ពេលមេឃមានពពកមីរដេរដាសរកកលនឹងភ្លៀង សពរបស់អតីតមេមនោគមវិជ្ជានៃរបបកុម្មុយនិស្តខ្មែរក្រហម លោកនួន ជា ត្រូវបានបូជានៅក្នុងយប់ថ្ងៃសុក្រនេះ នៅវត្តព្រំគិរីមរកត ខេត្តប៉ៃលិនជាប់ព្រំដែនប្រទេសថៃ។
ពិធីសូត្រធម៌ និងសម្រែកនឹករឭកអតីតមេខ្មែរក្រហមរូបនេះបានលាន់ឮទ្រហឹងពេញបរិវេណវត្ត។
ព្រះតេជគុណវ៉ែន ចាន់សុម៉ៃ ព្រះចៅអធិការវត្តព្រំគិរីមរកត ជំនួសមុខឱ្យក្រុមគ្រួសារលោកនួន ជា បានឡើងអានវិយោគកឋារំឭកអំពីខ្សែជីវិតរបស់អតីតមេខ្មែរក្រហមរូបនេះ ដែលរបបដឹកនាំរបស់លោកមិនបានអនុញ្ញាតឱ្យមានវត្តអារាម និងការប្រណិបត្តិជំនឿសាសនាអ្វីឡើយ។
«កូនៗនៅចាំបានថា កាលពីពួកយើងនៅតូចៗ ពួកយើងមិនដែលឃើញលោកឪពុក បាននៅជួបជុំគ្រួសារទេ តែកូនៗយល់ច្បាស់ពីអ្វីដែលលោកឪពុកកំពុងធ្វើ គឺលោកចង់បានប្រទេសមួយឯករាជ្យ សន្តិភាព ប្រជាជនរស់នៅមានជីវភាពធូរធា សមរម្យ កូនចៅបានទទួលការរៀនសូត្រគ្រប់ៗគ្នា»។
អ្នកចូលរួមក្នុងពិធីរំលាយសពលោកនួន ជា នេះមានប្រមាណជាច្រើនរយនាក់ ក្នុងនោះមានអភិបាលរងខេត្តប៉ៃលិន អ្នកស្រីជា លាភ លោក សួង ស៊ីគឿន អតីតមន្ត្រីក្រសួងការបរទេសខ្មែរក្រហម និងលោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម។
មកទល់នឹងពេលមរណភាព លោកបានជាប់ពន្ធនាគារអស់មួយជីវិត ជាការសម្រេចក្ដីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទាក់ទិននឹងតួនាទី«ទទួលខុសត្រូវខ្ពស់បំផុត»របស់លោកក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលកាន់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងបណ្ដាលឱ្យបណ្ដាជនប្រមាណយ៉ាងហោច១,៧លាននាក់បាត់បង់ជីវិត។
លោកផន សម្បូរ អាយុ៦៥ឆ្នាំ ជាអតីតទាហានខ្មែរក្រហមតាំងពីឆ្នាំ១៩៧២មកដល់ឆ្នាំ១៩៩៦ បានចេញដំណើរពីផ្ទះរបស់លោកនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាំងតែពីព្រឹកព្រលឹមដើម្បីមកឱ្យទាន់ពិធីបុណ្យបូជាលោកនួន ជា អតីតមេកើយ។
«នឹកឃើញថា យើងធ្លាប់រស់ជាមួយគាត់គ្រប់គ្រង ដូច្នេះថ្ងៃនេះមកជួបចុងក្រោយ ដែលគាត់លាចាកលោកទៅ ... មានអីគ្រាន់តែថា ឱ្យគាត់ហ្នឹងទៅកើតសុគតិភពឱ្យបានគេហៅថា ខ្ពង់ខ្ពស់ហ្នឹង ហើយដ៏ល្អប្រសើរ»។
នៅក្បែរនោះ អ្នកស្រីនួន ជីវី អាយុ៥៨ឆ្នាំ ដែលរស់នៅក្រុងប៉ៃលិន ក៏ធ្លាប់មានអតីតភាពក្នុងចលនាខ្មែរក្រហម។ អ្នកស្រីបានចេញដំណើរមកដល់ផ្សារព្រំវេលាម៉ោងប្រមាណ២រសៀល។ អ្នកស្រីបានលើកឡើងថា អ្នកស្រីមានការនឹកស្រណោះលោក នួន ជា ដែលធ្លាប់ដឹកនាំចលនាមួយដែលអ្នកស្រីធ្លាប់បានដើរតាម។
«ចា៎ គឺខ្ញុំមកនេះគឺប្ដីខ្ញុំគាត់ធ្លាប់ធ្វើការជាមួយគាត់ដែរ អ៊ីចឹងទៅណា តែគាត់មកមិនរួច។ គាត់ក៏ប្រាប់ខ្ញុំថា ឱ្យមកដុតធូបដុតអី ជូនពរគាត់ឱ្យទៅបានសុខសប្បាយ ហើយក៏មានការសោកស្ដាយ។ គាត់មានអាយុច្រើន ហើយគាត់បានលាចាកលោកទៅ មានតែដុតធូបជូនពរគាត់ គឺជាតិក្រោយឱ្យគាត់មានសំណាងល្អ កុំឱ្យពាក់ព័ន្ធរឿងនយោបាយអីៗ ឱ្យគាត់សុខសប្បាយ ដូចតែយើងអ៊ីចឹងណាអូន»។
នៅពេលត្រូវបានសួរឱ្យធ្វើការបញ្ចេញទស្សនៈចំពោះការកាត់ទោស និងបទចោទប្រឆាំងលោកនួន ជា អ្នកស្រីនួន ជីវី បានលើកឡើងថា៖
«ចា៎ ខ្ញុំយល់ថា ជាច្បាប់គឺត្រឹមត្រូវ អូន! ច្បាប់គេសង្គមមុនផ្សេង ឥឡូវផ្សេង តែគេតាមស្រាវជ្រាវទៅឃើញអ៊ីចឹង តាមសង្គមថ្មី នយោបាយថ្មី»។
មុនពេលស្លាប់ លោកនួន ជា បានសរសេរលិខិតផ្ទេរសិទ្ធិជូនក្រុមមេធាវីរបស់លោក ដែលកំពុងស្ថិតក្នុងដំណាក់កាលប្ដឹងសារទុក្ខទៅនឹងសាលដីកាឱ្យលោកជាប់ពន្ធនាគារអស់មួយជីវិត ក្នុងអ្វីដែលលោកលីវ សុវណ្ណា សហមេធាវីការពារក្ដីរបស់លោកបរិយាយប្រាប់ VOA ថា ជាកិច្ចខិតខំប្រឹងប្រែងស្វែងរក«ការណ៍ពិតក្នុងការណ៍ពិត»។
តែទោះជាយ៉ាងណា លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា មរណភាពរបស់នួន ជា មិនអាចលុបលាងប្រវត្តិសាស្ត្របានទេ ដោយលោកថា៖
«នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា នួន ជាគឺជាឧក្រិដ្ឋជន»។
លោកឆាំង យុ បន្ថែមថា ភស្តុតាងទាក់ទងនឹងការទទួលខុសត្រូវរបស់លោកនួន ជា នឹងមិនត្រូវដុតរំលាយទៅតាមសពរបស់លោកទេ៕