឺ​យើង​មិន​អាច​ប្តឹង​នៅ​រដ្ឋ​កាលីហ្វញ៉ា​ទេ។ អីចឹង​យើង​ត្រូវ​បន្ត​សំណុំរឿង​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន‍»។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

សេចក្តី​សម្រេច​របស់​ចៅក្រម​ George Wu ​កាលពីថ្ងៃ​ច័ន្ទ​សប្តាហ៍មុន​ បាន​ផ្តល់​តាម​ញត្តិ​របស់​លោក​ហ៊ុន​ ម៉ាណែត​ ដែល​ស្នើ​សុំ​ឱ្យ​ «ច្រានចោល​បណ្តឹង‍» ​ដោយសារ​គាត់​មិន​ទទួល​បាន​ឯកសារបណ្តឹង​អ្វី​ទេ។​

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​បន្ទាប់​ពី​ទស្សៈកិច្ច​រយៈពេល​១៣ថ្ងៃរបស់​លោក​ នៅ​ឯ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​នូវែល​សេឡង់ នៅឯអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​តុលា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​បន្ទាប់​ពី​ទស្សៈកិច្ច​រយៈពេល​១៣ថ្ងៃរបស់​លោក​ នៅ​ឯ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​នូវែល​សេឡង់ នៅឯអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​តុលា ឆ្នាំ២០១៦។

ការ​សម្រេច​របស់​តុលាការ​កើត​មាន​ឡើង​ បន្ទាប់ពី​បាន​បើក​សវនាការ​ស្តាប់​ភស្តុតាង​ចុងក្រោយ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មេសា​ក្នុង​នោះ​មាន​សាក្សី​ចំនួន​ពីរនាក់ ដោយ​សារ​ពួកគេ​មាន​វត្តមាន​នៅ​ភោជនីយដ្ឋាន​ឡាលូន​ នៅយប់​ថ្ងៃ​ទី៩ ​ខែមេសា​ឆ្នាំមុន ​ពេល​ដែល​តំណាង​ដើម​បណ្តឹង​ គឺលោក​ប៉ូល ហេយ បាន​យក​ដីកាកោះ​ទៅ​ឱ្យ​លោក​ហ៊ុន ម៉ាណែត​ ប៉ុន្តែ​បែរ​ជា​ត្រូវ​រង​ការ​វាយតប់​ឱ្យ​របួស។

លោក​នួន ខាវី ​សាក្សី​ម្នាក់​បាន​ប្រកែក​ថា​ គាត់​មិន​បាន​ដឹង​ពី​ការ​ប្រគល់​ដីកា​នោះ​ទេ ដោយសារ​លោក​នៅ​ខាង​ក្នុង។

«ខ្ញុំ​នៅ​ខាង​ក្នុង។ ចូល​ទៅ​ជាប់​នៅ​ក្នុង​ហ្នុង​ហ្មង។ អត់​ឱ្យ​ចេញ​ទេ។ សន្តិសុខ​ហាម​អត់​ឱ្យ​យើង​ចេញ​វិញ​ទេ។ បើ​ចូល​ហើយ​ហាម​ចេញ។ បើ​ចេញ​ហើយ​អត់​ឱ្យ​ចូល​ទេ។ អីចឹង​ខ្ញុំ​នៅ​កន្លែង​ហ្នុង​រហូត​។ រហូត​ដល់​ឯកឧត្តម​ហ៊ុន ម៉ាណែត​ ទៅ​បាន​ងាកទៅ​ឃើញ​គាត់ ​បើក​ទ្វារ​មក​ផ្សែង​ចូល​ភ្នែក​ទាំងអស់​គ្នា»។

លោកមាជ សុវណ្ណារ៉ា​ និង​ក្រុមគ្រួសារ បាន​ដាក់​ពាក្យ​ប្តឹង​លោក​ហ៊ុន ម៉ាណែត​ និង​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​មុន ​ដោយ​ចោទ​ប្រកាន់​ជាច្រើន​ករណី ក្នុងនោះ​មាន​ការធ្វើ​ទារុណកម្ម​ អំពើ​ភេរវកម្ម ​និង​ការ​ឃុំឃាំង​ដោយ​ខុសច្បាប់​ជាដើម។

លោកនួន ​ខាវី ​យល់​ថា ​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ​ជា​ការ​ត្រឹមត្រូវ​មួយ ជាពិសេស​សម្រាប់​រូបលោក​ដែល​ត្រូវ​បាន​អញ្ជើញ​ជា​សាក្សី ​ដោយ​មិន​បាន​ដឹង​ពី​ហេតុការណ៍​នោះ​ជាមុន៖

«បើ​រឿងហ្នឹង​ដូចត្រឹមត្រូវ​តាម​គេ​សម្រេច​ហ្នុងហើយ ​ព្រោះ​អ្វីៗ​វាអត់​ពាក់ព័ន្ធ​ផង។ រឿង​នៅ​ស្រុកខ្មែរ​ ហើយ​រឿង​នៅ​នេះ​ ខ្ញុំ​ក៏​មិន​ដឹង​ថា ​មាជ សុវណ្ណារ៉ា​ ប្តឹង​ ហ៊ុន ម៉ាណែត ផង​ពីមុន​មក។ អត់ដឹង​ទេ​ ហើយ​ក៏​មិន​ដឹង​ថា ​គេ​ហៅខ្ញុំ​ទៅ​សួរ​រឿងនេះ​ទេ​ រឿង​នៅ​ស្រុក​អាមេរិក​នេះ។ ខ្ញុំ​ស្មានតែ​រឿង​នៅ​ស្រុក​ខ្មែរ‍»។​

សាក្សី​ម្នាក់​ទៀត​គឺ​លោក​សាន គឹមហុង ​មិនព្រម​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ ពេល​ដែល​វីអូអេ​ទាក់ទង។

លោក​អ៊ុច បូ ​មេធាវី​របស់​ក្រុមគ្រួសារ​លោក​មាជ សុវណ្ណារ៉ា ​បញ្ជាក់​ថា​ សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​ស៊ើបអង្កេត​លើ​ការ​វាយតប់​លោក​ប៉ូល ហេយ ​នៅ​បន្ត​នៅឡើយ​នៅ​ទីក្រុង​ឡុងប៊ិច ​ក្នុង​ខណៈ​ពេល​ដែល​សំណុំរឿង​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​នៅចុងខែ​ឧសភា។

«យើង​គិត​ថា​ យើង​អាច​ប្តឹង​ឧត្តមសេនីយ៍​ហ៊ុន ម៉ាណែត​ ពេលណា​ក៏​បាន​ ក៏​ប៉ុន្តែ​យើង​អត់​មាន​ពេល។ ទីមួយ ​យើង​ផ្តោត​អារម្មណ៍​ទៅលើ​រឿង​ផ្សេង ​ហើយ​យើង​ឱ្យ​ប្អូន ហ៊ុន ម៉ាណែត​ ឱ្យ​ដកដង្ហើម​ចុះ​ ហើយ​យើង​ផ្តោត​យុទ្ធសាស្រ្ត​យើង ​នឹង​ផ្ទេរ​សំណុំរឿង​យើង​ទៅ​ខាង​វ៉ាស៊ីនតោន​ឌីស៊ី​វិញ​ ហើយ​យើង​នឹង​ដាក់​ឯកឧត្តម​ ញ៉យ ចំរើន ​ជាដើម​បណ្តឹង​ក្នុង​ករណី​យើង​មួយ​ទៀត​នៅវ៉ាស៊ីនតោនឌីស៊ី‍»។​

លោកញ៉យ ចំរើន ​គឺជា​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​រង​ការ​វាយ​តប់​យ៉ាង​ឃោរឃៅ​ពី​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​អង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។

រូបឯកសារ៖ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​ លោក​ ញ៉យ ចំរើន អង្គុយ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៦ ខែ​វិចិ្ឆកា ​ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​ លោក​ ញ៉យ ចំរើន អង្គុយ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៦ ខែ​វិចិ្ឆកា ​ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

កូនស្រី​របស់​លោក​មាជ សុវណ្ណារ៉ា​ គឺ ​កញ្ញា ​សាម៉ាន់ថា មាជ​ នៅតែ​មាន​ក្តីសង្ឃឹម​ថា បណ្តឹង​នេះ​នឹង​នាំ​ឱ្យ​មាន​ការ​ដោះលែង​ឱពុក​របស់​នាង ​និង​អ្នកទោស​នយោបាយ​ដទៃទៀត ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា។

«ពេល​អ្នកម៉ាក់​គាត់​ប្រាប់​ថា​ យើង​ចាញ់​សំណុំរឿង​នេះ​ដំបូង​ខ្ញុំ​សោកស្តាយ​ដែល​យើង​ចាញ់​តែ​ម៉ាក់​ និង​អ៊ំបូ​គាត់​ពន្យល់​ថា ​យើង​នៅមាន​សំណុំរឿង​ខាងមុខ​ទៀត​ កុំ​ឱ្យ​អស់​សង្ឃឹម ​ហើយ​ក៏ខ្ញុំ​នៅ​មាន​សង្ឃឹម​ថា​ យើង​នឹង​អាច​ឈ្នះ​រឿង​មួយ​ទៀត​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា។ ដូច្នេះ​ មនុស្ស​ជាច្រើន​អស់​សង្ឃឹម ​ប៉ុន្តែ​ខ្ញុំ​សូម​អ្នក​ទាំងអស់​គ្នា​ដឹង​ថា​ យើង​ត្រូវ​តែ​មាន​សង្ឃឹម​ ព្រោះ​មិនមែន​មាន​សំណុំរឿង​តែ​មួយ​ទេ​ គឺ​យើង​នៅមាន​សំណុំរឿង​មួយ​ទៀត‍»។

ក្រុម​មេធាវី​បញ្ជាក់​ថា​ សំណុំរឿង​នេះ​អាច​នឹង​ឆាប់​ចប់​ ឬ​អូសបន្លាយ​ពេល​យូរ​ អាស្រ័យ​លើ​ការ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​កម្ពុជា។​

សម្រាប់​ក្រុមគ្រួសារ​លោក​មាជ សុវណ្ណារ៉ា​ ការ​រក្សា​នូវ​ក្តី​សង្ឃឹម​ គឺជា​ការ​ចាំបាច់​ណាស់​សម្រាប់​ក្រុមគ្រួសារ ​និង​ក្រុមអ្នកគាំទ្រ​របស់​លោក ​បើ​ទោះបីជា​សំណុំរឿង​នេះ​ដាក់ប្តឹង​នៅ​ទីក្រុង​ឡុងប៊ិច​នេះ ឬ​ក៏​នៅ​រដ្ឋ​ណា​ក៏ដោយ​ ពីព្រោះ​វា​នឹង​អាច​ជួយ​ដល់​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ពួកគេ៕

XS
SM
MD
LG