ទីភ្នាក់ងារអវកាសអឺរ៉ុបបានឲ្យដឹងថាយាន Schiaparelli របស់ខ្លួនបានហោះចូលដល់បរិយាកាសនៃភពព្រះអង្គារ កាលពីថ្ងៃពុធម្សិលមិញនេះហើយ ប៉ុន្តែគេនៅមិនទាន់ដឹងថាតើយាននោះបានចុះចតដោយសុវត្តិភាពហើយឬនៅ។
នៅក្នុងសារ Twitter មួយ ទីភ្នាក់ងារ ESA បាននិយាយថា គេនឹងមានឱកាសទាក់ទងជាមួយនឹងយានអវកាសនោះនៅថ្ងៃព្រហស្បតិ៍នេះ។ យាននេះត្រូវបានផ្តាច់ចេញពីយានធំឈ្មោះ The Trace Gas Orbiter កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយក្នុងពេលប៉ុន្មានថ្ងៃនេះកំពុងត្រៀមខ្លួនដើម្បីចុះចត។
ការចុះចតលើភពមួយដែលស្ថិតនៅសែនឆ្ងាយបែបនេះ គឺជាការលំបាកខ្លាំងណាស់ ជាពិសេសក្នុងរយៈពេល៦នាទីចុងក្រោយ នៅពេលដែលយាននោះ ធ្វើការហោះហើរក្នុងល្បឿន ២ម៉ឺន១ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្ពោះទៅកាន់ភពព្រះអង្គារ។
បើសិនជាមានដំណើរការល្អដូចការគ្រោងទុក យាននោះនឹងប្រើឆ័ត្រយោង ហើយបន្ថយល្បឿនយានអវកាស ឲ្យមកនៅត្រឹមល្បឿន ១០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕