នៅពេលដែលថ្ងៃថ្មីបានចាប់មានពន្លឺនៅសេតវិមាន លោកប្រធានាធិបតី ត្រាំ បានចេញសារតាម Twitter ការពារអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក។ លោកប្រធា នាធិបតី ត្រាំ បានសរសេរតាម Twitter ថា៖ «តើហេតុអ្វីបានជាមានការលេចចេញព័ត៌មានខុសច្បាប់ដ៏ច្រើននៅវ៉ាស៊ីនតោន?»។
ក្រោយមក លោក Sean Spicer អ្នកនាំពាក្យសេតវិមាន បានបញ្ជាក់សាររបស់ប្រធានាធិបតីត្រាំឡើងវិញ។ អ្នកនាំពាក្យសេតវិមាន Spicer និយាយថា៖ «នេះជាការព្រួយកង្វល់ពិតប្រាកដសម្រាប់លោកប្រធានាធិបតី។ យើងត្រូវតែឆ្ងល់ថាតើមនុស្សដែលធ្វើការឲ្យរដ្ឋាភិបាលយើងដែលត្រូវបានទុកចិត្តឲ្យការពារព័ត៌មាននិងឯកសារសម្ងាត់ កំពុងធ្វើឲ្យលេចធ្លាយព័ត៌មាននោះឬទេ?»។
ពួកអតីតមន្រ្តីនិងមនុស្សផ្សេងទៀតយល់ស្របថា ការលេចធ្លាយមិនមែនជាការល្អទេ ក៏ប៉ុន្តែ បានហៅការលាចេញពីដំណែងរបស់លោក Mike Flynn ជាការអាម៉ាសនិងព្រួយបារម្ភខ្លាចមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។
លោក John McCain ជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនិងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការយោធារបស់ព្រឹទ្ធសភា បានចាត់ទុកការលាចេញ ពីដំណែងរបស់លោក Flynn ថាជាការបង្ហាញនូវការរំខាននៃការមិនមានដំណើរការរបស់បណ្តាញសន្តិសុខជាតិនៅពេលបច្ចុប្បន្ននេះ។
លោក John McCainមានប្រសាសន៍ទៀតថា៖ «ការណ៍នេះ បង្កើននូវសំណួរបន្ថែមទៀតអំពីគោលបំណងរបស់រដ្ឋបាលលោក ត្រាំ ចំពោះប្រធានាធិបតីរុស្ស៊ី Vladimir Putin។
ពួកតំណាងរាស្រ្តរុស្ស៊ីបានរិះគន់តបតវិញ។ លោក Leonid Slutsky ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសក្នុងសភា Dumaរុស្ស៊ីនិយាយថា៖ «ការណ៍នេះក្លាយជាការវាយប្រហារប្រឆាំងយើងដែលមានចេតនាថា យើងបានពិភាក្សាបញ្ហាមិនត្រឹមត្រូវជាមួយទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក»។
លោក Barry Posen នៃមជ្ឈមណ្ឌល KLUGE នៅបណ្ណាល័យសភាបាននិយាយថា ការលាចេញពីតំណែងរបស់លោក Mike Flynn កើតមានឡើងចំពេលមិនល្អ។ លោកនិយាយថា៖ «លោកទើបតែបានចាប់ផ្តើមក្រុមប្រឹក្សាសន្តិសុខជាតិនិងគោលនយោបាយសន្តិសុខជាតិដែលមិនធ្លាប់មានកាលពីពេលមុន។ ឥឡូវ លោកបានចាកចេញបាត់ហើយ»។
នេះជារឿងសំខាន់សម្រាប់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលព្យាយាមកំពុងស្វែងយល់លទ្ធិគោលនយោបាយការបរទេសរបស់ប្រធានាធិបតីត្រាំ។ លោក Tom Keaney នៃសាលាការសិក្សាអន្តរជាតិជឿនលឿននៃសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា៖ «ក្រុមប្រឹក្សាសន្តិសុខជាតិ ជាតួនាទីដ៏សំខាន់មួយ ប្រហែលមានសារៈសំខាន់ដូចជាខាងការទូតដែលចេញពីក្រសួងការបរទេសហើយឯកអគ្គរដ្ឋទូត និង ក្រសួងការពារប្រទេស»។
អតីតមន្រ្តីក្រុមប្រឹក្សាសន្តិសុខជាតិនិយាយថា នៅមានពេលវេលានៅឡើយសម្រាប់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដើម្បីធ្វើការផ្លាស់ប្តូរដើម្បីឲ្យបានសម្រេចជោគជ័យ ហើយថាទីប្រឹក្សាសន្តិសុខជាតិថ្មីអាចជួយ ទោះជាវាអាចមិនគ្រប់គ្រាន់ក៏ដោយ។លោក Luke Hartig នៃមូលនិធិ New American និយាយថា៖ «ការណ៍ដែលមានលោកបញ្ចេញព័ត៌មាន បញ្ចេញសេចក្តីថ្លែងការណ៍ដែលប្រហែលមិនបានទទួលការអនុម័តពីសេតវិមាននោះ ខ្ញុំគិតថា អាចជាបញ្ហាមួយហើយខ្ញុំគិតថា ការណ៍នេះនឹងត្រឡប់មកបន្លាចលោកវិញតាមវិធីដែលយើងមិនអាចឃើញនៅពេលនេះ»។
នេះជាបញ្ហាប្រឈមមួយសម្រាប់អ្នកណាដែលនឹងឡើងកាន់តួនាទីដ៏សំខាន់នេះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន