មួយថ្ងៃក្រោយពីក្រុមអ្នកបោះឆ្នោតបារាំងបានដាក់លោកស្រីនៅក្នុងការបោះឆ្នោតប្រធានាធិបតីជាថ្មីជាមួយលោក Emmanuel Macron បេក្ខជននិយមនយោបាយកណ្តាលលោកស្រី Marine Le Penបេក្ខនារីជាតិនិយមនិងប្រឆាំងនឹងអន្តោប្រវេសន៍បានប្រកាសថាលោកស្រីបានចុះចេញជាបណ្តោះអាសន្នពីតំណែងមេដឹកនាំគណបក្សរបស់លោកស្រីដើម្បីឱ្យលោកស្រីអាចឈរឈ្មោះជាបេក្ខជនម្នាក់សម្រាប់ «ជនជាតិបារាំងគ្រប់គ្នា»។
នៅក្នុងចំណាត់ការមួយមានគោលដៅពង្រីកការទាក់ចិត្តដល់លោកស្រី លោកស្រី Le Pen បាននិយាយនៅក្នុងទូរទស្សន៍សាធារណៈបារាំងថា«នៅយប់នេះ ខ្ញុំលែងកាន់តំណែងជាប្រធានគណបក្ស National Front ទៀតហើយ។ខ្ញុំជាបេក្ខជនប្រធានាធិបតី» ដោយលោកស្រីបានថ្លែងបន្ថែមថាលោកស្រីចង់ «ឋិតនៅលើការពិចារណាប្រកាន់គណបក្ស»។
នៅក្នុងអ្វីដែលពួកអ្នកវិភាគនិយាយថាជាការរង្គើផែនដីខាងនយោបាយនៅក្នុងប្រទេសបារាំង លោកស្រី Le Pen បានទទួលសន្លឹកឆ្នោតគាំទ្រ២១.៥ភាគរយនៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង ចំណែកឯលោក Macron វិញបានទទួលការទ្រទ្រង់២៣.៨ភាគរយ។ អ្នកឈ្នះម្នាក់ត្រូវមានសន្លឹកឆ្នោតគាំទ្រច្រើនដាច់ណាត់ ដូច្នេះការបោះឆ្នោតជុំទីពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ខែឧសភាខាងមុខនេះ។
នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រទំនើបនៃសាធារណរដ្ឋបារាំងដែលតំណែងប្រធានាធិបតីនឹងត្រូវកាន់កាប់ដោយសមាជិកម្នាក់នៃគណបក្សមួយដែលមិនមែនជាគណបក្សតាមប្រពៃណីដែលគូសបញ្ជាក់អំពីមនោសញ្ចេតនាប្រឆាំងនឹងអ្នកកាន់អំណាចដែលអាចកំណត់ថាតើប្រទេសបារាំងនឹងឋិតនៅជាផ្នែកមួយរបស់សហភាពអឺរ៉ុបឬដើរតាមមាគាឯករាជ្យមួយដូចជាប្រទេសអង់គ្លេសនៅក្រោយចេញពីសហភាពអឺរ៉ុបនិងស.រ.អា.នៅក្រោមលោក Donald Trump។
លោក Macron បានមានប្រសាសន៍នៅក្នុងការជួបជុំ ជ័យជំនះមួយកាលពីយប់ថ្ងៃអាទិត្យថា«ក្នុងពេលមួយឆ្នាំ យើងបានផ្លាស់ប្តូរវិស័យនយោបាយនៃប្រទេសបារាំងទាំងស្រុង»។
លោក Macron ដែលជាអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាយុ៣៩ឆ្នាំហើយនិយមនយោបាយកណ្តាលខាងឆ្វេងដែលលម្អៀងទៅខាងសហភាពអឺរ៉ុបនិងវិស័យជំនួញនាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោតទោះណាជាលោកបានចូលរួមកាលពីពេលមុនជាមួយប្រធានាធិបតីសង្គមនិយម Francois Hollande ដែលគ្មានប្រជាប្រិយភាពក៍ដោយ។ ការអំពាវនាវរបស់ចលនា En Marche! ប្រែថាដើរទៅមុខ! របស់លោកដែលមានរយៈពេលមួយឆ្នាំមកហើយនេះពឹងពាក់ភាគច្រើនលើតំបន់ក្រុងមានភាពសម្បូររុងរឿងនៃប្រទេសបារាំងដែលនៅទីនោះសាកលភាវូបនីយកម្មបានផ្តល់អត្ថប្រយោជន៍ដល់មនុស្សច្រើននាក់៕