សមាជិកព្រឹទ្ធសភាម៉ាឡេស៊ីទទួលពានរង្វាន់ស្ត្រីក្លាហានអន្តរជាតិ
អតីតអ្នកសារព័ត៌មាន ដែលសព្វថ្ងៃជាសមាជិកព្រឹទ្ធសភានិងជាអ្នកតំណាងសហគមន៍ជនពិការក្នុងប្រទេសម៉ាឡេស៊ីលោកស្រី Datuk Ras Adiba Radzi គឺជាជ័យលាភីម្នាក់ក្នុងចំណោម ១១ នាក់ ដែលបានទទួលពានរង្វាន់ស្ត្រីក្លាហានអន្តរជាតិ (International Women of Courage Award) ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី៨ ខែមីនា។ កម្មវិធីប្រគល់ពានរង្វាន់ស្ត្រីក្លាហានអន្តរជាតិនៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងជាលើកដំបូងនៅសេតវិមាន។ នេះគឺដោយសារតែភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Jill Biden ចង់លើកទឹកចិត្តស្ត្រីដែលមានស្នាដៃការងារធំធេងដើម្បីសង្គមមកពីជុំវិញពិភពលោក ជាពិសេសចំពោះ«ភាពក្លាហាន ភាពរឹងមាំ និងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ» នៅក្នុងកិច្ចការរបស់ពួកគេដើម្បីបុព្វហេតុសន្ដិភាព យុត្តិធម៌ សិទ្ធិមនុស្ស សមភាពយេនឌ័រ និងបុព្វហេតុផ្សេងៗជាច្រើនទៀត។ កញ្ញា ទុំ ម្លិះ នៃ VOA ជូនសេចក្ដីរាយការណ៍អំពីរឿងនេះ ពីបុរី New York ដូចតទៅ៕