កិច្ចព្រមព្រៀងរបស់ប្រទេសម៉ាឡេស៊ីក្នុងការទិញកងនាវាចម្បាំងផលិតក្នុងប្រទេសចិន និងការបង្កើនការយាមល្បាតប្រឆាំងនឹងការជ្រៀតចូលដោយចិនបានគូសបញ្ជាក់ភាពសាំញ៉ាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ និងជាសញ្ញាបង្ហាញកំណើនកង្វល់អំពីការការពារជាតិ។
ពួកមន្ត្រីនៃប្រទេសនេះនៅអាស៊ីអាគ្នេយ៍ដែលមានឆ្នេរសមុទ្រលាតសន្ធឹងពីសមុទ្រ Sulu ទៅខាងលិចទៅដល់មហាសមុទ្រឥណ្ឌា បាននិយាយកាលពីខែវិច្ឆិកាថា ពួកគេនឹងទិញនាវាចម្បាំងធុន Littoral ផលិតក្នុងប្រទេសចិនចំនួនបួនគ្រឿង។
ពួកអ្នកវិភាគនិយាយថា នាវាទាំងនេះនឹងជំនួសនាវា៥០គ្រឿងនៃកងនាវីនៃប្រទេសម៉ាឡេស៊ី ដើម្បីការពារដែនទឹកពីការគំរាមកំហែងមួយចំនួន។ នៅក្នុងបណ្តាការគំរាមកំហែងទាំងនេះមានការគំរាមកំហែងមកពីប្រទេសចិនដែលបានប្រកួតប្រជែងជាមួយម៉ាឡេស៊ីក្នុងការទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង។
លោក Ibrahim Suffian ប្រធានកម្មវិធីនៃក្រុមស្ទង់មតិនៅមជ្ឈមណ្ឌល Merdeka មានមូលដ្ឋានក្នុងក្រុងគូឡាឡាំពួបាននិយាយថា «លោកនាយករដ្ឋមន្ត្រីបានប្រកាសអំពីកិច្ចព្រមព្រៀងជាមួយប្រទេសចិនកាលពីឆ្នាំទៅមិញដើម្បីទិញនាវាបែប Littoral បួនគ្រឿង។ កាលពីអតីតកាលកងយោធពលនៃប្រទេសម៉ាឡេស៊ីតែងតែទិញសព្វាវុធពីពួកបស្ចឹមប្រទេសដូចជាស.រ.អា ប្រទេសអង់គ្លេស ឬប្រទេសបារាំងជាដើម ដូច្នេះការទិញនាវាទាំងនេះពីប្រទេសចិនកំណត់ការចាកចេញពីការធ្លាប់ធ្វើពីពេលមុនៗ»៕