កាលពីថ្ងៃអង្គារ លោកស្រីនាយករដ្ឋមន្ត្រី Theresa May នៃប្រទេសអង់គ្លេសបានទទួលបរាជ័យយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតមួយក្នុងសភាដោយសមាជិកសភាភាគច្រើនដោយមានរួមបញ្ចូលទាំងសមាជិកសភាបះបោរជាង១០០នាក់មកពីគណបក្សអភិរក្សនិយមដែលជាបក្សគ្រប់គ្រងប្រទេសរបស់លោកស្រីផងដែរ ដែលបានប្រកែកមិនព្រមគាំទ្រដល់កិច្ចព្រមព្រៀងដែលមានការមិនស្រុះស្រួលគ្នាខ្លាំងអំពីការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុបដែលហៅថា Brexit។
បរាជ័យនេះរបស់រដ្ឋាភិបាលបាននាំឱ្យមានការច្របូលច្របល់ខ្លាំងជាងមុនដល់ការដែលអង់គ្លេសគ្រោងនឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា។
ការបោះឆ្នោតជាប្រវត្តិសាស្ត្រនេះដោយសភាតំណាងរាស្ត្រអង់គ្លេសអំពីសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ ដែលបានត្រូវចំណាយពេលពីរឆ្នាំធ្វើការចរចាជាមួយមេដឹកនាំអឺរ៉ុប នៅពេលនេះនាំឱ្យមានបញ្ហាច្រើនដល់គម្រោងការ Brexit
ដោយមានសំណួរធំៗមិនទាន់បានត្រូវឆ្លើយនៅឡើយទេអំពីថាតើប្រទេសអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅពេលណា តើអង់គ្លេសនឹងចាកចេញដោយបែបណា និងអំពីថាតើអង់គ្លេសនៅតែចង់ចាកចេញឬបែបទេ។
លោក Jeremy Corbyn មេដឹកនាំនៃគណបក្សការងារដែលជាបក្សប្រឆាំងបានប្រកាសជាបន្ទាន់ថាលោកបានដាក់ញតិ្តមិនទុកចិត្តរដ្ឋាភិបាល ដែលប្រសិនបើលោកស្រី May ចាញ់ ការណ៍នេះនឹងនាំឱ្យមានការបោះឆ្នោតទូទៅ។ អ្នកវិភាគភាគច្រើននិយាយថា ពួកគេរំពឹងថា លោកស្រី May នឹងឈ្នះលើញត្តិមិនទុកចិត្តនេះ ដែលនឹងត្រូវលើកយកមកជជែកដេញដោលគ្នានៅថ្ងៃពុធនេះ៕