ក្រុមសិទ្ធិមនុស្សបានលើកឡើងថា ចាប់តាំងពីថ្ងៃទី៦ ខែឧសភាមក យ៉ាងហោចណាស់មានមនុស្សចំនួន៨នាក់ត្រូវបានចោទប្រកាន់ ឬត្រូវបានកោះហៅទៅសួរនាំចំពោះសាររិះគន់ទៅលើរដ្ឋាភិបាល ស្ថាប័នប៉ូលិស ឬទៅលើរាជវង្សដែលពួកគេបានបង្ហោះនៅលើបណ្តាញសង្គម ដែលក្នុងនោះអ្នកពាក់ព័ន្ធក្នុងការចោទប្រកាន់ទាំងនោះ រួមមានសមាជិកសភាមកពីគណបក្សប្រឆាំង អ្នកសារព័ត៌មាន និងប្រធានអង្គការឃ្លាំមើលអំពើពុករលួយក្នុងរដ្ឋាភិបាលផងដែរ។
លោក Thomas Fann ប្រធានអង្គការគាំទ្រប្រជាធិបតេយ្យក្នុងប្រទេសម៉ាឡេស៊ីមួយឈ្មោះ Bersih បានថ្លែងក្នុងសម្តីដើមថា៖ «យើងកំពុងចាប់ផ្តើមមើលឃើញការត្រឡប់ទៅរកទម្លាប់របស់រដ្ឋាភិបាលចាស់ដែលបានប្រកាន់យកគឺអ្នករិះគន់មិនគ្រាន់តែត្រូវបានគេហៅទៅសាកសួរប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងតែទទួលនូវការចោទប្រកាន់ និងនាំខ្លួនទៅកាន់តុលាការផងដែរ»។
លោកបន្ថែមទៀតថា «អាជ្ញាធររបស់ប្រទេសម៉ាឡេស៊ីចង់ផ្ញើសារដ៏ខ្លាំងមួយថាពួកគេនឹងមិនអត់ឱនចំពោះការប្រឆាំងមួយមកលើពួកគេឡើយ»។
រដ្ឋាភិបាលជាតិដែលគ្រប់គ្រងប្រទេសដ៏យូរ និងពោរពេញដោយអំពើពុករលួយរបស់គណបក្សចម្រុះ Barisan ក្នុងប្រទេសម៉ាឡេស៊ី បានចាញ់ការបោះឆ្នោតសកលក្នុងឆ្នាំ២០១៨ ដែលពេលនោះរដ្ឋាភិបាលចម្រុះកែទម្រង់ថ្មីមួយត្រូវបានបង្កើតឡើងនិងដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Mahathir Mohamad ប៉ុន្តែរដ្ឋាភិបាលថ្មីនេះបានដួលរលំកាលពីខែកុម្ភៈ នៅពេលដែលសមាជិកសភាបំបែកខ្លួនមួយចំនួនបានទៅចូលរួមកម្លាំងជាមួយគណបក្សនាំមុខរបស់រដ្ឋាភិបាលអាណត្តិមុន ដែលប្រការនេះ បានធ្វើឱ្យមានការដណ្តើមអំណាចគ្នាក្នុងចំណោមថ្នាក់ដឹកនាំ ហើយដែលនៅទីបំផុតព្រះមហាក្សត្ររបស់ប្រទេសម៉ាឡេស៊ីបានតែងតាំងអ្នកចុះចូលម្នាក់គឺលោក Muhyiddin Yassin ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ី។
ព្រះមហាក្សត្ររបស់ប្រទេសម៉ាឡេស៊ី បានអះអាងថាលោក Muhyiddin ប្រមូលបានការគាំទ្រសមាជិកសភាភាគច្រើន ប៉ុន្តែទោះជាយ៉ាងនេះក្តីលោក Muhyiddin មិនទាន់ទទួលបានការសាកល្បងសម្រាប់ការបោះឆ្នោតមួយនៅក្នុងរដ្ឋសភានៅឡើយទេ។ អ្នករិះគន់ «ចំពោះរដ្ឋាភិបាលដែលកើតតាមទ្វារក្រោយ» របស់លោក Muhyiddin នេះមានការសោកស្តាយចំពោះការតថ្លៃផ្នែកនយោបាយរបស់រដ្ឋាភិបាលថ្មីនេះដែលសុខចិត្តនៅរួមគ្នា ហើយអ្នករិះគន់ចង់ឃើញមានការបោះឆ្នោតជាសកលថ្មីមួយកើតឡើង។
លោក Fann បានលើកឡើងថា ការស៊ើបអង្កេត និងការកាត់ទោសអ្នករិះគន់រដ្ឋាភិបាលបានថមថយវិញ បន្ទាប់ពីការបរាជ័យរបស់គណបក្សចម្រុះ Barisan កាលពី២ឆ្នាំមុន ហើយលោកបារម្ភថាការកើនឡើងនូវការបង្ក្រាបនៅពេលថ្មីៗនេះនឹងដាក់សម្ពាធដល់ក្រុមសមាជិកសភា និងអ្នកសារព័ត៌មានឱ្យដាក់កំហិតលើខ្លួនឯងមិនហាននិយាយស្តី។
លោក Fann ថ្លែងក្នុងសម្ដីដើមថា៖ «នេះជារឿងមួយគួឱ្យអាម៉ាស់យ៉ាងពិតប្រាកដ ពីព្រោះយើងកំពុងតែចាប់ផ្តើមឃើញនូវសារព័ត៌មានដែលមានលក្ខណៈបើកចំហ និងដូចអ្នកដឹងហើយថាសារព័ត៌មានកំពុងតែបញ្ចេញសំឡេងរបស់ខ្លួនយ៉ាងខ្លាំងឡើង និងកំពុងតែមានឯករាជ្យកាន់តែច្រើនឡើងផងដែរ។
ក្នុងចំណោមមនុស្សដែលរងផលវិបាកដោយសាររិះគន់នូវអំពើអាក្រក់របស់រដ្ឋាភិបាលថ្មីនេះ រួមមានលោកស្រី Cynthia Gabriel នាយកស្ថាបនិកនៃមជ្ឈមណ្ឌលឯករាជ្យសម្រាប់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបក្សពួកនិយម។ លោកស្រីត្រូវបានប៉ូលិសកោះហៅទៅសួរនាំកាលពីថ្ងៃទី១០ ខែមិថុនា ទាក់ទងនឹងរឿងលិខិតចំហមួយរបស់លោកស្រី ដែលទាមទារឱ្យគណៈកម្មការប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ី ធ្វើការស៊ើបអង្កេតការចោទប្រកាន់ទាក់ទងនឹងការតថ្លៃគ្នាផ្នែកនយោបាយ និងការចំណាយលុយទិញទឹកចិត្តភក្តីភាពរបស់សមាជិកសភា។
លោកស្រី Gabriel ហៅការកោះហៅរបស់លោកស្រីទៅសាកសួរនោះថាជា «ទង្វើបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញ» ក្នុងបំណងបំបិទមាត់លោកស្រី និងអ្នកដទៃ នៅពេលដែលរដ្ឋាភិបាលរបស់លោក Muhyiddin ដែលទើបចាប់កំណើតនេះនៅមិនទាន់រឹងមាំ។
លោកស្រី Gabriel បន្តក្នុងសម្តីដើមថា៖ «មានក្រុមជាច្រើននៅក្នុងចំណោមគណបក្សនយោបាយ ហើយការតស៊ូដណើ្តមអំណាចមិនដែលមានភាពតានតឹងដូចក្នុងពេលនេះទេ។ ដូចនេះភាពមិនប្រាកដប្រជាក្នុងការកាន់អំណាចបានធ្វើឱ្យអ្នករិះគន់ និងអ្នកប្រឆាំងក្លាយជាជនរងគ្រោះដ៏ធំ នៅពេលដែលអាជ្ញាធរប្រើប្រាស់នូវអំណាចរបស់គេ ក្នុងការបំបិតមាត់របស់យើង និងសាបព្រួសនូវភាពភ័យខ្លាចដូចរដ្ឋផ្តាច់ការមួយផងដែរ»។
ការកោះហៅនាពេលថ្មីៗនេះក៏រួមមានផងដែរសមាជិកសភាគណបក្សប្រឆាំងលោក Xavier Jayakumar ដែលបានរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបង្រួញពេលវេលាប្រជុំរបស់សភាកាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅ ដើម្បីជៀសវាងនូវរបៀបវារៈនៃការបោះឆ្នោតមិនទុកចិត្តមួយសម្រាប់រដ្ឋាភិបាល។
ក្នុងចំណោមអ្នករងការចោទប្រកាន់ផ្សេងៗទៀតក៏រួមមានផងដែរអ្នកសរសេរប្លុក (blog) ដែលបានបង្ហោះសារនិយាយពីនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្ររបស់ម៉ាឡេស៊ី និងអតីតអ្នកអត្ថាធិប្បាយតាមវិទ្យុម្នាក់ដែលបានបង្ហោះសារដែលគេចាតទុកថារិះគន់ព្រះអង្គម្ចាស់រាជទាយាទរបស់ប្រទេសម៉ាឡេស៊ីផងដែរ។
មជ្ឈមណ្ឌលម៉ាឡេស៊ីសម្រាប់សារព័ត៌មានឯករាជ្យបានឱ្យដឹងថា ការចោទប្រកាន់ទាំងនេះគឺហួសហេតុលើសពីភាពចាំបាច់ដែលសមស្របក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ។
«យើងត្រូវការបរិយាកាសមួយដែលមានលទ្ធភាពក្នុងការលើកស្ទួយនូវការពិចារណាស៊ីជម្រៅ ឬ critical thinking និងការពិភាក្សាប្រកបដោយអត្ថន័យ ដែលនឹងជួយលើកកម្ពស់ដល់អភិបាលកិច្ចល្អនិងប្រជាធិបតេយ្យ» នេះបើយោងតាមសម្តីដើមរបស់លោកស្រី Wathshlah Naidu នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលម៉ាឡេស៊ីសម្រាប់សារព័ត៌មានឯករាជ្យ។
លោកស្រីបន្តក្នុងសម្ដីដើមទៀតថា៖ «នេះជាពេលវេលាដែលយើងបដិសេធនូវសកម្មភាពរបស់រដ្ឋអំណាចដែលបំបិទសំឡេងប្រឆាំងដើម្បីធ្វើឱ្យសេរីភាពនៃការបញ្ជេញមតិនិងយោបល់មានការលូតលាស់នៅក្នុងប្រទេសម៉ាឡេស៊ី»។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិឈ្មោះ Article 19 (មាត្រា១៩) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ក៏បានលើកឡើងផងដែរទាក់ទងនឹងរឿងនេះ។
លោក Phil Robertson នាយករងអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ពលរដ្ឋម៉ាឡេស៊ីគួរមានលទ្ធភាពក្នុងការរិះគន់រដ្ឋាភិបាលនិងគោលនយោបាយរបស់គេ ដោយមិនភ័យខ្លាចនូវការកោះហៅទៅសាកសួរបស់ប៉ូលិស និងទទួលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌនោះទេ»។
ក្រុមសិទ្ធិមនុស្សបានដាក់ការបន្ទោសមួយផ្នែកទៅលើច្បាប់មួយចំនួន ដែលមានភាពមិនច្បាស់លាស់ និងទូលំទូលាយហើយត្រូវបានអាជ្ញាធរយកមកប្រើប្រាស់ក្នុងការបង្រ្កាបនៅក្នុងរឿងនេះ ដែលក្នុងនោះរួមមានដូចជាផ្នែកខ្លះនៃច្បាប់ព្រហ្មទណ្ឌ ច្បាប់ស្តីពីសារគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងច្បាប់ប្រឆាំងការបះបោរជាដើម។
លោក Thomas Fann ប្រធានអង្គការគាំទ្រប្រជាធិបតេយ្យ Bersih បានបញ្ជាក់ថា រដ្ឋាភិបាលមុនរបស់លោក Mahathir បានខកខានក្នុងការកែប្រែច្បាប់ទាំងនេះ។ លោកថា ប្រសិនបើរដ្ឋាភិបាលរបស់លោក Mahathir ពេលនោះបានកែប្រែច្បាប់ទាំងនេះ «ខ្ញុំគិតថា យើងនឹងមិនស្ថិតដូចស្ថានភាពនាពេលនេះឡើយ ដែលអ្នករិះគន់ជាអ្នកទទួលរងគ្រោះថ្នាក់នោះ»។
លេខាទទួលបន្ទុកផ្នែកព័ត៌មាន និងលេខាទទួលបន្ទុកផ្នែកនយោបាយរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបដិសេធនូវសំណើសម្ភាសន៍របស់ VOA។ លេខាធិការផ្នែកព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងលើស្ថាប័នប៉ូលិសជាតិនោះ ក៏បានបដិសេធសំណើសុំសម្ភាសន៍របស់ VOA ផងដែរ។ ដោយឡែកប៉ូលិសជាតិ និងការិយាល័យរបស់រដ្ឋអាជ្ញាមិនបានឆ្លើយតបចំពោះសំណើសុំការបញ្ជាក់ទាក់ទងនឹងរឿងនេះទេ៕
ប្រែសម្រួលដោយ លោកជ្រា វណ្ណារិទ្ធ