ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាដំបូងដែលជាជនជាតិចិនកាលពីចុងខែមករា។ រហូតមកដល់ដើមខែកក្កដានេះ អាជ្ញាធររាយការណ៍ថា មានអ្នកឆ្លងវីរុសតែចំនួន១៤១នាក់ប៉ុណ្ណោះ ហើយគ្រប់ករណីទាំងអស់ គឺជាការចម្លងពីក្រៅប្រទេសដោយគ្មានការឆ្លងនៅក្នុងសហគមន៍ឡើយ។
នេះជាចំនួនតិចតួច បើប្រៀបធៀបនឹងបណ្តាប្រទេសសមាជិកសមាគមអាស៊ានខ្លះដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងហ្វីលីពីនដែលមានអ្នកឆ្លងយ៉ាងច្រើននិងកំពុងតែកើនឡើង។
ពីដំបូងៗថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ហាក់មិនសូវផ្តោតការយកចិត្តទុកដាក់លើគ្រោះថ្នាក់នៃជំងឺកូវីដ១៩នេះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង បានរៀបចំពិធីអធឹកអធមស្វាគមន៍នាវាទេសចរណ៍បរទេស MS Westerdam នៅក្រុងព្រះសីហនុបើទោះបីជាមានប្រទេសជាច្រើនបដិសេធមិនឲ្យចូលចត។ ចៃដន្យល្អ មិនមានអ្នកដំណើរណាម្នាក់ឆ្លងវីរុសឡើយ។
ប៉ុន្តែនៅពេលដែលវីរុសនេះចាប់ផ្តើមរាតត្បាតកាន់តែខ្លាំងដល់បណ្តាប្រទេសនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំកម្ពុជាបានមើលឃើញថា វាមិនមែនជាជំងឺធម្មតាទេ និងបានចាប់ផ្តើមចាត់វិធានការរឹតបន្តឹងនានា ដោយបិទសកម្មភាពការងារនិងអាជីវកម្មមួយចំនួន។
នៅពេលនេះកម្ពុជា មិនទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ ហើយក្នុងចំណោមអ្នកឆ្លង គឺបានជាសះស្បើយចំនួន១៣១ នាក់ហើយ។ នេះបើតាមតួលេខរបស់ក្រសួងសុខាភិបាលកម្ពុជា។
អ្នកជំនាញសុខាភិបាល និងវិភាគឯករាជ្យបានសង្ស័យតួលេខដ៏ទាបនេះដោយសារតែប្រព័ន្ធសុខាភិបាលកម្ពុជាខ្សោយហើយក្រុមគ្រូពេទ្យក៏មិនមានបទពិសោធន៍ធ្វើរោគវិនិច្ឆ័យជំងឺកូវីដ១៩ទេ ដែលអាចនាំឲ្យពួកគេអាចច្រឡំនឹងជំងឺផ្សេងៗដែលមានរោគសញ្ញាស្រដៀងគ្នា។
លោកវេជ្ជបណ្ឌិត ខឺតឡែន រ៉ូប៊ីនសុន (W. Courtland Robison) សាស្ត្រាចារ្យនៃមហាវិទ្យាល័យសុខាភិបាលប៊្លូមបឺកនៃសាកលវិទ្យល័យចនហប់គីន ដែលស្ថិតនៅរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់វីអូអេក្នុងបទសម្ភាសថា៖
«មិនមានអ្នកស្លាប់ណាម្នាក់គឺខ្ញុំស្ទើរតែជឿជាក់ថាប្រាកដជាការរាប់មិនត្រឹមត្រូវទេ។ កម្ពុជាមានប្រព័ន្ធសុខាភិបាលដែលមិនអាចធ្វើរោគវិនិច្ឆ័យជំងឺកូវីដ១៩បានត្រឹមត្រូវទេពីព្រោះវេជ្ជបណ្ឌិតនិងគិលានុប្បដ្ឋាយិកាមិនធ្លាប់បានជួបជំងឺនេះច្រើនទេ។ ពួកគេអាចនិយាយថានេះប្រហែលជាជំងឺគ្រុនក្តៅ ឬក៏ជាជំងឺអ្វីផ្សេង។ ប៉ុន្តែវាក៏អាចដែរថាបើវាមានក៏ទាបខ្លាំងដែរ។ ប្រហែលជាដោយហេតុផលជាច្រើនគឺកម្ពុជាមិនមានអ្នកឆ្លងច្រើនទេហើយមិនចាំបាច់តម្រូវឲ្យពួកគេត្រូវចូលសម្រាកពេទ្យនិងមិនមានអ្នកស្លាប់ច្រើន។ ខ្ញុំសង្ឃឹមអីចឹងចុះ»។
បើទោះបីជាមានមន្ទិលប៉ុន្តែលោកវេជ្ជបណ្ឌិត ខឺតឡែន រ៉ូប៊ីនសុនបានទទួលស្គាល់ថាបទពិសោធន៍ក្នុងការទប់ស្កាត់ជំងឺឆ្លងនានាដែលតំបន់អាស៊ីជួបប្រទះក៏ជួយដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជាដែរ។ ក្នុងនោះមានដូចជាប្រទេសកូរ៉េខាងត្បូងនិងសិង្ហបុរីដែលបានឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិត រ៉ូប៊ឺតសុនបានបន្ថែមថា៖
«ប្រទេសទាំងនេះខ្លះមានធនធានច្រើនជាងដូចជាចំណូលមធ្យមក្នុងពលរដ្ឋម្នាក់ជាដើម ប៉ុន្តែគឺប្រហែលជាដោយសារការឆ្លើយតបរបស់វិស័យសុខាភិបាលសាធារណៈនៅក្នុងប្រទេសទាំងនោះដោយផ្តោតលើជំងឺរាតត្បាតជាច្រើន។ ការពិតទៅនៅតំបន់នោះ មានជំងឺឆ្លងជាច្រើនដែលមានដូចជាជំងឺគ្រុនចាញ់និងគ្រុនឈាមជាដើម។ ខ្ញុំមិននិយាយថា ជំងឺកូវីដ១៩ដូចគ្នានឹងជំងឺទាំងនោះទេ ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់គឺពួកគេមានប្រព័ន្ធតាមដានសុខភាព និងការធ្វើតេស្តរហ័សនិងកំណត់ជំងឺដើម្បីទប់ស្កាត់តាំងពីដើមទី ហើយនៅបន្តតាមដានបើទោះបីជាពួកគេមានធនធានតិចតួចក៏ដោយប៉ុន្តែវាពិតជាជោគជ័យ»។
លោក ក្រែក ផូលីង (Greg Poling) អ្នកស្រាវជ្រាវជ្រាវជាន់ខ្ពស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍និងជានាយកនៃគម្រោងតម្លាភាពដែនសមុទ្ររបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ យល់ដូចគ្នានេះដែរ។ លោកបានអះអាងថា ប្រទេសកម្ពុជាបានធ្វើខុសស្ទើរតែគ្រប់បញ្ហាក្នុងនោះ គឺការណ៍ដែលលោក ហ៊ុនសែន បានព្រងើយកន្តើយនឹងចាត់ទុកថា វីរុសនេះមិនសំខាន់ ការបដិសេធមិនរឹតបន្តឹងការធ្វើដំណើរមកពីប្រទេសចិន និងការធ្វើតេស្ត និងព្យាបាលមានចំនួនតិចតួចជាដើម។
លោក ក្រែក ផូលីង បានបញ្ជាក់ប្រាប់វីអូអេក្នុងបទសម្ភាសថា៖
«ខ្ញុំគិតថាលទ្ធផលនៅពេលនេះ គឺដោយសារតែសំណាង។ មានប្រទេសដែលប៉ះពាល់ខ្លះមានសំណាងហើយអ្នកជិតខាងកម្ពុជាខ្លះមានប្រសិទ្ធភាពក្នុងការបិទសកម្មភាពដូចជានៅវៀតណាម និងថៃ រួមគ្នាជាមួយនឹងសមត្ថភាពរបស់ចិនទប់ស្កាត់ការឆ្លងរាលដាលបានដែលទំនងជាផ្តល់ផលប្រយោជន៍ដល់កម្ពុជាពីព្រោះពួកគេបានបិទការធ្វើដំណើរស្ទើរតែទាំងអស់ដែលចូលមកកម្ពុជា»។
ប្រទេសវៀតណាម បានបិទសាលារៀននៅចុងខែមករា និងតម្រូវឲ្យទេសចរត្រូវនៅដាច់ដោយឡែកចំនួន១៤ថ្ងៃចាប់ពីពាក់កណ្តាលខែមីនា។ ក្នុងពេលជាមួយគ្នានេះដែរ ទេសចរដែលមកពីប្រទេសនានាដែលមានដូចជាអឺរ៉ុប និងជប៉ុនក៏មិនបានមកដែរដោយសារតែការរឹតបន្តឹងការធ្វើដំណើរនៅក្នុងបណ្តាប្រទេសទាំងនោះ។ ប្រទេសវៀតណាមត្រូវបានអ្នកជំនាញសរសើរថា ចាត់វិធានការឆ្លើយតបបានល្អ។ រហូតមកដល់ពេលនេះប្រទេសកុម្មុយនីស្តនេះ មានអ្នកឆ្លងតែ៣៥៥នាក់ និងមានអ្នកនៅឈឺតែ១៩នាក់ ក្រៅពីនោះបានជាសះស្បើយអស់ និងមិនមានអ្នកស្លាប់ទេ។
ប្រទេសកម្ពុជា បានបិទទិដ្ឋាការបណ្តោះអាសន្នចំពោះជនបរទេសដែលមកពីប្រទេសដែលបានឆ្លងខ្លាំងដែលមានដូចជាសហរដ្ឋអាមេរិក អេស្ប៉ាញ អាល្លឺម៉ង់ និងអ៊ីតាលីបិទសាលារៀន បិទក្លឹបកំសាន្ត រឹតបន្តឹងការធ្វើដំណើរក្នុងស្រុក ត្រួតពិនិត្យសុខភាពនៅច្រកព្រំដែន ដាក់អ្នកសង្ស័យឲ្យនៅដោយឡែកតាមផ្ទះរយៈពេល១៤ថ្ងៃ និងលុបចោលកម្មវិធីចូលឆ្នាំប្រពៃណីជាដើម។ ប៉ុន្តែការធ្វើតេស្ត គឺនៅមានកំហិតនៅឡើយគឺផ្តោតសំខាន់តែលើអ្នកដែលធ្លាប់ធ្វើដំណើរអន្តរជាតិ។ រហូតមកដល់ពេលនេះ គឺកម្ពុជាបានធ្វើតេស្តចំនួនជាង៣៧.០០០នាក់ប៉ុណ្ណោះ។ នេះបើតាមតួលេខរបស់ក្រសួងសុខាភិបាលកម្ពុជា។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន CICP និងជាបេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យគ្វីនឡែន ក្នុងប្រទេសអូស្ត្រាលី បានបញ្ជាក់ប្រាប់វីអូអេថា៖
«ការណ៍ដែលគាត់ដោះស្រាយបញ្ហាបិទសាលាជាហូរហែអីចឹងទៅរាងលឿនជាងមុន។ ខ្ញុំគិតថា នេះដោយសារតែគាត់ឃើញថា ប្រទេសផ្សេងៗឆ្លងខ្លាំងគាត់ខ្លាចហើយប្រសិនបើអនុញ្ញាតឲ្យឆ្លងពេញប្រទេសមែនវាប៉ះពាល់ដល់គាត់ដែរពីព្រោះគាត់ជាអ្នកដឹកនាំ បើសិនជាឆ្លងច្រើនគាត់ទប់មិនជាប់គឺបញ្ហាប្រទេសជាតិទាំងមូល»។
បន្ថែមលើនេះទម្លាប់ល្អរបស់ពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋអាស៊ីដទៃទៀតដែលពាក់ម៉ាស់នៅពេលណាដែលពួកគេមានសុខភាពមិនសូវល្អ ក៏ជួយបញ្ចៀសវិបត្តិសុខភាពនេះដែរ។ មិនថា តែគ្រាមានជំងឺកូវីដ១៩ទេ គឺសូម្បីតែពេលមានជំងឺក្អក ឬ មិនស្រួលខ្លួន ក៏ពួកគេពាក់ម៉ាស់នៅពេលធ្វើដំណើរតាមរថយន្តក្រុង ឬ នៅកន្លែងធ្វើការ ដែលការណ៍នេះខុសពីទម្លាប់នៅសហរដ្ឋអាមេរិកដែលមានអ្នកខ្លះប្រឆាំងវិញបើអាជ្ញាធរតម្រូវឲ្យពាក់ម៉ាស់ ហើយវាបានក្លាយជារឿងនយោបាយ។ នេះបើតាមការសង្កេតរបស់លោកវេជ្ជបណ្ឌិត រ៉ូប៊ីនសុន។
លោកវេជ្ជបណ្ឌិតរ៉ូប៊ីនសុន ធ្លាប់ធ្វើការងារនៅតំបន់អាស៊ីរយៈពេល២៥ឆ្នាំក្នុងនោះមានប្រទេសកម្ពុជា និងធ្វើការងារតាមជំរុំនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃផងដែរ។
លោកបានបញ្ជាក់បន្ថែមថា៖
«មនុស្សពាក់ម៉ាស់គឺជារឿងធម្មតា នៅពេលណាដែលមានការផ្ទុះជំងឺអ្វីមួយកើតឡើងដូចជាករណីឆ្លងលើកនេះគឺត្រូវបានរាយការណ៍តាំងពីចុងខែមករានិងនៅខែកុម្ភៈ ដូច្នេះសម្រាប់ខ្ញុំគឺមិនភ្ញាក់ផ្អើលទេដែលពលរដ្ឋនៅអាស៊ីយល់ដឹងពីវិធីការពារខ្លួន ក៏ដូចជាដើម្បីបង្ហាញការគោរពដល់មនុស្សដទៃថា ខ្ញុំមិនក្អកដាក់មុខអ្នកទេ គឺខ្ញុំពាក់ម៉ាស់»។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យនៃមហាវិទ្យាល័យអុកស៊ីដឹនថល ក្នុងរដ្ឋកាលីហ្វញ៉ាយល់ស្របថា ស្តង់ដាហេដ្ឋារចនាសម្ព័ន្ធទាបរបស់កម្ពុជាបានក្លាយជាពរជ័យលាក់មុខមួយសម្រាប់ពលរដ្ឋកម្ពុជា។ លោកបានបញ្ជាក់ក្នុងសារហ្វេសប៊ុកប្រាប់វីអូអេថា៖
«តួលេខរបស់កម្ពុជាមិនគួរឲ្យជឿទេ ប៉ុន្តែខ្ញុំជឿថាប្រទេសកម្ពុជាមានភ័ព្វសំណាង ដោយសារតែមានផ្លូវមិនល្អនិងហុយធូលី គឺពលរដ្ឋនិយមពាក់ម៉ាស់។ ទន្ទឹមនឹងនោះដែរពួកគេ អត់ចាប់ដៃគ្នាទេ អីចឹងហើយទើបគ្មានការឆ្លងវីរុស។ ទាំងពីរចំណុចនេះ គឺមិនមែនជាវិធានការរបស់រដ្ឋាភិបាលទេ»។
ជំនួយអន្តរជាតិ ក៏បានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែរ។ ប្រទេសកម្ពុជាបានទទួលជំនួយបរិក្ខាពេទ្យតាំងពីដំបូងទីពីប្រទេសចិន គឺតាំងពីពាក់កណ្តាលខែមីនា។ បន្ទាប់មកទៀតគឺមានជំនួយថវិកាពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អឺរ៉ុបនិងស្ថាប័នអន្តរជាតិដែលមានដូចជាធនាគារពិភពលោក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង១១លានដុល្លារ ដល់កម្ពុជាសម្រាប់ការងារទប់ស្កាត់ជំងឺឆ្លង និងគាំទ្រដល់មន្ទីរពិសោធន៍ជាដើម។ នេះបើតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ។
នៅលើជ្រុងអវិជ្ជមានរដ្ឋាភិបាលកម្ពុជា ក៏បានដាក់វិធានការរឹតបន្តឹងតាមដានពលរដ្ឋបញ្ចេញមតិលើបញ្ហាកូវីដ១៩ដោយអាជ្ញាធរចាត់ទុកថា ផ្សាយព័ត៌មានមិនពិតចំពោះព័ត៌មានណាដែលរិះគន់ និងក៏មានចេញច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នក្នុងគ្រាមានវិបត្តិសុខភាពនេះ បាននាំឲ្យមានការរិះគន់ និងសង្ស័យកាន់តែខ្លាំងលើការឆ្លងវីរុសនេះ នៅកម្ពុជា។
អ្នកស្រី ធិត គឹមហ៊ុន សាស្ត្រាចារ្យខាងបច្ចេកទេសឱសថសាស្ត្រនៃមហាវិទ្យាល័យសហគមន៍Davidson នៅរដ្ឋណ័សការ៉ូឡាញណា បានបញ្ជាក់ក្នុងបទសម្ភាសជាមួយនឹងវីអូអេថា៖
«នៅក្នុងដំណាក់កាលកូវីដ១៩នេះ យើងឃើញថានៅក្នុងប្រទេសកម្ពុជាមានការរឹតត្បិតខ្លាំងបំផុត។ ការរឹតត្បិតនេះ គឺនៅពេលដែលមានជំងឺកូវីដ១៩នេះលើយុវជននិងពលរដ្ឋធម្មតា គឺមិនចាំបាច់លើសកម្មជនគណបក្សសង្គ្រោះជាតិទេ។ គ្រាន់តែយុវជនលើកឡើងថា កូវីដ១៩បានកើតមានហើយនៅទីដែលខ្ញុំរស់នៅក៏មានការគំរាមកំហែងរឹតត្បិតឲ្យមកសុំទោសជាសាធារណៈថា ផ្សាយព័ត៌មានមិនមែនជាការពិត»។
អ្នកស្រី គឹមហ៊ុន យល់ថាការទប់ស្កាត់នេះគឺបន្ទុចបង្អាក់នៃការផ្សព្វផ្សាយដើម្បីស្វែងរកព័ត៌មានពិតព្រោះវានាំឲ្យអ្នកដែលមានរោគសញ្ញាខ្លះប៉ុន្តែមិនច្បាស់លាស់ខ្លួនឯងគឺមិនហ៊ានមកមន្ទីរពេទ្យដើម្បីធ្វើតេស្តរកវីរុសទេ៖
«នៅលើពិភពលោកនេះ គឺមិនថាក្រសួងសុខាភិបាល ឬ ក្រសួងអ្វីទេគឺយើងត្រូវការផ្អែកលើព័ត៌មានពិត ព័ត៌មានដែលចេញពីតាមតំបន់ ហើយយើងអាចស្រាវជ្រាវនូវស្ថិតិនៃការឆ្លងដោយឲ្យមនុស្សបញ្ចេញយោបល់ពិត។ បើសិនជាយើងគំរាមកំហែង និងបន្ទុចបង្អាក់គាត់ ហើយបើគាត់កើតកូរ៉ូណាមែនធ្វើម៉េចគាត់ហ៊ានទៅពេទ្យមើល ហើយធ្វើម៉េចគាត់ហ៊ានថា គ្រួសារខ្ញុំឆ្លងកូវីដ១៩ហើយ»។
ពីខែមករាដល់ខែមិថុនា អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនពលរដ្ឋ១៥នាក់ដែលបានពិភាក្សាពីវីរុសនិងចែកចាយអត្ថបទតាមបណ្តាញសង្គម។ ពលរដ្ឋចំនួន៨០នាក់ទៀតត្រូវបានដោះលែងឲ្យនៅ ក្រៅឃុំហើយអាចត្រូវចាប់ខ្លួនវិញពេលណាក៏បាន។ នេះបើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watch។
លោក ភីថឺ កែវ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យសុខាភិបាលស្តែនហ្វឺដ បានចាត់ទុកថាការរាយការណ៍ពីតួលេខទាបជារឿងធម្មតាសម្រាប់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ ប៉ុន្តែ សម្រាប់កម្ពុជាការរាយការណ៍មិនត្រឹមត្រូវ ឬ ដោយលាក់បាំងអាចធ្វើឲ្យគេមើលឃើញថា មេដឹកនាំខ្សោយទៅវិញទេ។ ពីព្រោះនៅសហរដ្ឋអាមេរិកដែលខ្លាំងជាងគេ ប៉ុន្តែមានអ្នកឆ្លងនិងស្លាប់ជាច្រើនម៉ឺននាក់។ ប៉ុន្តែហេតុអ្វីកម្ពុជាបែរជាមានតិច។
លោកបានបន្ថែមថា៖
«សាច់រឿងដែលចេញពីករណីនេះ គឺថាប្រសិនបើអ្នកជាពលរដ្ឋកម្ពុជា គឺអ្នកនឹងនិយាយថា ទោះបីជាសហគមន៍អន្តរជាតិនិយាយថា យ៉ាងម៉េចក៏ដោយគឺពួកយើងអត់ខ្សោយទេ។ បើមិនជឿមើលចំនួនឆ្លងក្នុងប្រទេសយើង។ ខ្ញុំគិតថា នេះគឺជាអ្វីដែលពួកគេកំពុងធ្វើ។ ពួកគេខិតខំលាក់បាំងដើម្បីឲ្យមើលទៅពួកគេឃើញដូចជាមាឌធំជាងការពិត»។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត ខឺតឡែន រ៉ូប៊ីនសុននៃសាកលវិទ្យាល័យចនហប់គីនយល់ថាបើសិនជាកម្ពុជាមានអ្នកស្លាប់ដោយកូវីដ១៩ច្រើនដោយមិនបានកត់ត្រាត្រឹមត្រូវក៏មិនអាចលាក់ពីមហាជននិងអ្នកសារព័ត៌មានបានដែរ។
«មានហេតុផលជាច្រើនត្រូវចោទសួរពីភាពពេញលេញនៃទិន្នន័យរបស់កម្ពុជា ប៉ុន្តែប្រសិនបើមានការឆ្លងរាលដាលពាសពេញមែន និងមានមនុស្សសម្រាកពេទ្យនិងស្លាប់ គឺសូម្បីតែរដ្ឋាភិបាលមិនបានតាមដានឲ្យដិតដល់ក៏ដោយក៏បណ្តាញសារព័ត៌មានដូចជាលោកនិងអ្នកដទៃទៀតនឹងរាយការណ៍ពីរឿងនេះហើយ»។
លោក ហេង គីមគង់នៃសាកលវិទ្យាល័យគ្វីនឡែនក៏យល់ដូចនេះដែរ៖
«សម័យហ្វេសប៊ុកនេះពិបាកលាក់បន្តិចហើយ។ កាលពីមុនមានខ្យល់គប៉ុន្មានករណីដែរ។ អីចឹងគេបង្ហោះសង្ស័យថាមានទាក់ទងនឹងកូវីដហើយក្រោយមកទៀតបើសិនជាមានស្លាប់ច្រើនមែនប្រាកដជាមានការរាយការណ៍ និងស៊ែរតាមហ្វេសប៊ុក។ អីចឹងខ្ញុំគិតថា ការសង្ស័យនោះប្រហែលជាមិនត្រឹមត្រូវប៉ុន្មានទេ។ ប្រហែលជាអីចឹង»។
យ៉ាងណាក៏ដោយប្រទេសកម្ពុជានៅតែ បន្តបិទសកម្មភាពមួយចំនួនក្នុងនោះមានគ្រឹះស្ថានអប់រំសិក្សា និងក្លឹបកំសាន្តជាច្រើន បើទោះបីជាសកម្មភាពពាណិជ្ជកម្មមួយចំនួនហាក់វិលមករកភាពធម្មតាវិញហើយក៏ដោយ៕