ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ពិភាក្សា​អំពី​បញ្ហាស្ត្រី


លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ថ្លែង​សន្ទរកថា នៅ​សៀមរាប។
លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ថ្លែង​សន្ទរកថា នៅ​សៀមរាប។

សមាជិក​អាង​ទន្លេ​មេគង្គ​ក្រោម​ចំនួន​បួន​ប្រទេស​មាន​កម្ពុជា ថៃ ឡាវ វៀតណាម រួម​ជាមួយ​ប្រទេស​ភូមា​ផង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១២ ខែ​កក្កដា​នេះ បាន​ជួប​ជជែក​គ្នា​ដើម្បី​រក​វិធី​អភិវឌ្ឍន៍ និង​លើក​កម្ពស់​ស្រ្តី​នៅ​ក្នុង​តំបន់ របស់​ខ្លួន។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​គេ​ហៅថា កិច្ចពិភាក្សា​គោលនយោបាយ​ស្តី​ពី​សមភាពភេទ និង​ការ​លើក​កម្ពស់​ភាពអង់អាច​របស់​ស្ត្រី។ នេះ​ជាកិច្ច​ប្រជុំ​លើក​ដំបូង​របស់​ប្រទេស​នៅ​តាម​មេគង្គ​ក្រោម​ដែល​ជជែក​ ពីបញ្ហា​ស្រ្តី​ក្នុង​តំបន់​នេះ ក្រោម​គំនិត​ផ្តួចផ្តើម​រួមគ្នា​ដោយ​ក្រសួង​ការបរទេស​អាមេរិក និង​ក្រសួង​កិច្ចការ​នារី​នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយ​មាន​ការ​ចូលរួម​ពីតំណាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ទ្វេភាគី និង​ពហុភាគី​នានា អ្នកដឹកនាំ​ក្នុង​វិស័យឯកជន អ្នក​ដឹកនាំ​ក្នុង​អង្គការ​ស្ត្រី និង​អ្នក​តស៊ូមតិ​នៃ​អង្គការ​សង្គមស៊ីវិល​សំខាន់ៗ​មក​ពី​កម្ពុជា ថៃ វៀតណាម ភូមា និង​សហរដ្ឋ​អាមេរិក​ប្រមាណ​២០០នាក់។

កិច្ចពិភាក្សា​នេះ​នឹង​ផ្តោត​លើការ​ចែក​រំលែកការ​អនុវត្ត​ល្អៗ បង្ហាញ​អំពី​ការ​បង្កើត​កម្មវិធី​សំខាន់ៗ​ក្នុង​តំបន់ កំណត់​កង្វះខាត​នៃ​គោលនយោបាយ និង​មូលនិធិ ព្រមទាំង​ធានា​ឲ្យ​មាន​ការបន្ត​សហការ​គ្នា​ក្នុង​ការ​លើកកម្ពស់​ភាពអង់អាច​ របស់​ស្ត្រី និង​កុមារី។ ប្រធានបទ​ចំនួនប្រាំបី​ត្រូវ​បាន​លើក​យក​មក​ជជែក​រួមមាន​ការពង្រីក​ភារៈ​ ទទួល​ខុសត្រូវ​របស់​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច កាត់បន្ថយ​អំពើហឹង្សា​លើ​ស្ត្រី ពង្រីកការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ កិច្ចសហការ​រវាង​រដ្ឋ និង​វិស័យឯកជន​ដើម្បី​សមភាពភេទ ស្ត្រី​ក្នុង​វិស័យអប់រំ វិស័យ​សុខាភិបាល វិស័យ​បរិស្ថាន និង​វិស័យ​ហេត្ថារចនាសម្ព័ន្ធ។លោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ថ្លែង​ថា កិច្ចប្រជុំនេះ​ពិតជា​មាន​អត្ថន័យ​សំខាន់​ណាស់​សម្រាប់​ទាំង​អស់​គ្នា​ ដោយ​បន្ត​ពិនិត្យ​ចែក​រំលែក​បទពិសោធន៍ និង​ចំណេះ​ដឹងថ្មីៗ​សំដៅ​ធ្វើឲ្យ​សមភាព​ភេទ​នៅ​ក្នុង​តំបន់ ស្ថានភាព​ស្ត្រី និង​កុមារី​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​មាន​ការរីក​ ចម្រើន​ថ្មីៗថែមទៀត​ទាំង​ផ្នែក​សេដ្ឋកិច្ច​សង្គម និង​នយោបាយ​នៅ​ក្នុង​តំបន់៖

«បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គក្រោម​តែង​តែ​ចាត់​ទុក​បញ្ហា​ ស្ត្រី និង​សមភាពភេទ​ជាបញ្ហា​ស្នូល​មួយ ហើយ​ប្តេជ្ញា​ធានា​ឲ្យ​បាន​ថា​ ស្ត្រី​ត្រូវ​បាន​ទទួល​បាន​ភាពស្មើ​គ្នា យុត្តិធម៌ សន្តិភាព និងឱកាស​ក្នុង​ការ​ចូលរួម​សម្រេច និង​ទទួលផល​ពី​ការ​អនុវត្ត​ដូច​បុរស​ដែរ»។

លោកស្រី​បាន​បន្ត​ថា កិច្ចប្រជុំ​នេះ​នឹង​រួមចំណែក​ជំរុញ​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​ ក្រោម និង​សហរដ្ឋ​អាមេរិក​ឲ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង និង​ពង្រឹង​បន្ថែម​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ក្នុង​ការ​រួមវិភាគទាន​ ច្រើន​ថែមទៀត​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​តំបន់ ជាពិសេស​ការ​បន្ត​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​សមភាពភេទ​ និង​ស្ថានភាព​ស្ត្រី និង​កុមារី។ ម្យ៉ាងទៀត​មិន​ត្រឹម​តែ​ រួមវិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​ក្នុង​បរិបទ ​យុទ្ធសាស្ត្រ​សមភាពភេទ​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួម​ចំណែក ក្នុង​ការ​ពង្រឹង​សមភាពភេទ​ និង​ស្ថានភាព​ប្រជាពលរដ្ឋ​ក្នុង​បរិបទ​សកល​លោក​ផង​ដែរ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ កិច្ចប្រជុំ​នេះ​ថ្លែង​ថា​កិច្ចសន្ទនា​ពី​គោលនយោបាយ​លើក​ទី១​ស្តីពី​ សមភាពភេទ និង​ការ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី គឺ​ជា​កាតាលិករ​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​អំពី​បញ្ហា​នានា​ដែល​មាន​ សារៈសំខាន់ និង​ជា​យុទ្ធសាស្ត្រ​សម្រាប់​ស្ត្រី​នៅ​ក្នុង​តំបន់​នេះ​ដូចជា​ការ​ផ្តល់​ ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​នយោបាយ ការ​លុប​បំបាត់​អំពើ​ហិង្សា​រវាង​ភេទ ការ​ចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ ស្ត្រី​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង បញ្ហា​សុខភាព ការអប់រំ​បញ្ហា​ហេត្ថា​រចនាសម្ព័ន្ធ បរិស្ថាន​ព្រមទាំង​បញ្ហា​នានា​ជា​ច្រើន​ទៀត៖​

«អញ្ចឹង​យើង​ចង់​ជំរុញ​ឲ្យ​ស្ត្រី​ទៅ​រៀន​សូត្រ​ឲ្យ​បាន​ច្រើន​នូវ​ បច្ចេកវិទ្យា​ដើម្បី​ឲ្យ​ប្រកួត​ប្រជែង​ជា​មួយ​បុរស​ដែល​គេ​មាន​ចំណេះដឹង​ ច្រើន​ជាង​យើង​នេះ ហើយ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ នេះ​ជាឧទាហរណ៍​មួយ»។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​

លោកស្រី​ឲ្យ​ដឹង​ថា កម្ពុជា​មាន​លិខិតុ​បករណ៍​សំខាន់ៗ​ជាច្រើន​ដើម្បី​ឈាន​ទៅ​សម្រេច​សមភាព​ភេទ និង​ការ​ផ្តល់ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ ក្រោយ​នេះ​រួមមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្រ្ត នារី​រតនៈ​របស់​ក្រសួង​កិច្ចការនារី ដែល​ត្រូវ​បាន​តាក់តែង​ឡើង​រួមគ្នា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ របស់​រាជរដ្ឋាភិបាល និង​ដៃគូ​ទាំងអស់​ដើម្បី​បង្ក​លក្ខណៈ​ជូន​រាជរដ្ឋាភិបាល​បន្ត​ កិច្ចខិតខំប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ធ្វើឲ្យ​ការលើក​កម្ពស់​ស្ថានភាព ​ស្ត្រី​ប្រព្រិត្ត​ទៅ​ក្នុង​ក្របខណ្ឌ​ច្បាស់​លាស់ និងទូលំទូលាយ។

កិច្ចពិភាក្សា​អំពី​នយោបាយការ​ផ្តល់​អំណាច​ដល់​ស្ត្រី បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ទី១៣ ខែកក្កដា​នេះ ដោយ​មាន​ការថ្លែង​សុន្ទរកថា​ដោយ​លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក៕

XS
SM
MD
LG