រយៈពេលជិត២ឆ្នាំក្រោយពីបានទទួលមរណភាព ឆាកជីវិតរបស់លោក Nelson Mandela ត្រូវបានគេដាក់ក្នុងទម្រង់ឌីជីថលជាមួយនឹងកម្មវិធីទូរស័ព្ទមួយ ដែលលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ជួយគាំទ្រដល់អង្គការសប្បុរសធម៌ដែលជួបបញ្ហាខ្វះខាត។ កម្មវិធីទូរស័ព្ទដែលត្រូវបានគេស្គាល់ថា«Play Your Part» បានប្រមូលថវិកាបរិច្ចាគជាច្រើន ហើយអ្នកបង្កើតកម្មវិធីនោះ បាននិយាយថា វាគឺជាវិធីសាស្ត្រថ្មីមួយដើម្បីថ្លែងអំណរគុណដល់កេរដំណែលរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូងគួរឲ្យគោរពរូបនោះនៅថ្ងៃខួបរបស់លោក ដែលមានឈ្មោះថា ទិវាម៉ាន់ឌែលឡា (Mandela Day) ដែលត្រូវនឹងថ្ងៃទី១៨ ខែកក្កដាកន្លងទៅនេះ។
ទិវា Nelson Mandela ឬ Nelson Mandela Day ដែលត្រូវបានប្រកាសដោយអង្គការសហប្រជាជាតិនៅឆ្នាំ២០០៩ បានវិវត្តទៅជាទិវាមួយដើម្បីឲ្យប្រជាជនអាហ្វ្រិកខាងត្បូងធ្វើការងារសប្បុរសធម៌សម្រាប់រយៈពេល៦៧នាទី។ មូលនិធិ Nelson Mandela បានឲ្យដឹងថា នោះជាពេលវេលាមួយនាទីជារៀងរាល់ឆ្នាំដែលលោក Mandela បានបូជាដើម្បីទទួលបានភាពស្មើគ្នា។
នៅថ្ងៃខួបកំណើតលើកទី៩៧របស់លោក Nelson Mandela ទំព័រជីវិតរបស់លោកត្រូវបានបង្កើតឡើងក្នុងទម្រង់ជាឌីជីថល ដែលមានកម្មវិធីមួយអាចឲ្យប្រជាជនអាហ្វ្រិកខាងត្បូងតបស្នងដល់វីរភាពរបស់លោក។
កម្មវិធីថ្មីមួយឈ្មោះថា «Play Your Part» ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Going the Extra Mile ឫ GEM អនុញ្ញាតឲ្យអ្នកប្រើប្រាស់ជនជាតិអាហ្វ្រិកខាងត្បូង អាចស្វែងរកអង្គការសប្បុរសធម៌ដែលត្រូវការជំនួយ និងអ្នកស្ម័គ្រចិត្ត ហើយអាចបរិច្ចាគដល់អង្គការទាំងនោះ។
លោក David Shields ដែលជាអ្នកផលិតកម្មវិធីនោះ បាននិយាយថា កម្មវិធីទូរស័ព្ទរបស់លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។
«ពួកយើងទទួលបានការឆ្លើយតបគួរឲ្យភ្ញាក់ផ្អើលពីសំណាក់សាធារណជន។ ខ្ញុំគិតថា អ្វីដែលសំខាន់នោះគឺថា មនុស្សរាល់គ្នាពិតជាចង់ជួយ ជាពិសេសនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលគម្លាតរវាងអ្នកមាន និងអ្នកក្រស្ថិតក្នុងកម្រិតខ្ពស់។ មនុស្សគ្រប់គ្នាចង់ចូលរួមចំណែក ក៏ប៉ុន្តែពីមុនពួកគេមិនដឹងថាអាចធ្វើបានដោយរបៀបណាទេ។ ហេតុដូច្នេះហើយ កម្មវិធីនេះអាចជួយឲ្យពួកគេចូលរួមចំណែកបាន»។
អ្នកប្រើប្រាស់កម្មវិធីនេះ ក៏អាចសន្សំពិន្ទុបានផងដែរ ដោយការចូលរួមសកម្មភាពស្ម័គ្រចិត្ត ដើម្បីទទួលបានគណនេយ្យផ្នែកចំនួនម៉ោងផ្សាយ ទិន្នន័យ និងក្រេឌីតអគ្គិសនី។ ឫក៏ពួកគេអាចបន្ថែមទឹកចិត្តសម្រាប់ការងារសប្បុរសធម៌ ដោយការបរិច្ចាគពិន្ទុរបស់ពួកគេទៅឲ្យអង្គការណាដែលកំពុងត្រូវការ។
លោក Shields បាននិយាយផងដែរថា កម្មវិធីនេះអាចនឹងសាយភាយទៅដល់ប្រទេសជាតិផ្សេងទៀតនៅក្នុងទ្វីបអាហ្វ្រិក ដូចជាប្រទេសម៉ូរីស កេនយ៉ា និងនីហ្សេរីយ៉ា។ អ្នកប្រើបា្រស់អាចស្វែងរកការភ្ជាប់ទៅកាន់កម្មវិធីនោះបាន ដោយស្វែងរកពាក្យ «GEM Projects» នៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ទ្វីតធឺរ (Twitter) ឬ អ៊ីនស្តាហ្ក្រាម (Instagram)។
អ្នកស្រី Sithembile Ntombela ដែលជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនមួយឈ្មោះ Brand South Africa បាននិយាយថា កម្មវិធីទូរស័ព្ទនេះ បានបំពេញតាមកេរដំណែល និងសេចក្តីប្រាថ្នារបស់លោក Mandela។ ដូចជនជាតិអាហ្វ្រិកខាងត្បូងដទៃទៀតដែរ នាងហៅឈ្មោះលោក Mandela ថា Madiba ដោយប្រើតាមឈ្មោះកុលសម្ព័ន្ធរបស់លោក។
«ពួកយើងចង់លើកស្ទួយវប្បធម៌នៅក្នុងប្រទេសនេះ ដែលរាល់ជនអាហ្វ្រិកខាងត្បូងទាំងអស់មានឱកាសក្នុងការរស់នៅក្នុងកេរដំណែលរបស់លោក Madiba។ ហើយប្រសិនបើមានអ្នកណាម្នាក់ចង់ស្រាយមើល ថាតើអ្វីទៅជាកេរដំណែលរបស់លោក Madiba នោះ ពួកគេប្រាកដជាដឹងថា នោះគឺជាមនុស្សម្នាក់ដែលតំណាងឲ្យការអប់រំ មនុស្សម្នាក់ដែលស្រលាញ់ក្មេងៗ មនុស្សម្នាក់ដែលបម្រើអ្នកដទៃដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីឲ្យពួកយើងទទួលបានអ្វីមួយដែលគេហៅថា សេរីភាព»។
លោក Mandela បានជាប់ពន្ធនាគារអស់រយៈពេល២៧ឆ្នាំ ដោយសារការប្រឆាំងរបស់លោកទៅនឹងរបបប្រកាន់ពូជសាសន៍អាផាថេត (Apartheid)។ លោកបានចេញពីពន្ធនាគារនៅឆ្នាំ១៩៩០ ហើយ បានជាប់ឆ្នោតជាប្រធានាធិបតីស្បែកខ្មៅដំបូងរបស់អាហ្វ្រិកខាងត្បូង នៅក្នុងការបោះឆ្នោតមួយដែលមានលក្ខណៈប្រជាធិបតេយ្យ និងចូលរួមដោយគ្រប់ជាតិសាសន៍ទាំងអស់នៅក្នុងឆ្នាំ១៩៩៤។ លោកបានទទួលមរណភាពនៅឆ្នាំ២០១៣ ក្នុងអាយុ៩៥ ឆ្នាំ៕
ប្រែសម្រួលដោយ ឡេង ស្រីនិច