ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ WHO៖ វ៉ាក់សាំង​កូវីដ១៩ អាច​ប្រើប្រាស់​បាន​ទូលំទូលាយ​នៅ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ


រូបឯកសារ៖ អ្នកវិទ្យសាសាស្ត្រម្នាក់​​កំពុង​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​ក្នុ​ង​ប្រទេស​ឥណ្ឌា ដើម្បី​ស្រាវជ្រាវ​រក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី ១៨ ខែឧសភា ឆ្នាំ​២០២០។
រូបឯកសារ៖ អ្នកវិទ្យសាសាស្ត្រម្នាក់​​កំពុង​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​ក្នុ​ង​ប្រទេស​ឥណ្ឌា ដើម្បី​ស្រាវជ្រាវ​រក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី ១៨ ខែឧសភា ឆ្នាំ​២០២០។

មន្ត្រី​សុខាភិបាល​នានា​កំពុង​ជំរុញ​ប្រជាពលរដ្ឋ​ទូទៅ​កុំ​ឲ្យ​រំពឹង​ខ្ពស់​ពេក​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។ ពួកគេ​បាន​និយាយ​ថា ការ​បង្កើត​វ៉ាក់សាំង​មួយ​ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​គឺ​ត្រូវការ​ពេលវេលា និង​មិន​អាច​បង្ខំ​ឲ្យ​លឿន​បាន​ទេ។

ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​នេះ អង្គការ​សុខភាព​ពិភពលោក WHO រាយការណ៍​ថា ដំណើរ​វិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់​កំពុង​ដំណើរការ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​នេះ។ អង្គការ​នេះ​បាន​កត់​សម្គាល់​ថា កន្លង​មក យ៉ាង​ហោច​ណាស់​មាន​វ៉ាក់សាំង​ចំនួន ៦ ទៅ ៩ បាន​ចាប់ផ្ដើម​ការ​សាកល្បង​ដំណាក់កាល​ទី ៣ ហើយ។

អ្នក​នាំ​ពាក្យ​អង្គការ WHO អ្នកស្រី Margaret Harris និយាយ​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​នៅ​ក្នុង​ការ​សាកល្បង​ដ៏​ផ្ចិតផ្ចង់ និង​ប្រយ័ត្នប្រយែង​ទាំង​នេះ។

អ្នកស្រី​បាន​បញ្ជាក់​ថា វ៉ាក់សាំង​ត្រូវតែ​មាន​ការ​បញ្ជាក់​ជា​ដាច់ខាត​ថា​ពិតជា​មាន​សុវត្ថិភាព និង​អាច​ផ្ដល់​ការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ បាន នៅ​ក្នុង​ចំណោម​អ្នក​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សាកល្បង​យ៉ាង​ហោច​ណាស់​ ៥០% មុន​ពេល​ដែល​វ៉ាក់សាំង​នេះ​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​សម្រាប់​សាធារណជន​ទូទៅ។

អ្នកស្រី​លើកឡើង​ថា សុវត្ថិភាព​នៃ​វ៉ាក់សាំង​ត្រូវតែ​មាន​ការ​តាមដាន​ត្រួតពិនិត្យ​គ្រប់​ដំណាក់កាល​ស្រាវជ្រាវ​ទាំងអស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរការ​បង្កើត​វ៉ាក់សាំង​ត្រូវការ​ពេលវេលា​យូរ។

អ្នកស្រី Harris បញ្ជាក់​ដូច្នេះ​ថា៖ «ដំណឹង​ល្អ​គឺ​ថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​សង្ឃឹម​រួច​ហើយ​ថា​វ៉ាក់សាំង​មួយ​ណា​ទំនងជា​នឹង​ក្លាយ​ជា​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​នោះ។ ពួកគេ​កំពុង​ធ្វើការ​លើ​វិធី​ដែល​ពួកគេ​អាច​បង្កើន​ការ​ផលិត​វ៉ាក់សាំង។ នៅ​ពេល​ណា​ដែល​យើង​ដឹង​ថា វ៉ាក់សាំង​មួយ​ណា​មាន​ប្រសិទ្ធភាព យើងខ្ញុំ​នឹង​បង្ហាញ​ជា​សាធារណៈ។ …ប៉ុន្តែ ទាក់ទិន​នឹង​ពេលវេលា​ជាក់លាក់ យើង​ពិតជា​មិន​រំពឹង​ថា​នឹង​មាន​វ៉ាក់សាំង​សម្រាប់​ការ​ប្រើប្រាស់​ជា​ទូទៅ​នោះ​ទេ រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ»។

អ្នកស្រី Harris បាន​ប្រាប់ VOA ថា អង្គការ WHO មិន​បាន​ប្រាប់​រដ្ឋាភិបាល​ណា​មួយ​ថា​ នៅ​ពេល​ណា​ដែល​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ គួរ​អាច​ប្រើ​សម្រាប់​ស្ថានការណ៍​បន្ទាន់ ឬ​ក៏​សម្រាប់​ការ​ប្រើប្រាស់​ទូទៅ​នោះ​ទេ។ អ្នកស្រី​ថា នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​នីមួយៗ​ផ្ទាល់។ ប៉ុន្តែ អ្នកស្រី​បាន​រំឭក​កុំ​ឲ្យ​មាន​ក្ដី​សង្ឃឹម​មិន​ត្រឹមត្រូវ​ខ្ពស់​ពេក​ថា​នឹង​មាន​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នោះ។

អ្នកស្រី Harris ថ្លែង​ដូច្នេះ​ថា៖ «អ្វី​ដែល​យើង​ខ្ញុំ​បាន​លើកឡើង​ម្ដង​ហើយ​ម្ដង​ទៀត​គឺ​ថា យើង​មិន​គួរ​អង្គុយ​រង់ចាំ​វ៉ាក់សាំង​ណា​មួយ​ឲ្យ​វា​កើតឡើង​នោះទេ។ យើង​មិន​ចេះតែ​អង្គុយ​គិត​នោះ​ទេ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ​ធ្វើ​រឿង​ណា​ដែល​យើង​ដឹង​ថា​នឹង​បង្ការ​ជំងឺ​នេះ​បាន ដែល​នោះ​គឺ​ការ​លាងដៃ ការ​រក្សា​គម្លាត និង​ការ​ពាក់​ម៉ាស់»។

អ្នកស្រី​និយាយ​ថា អង្គការ​សុខភាព​ពិភពលោក​ជឿ​ថា ប្រទេស​ទាំងអស់​ត្រូវតែ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ស្វែងរក​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ នេះ។ អ្នកស្រី​ថា ការ​ចែក​រំលែក និង​ការ​ប្រៀបធៀប​ទិន្នន័យ​គឺ​មាន​សារៈសំខាន់ និង​សម្រេច​បាន​នូវ​វ៉ាក់សាំង​មួយ​ដែល​អាច​ការពារ​មនុស្ស​គ្រប់រូប​បាន។

អ្នកស្រី Harris បាន​ហៅ​ករណី​នេះ​ថា​ជា​ទង្វើ​ដើម្បី​ប្រយោជន៍​សាធារណៈ​ជា​សាកល។ អ្នកស្រី​ថា វ៉ាក់សាំង​មិន​ត្រឹមតែ​មាន​សារៈសំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវតែ​ផ្ដល់​ឲ្យ​ដល់​គ្រប់​កន្លែង​ទាំង​អស់​នៅ​លើ​ពិភពលោក។ អ្នកស្រី​បាន​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​អាច​មាន​ការ​ការពារ​ពី​ជំងឺ​កូវីដ១៩ បាន​នោះ​ទេ ប្រសិនបើ​ពួកគេ​មិន​ទទួល​បាន​វ៉ាក់សាំង​ការពារ៕

XS
SM
MD
LG