ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារព័ត៌មាន​រស្មី​កម្ពុជា​បិទ​ដំណើរ​ការ​ទាំង​ស្រុង ក្រោម​ហេតុ​ផល​មិន​មាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់


ស្ត្រី​ម្នាក់​អានទំព័រ​មុខនៃ​កាសែត​រស្មី​កម្ពុជាកាលពីថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ២០១៥។(Photo by TANG CHHIN SOTHY / AFP)
ស្ត្រី​ម្នាក់​អានទំព័រ​មុខនៃ​កាសែត​រស្មី​កម្ពុជាកាលពីថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ២០១៥។(Photo by TANG CHHIN SOTHY / AFP)

កាសែត​រស្មី​កម្ពុជា​បាន​បិទ​ដំណើរ​ការ​ទាំង​ស្រុង នា​ពេល​ថ្មីៗ​នេះ ក្រោម​ហេតុ​ផល​ថា​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ប្រកាស​ថា​មិន​មាន​ចំណូល​គ្រប់​គ្រាន់​សម្រាប់​បុគ្គលិក។ នេះ​បើ​តាម​លោក ទាវ សារៈមុន្នី​ និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា។

ការ​ប្រកាស​បិទ​លើក​នេះ​គឺ​ជា​ការ​ប្រកាស​បញ្ចប់​វត្ត​មាន​កាសែត​រស្មី​កម្ពុជា ​ត្រឹម​ពេល​នេះ​។ កាសែត​រស្មី​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ២០២០​ បាន​សម្រេច​ចិត្ត​បិទ​ការ​បោះ​ពុម្ព​ផ្សាយ​របស់​ខ្លួន ដោយ​សារ​មាន​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ និង​បន្ត​តែ​ការ​ផ្សាយ​បែប​ឌីជីថល រហូត​មកដល់​ថ្ងៃ​បិទ​ដំណើរ​ការ​ទាំង​ស្រុង។

លោក ទាវ សារៈ​មុន្នី និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា ដែល​បម្រើ​ការ​នៅ​ស្ថាប័ន​នេះ​តាំង​ពី​កាសែត​នេះ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៩៣ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កាសែត​រស្មី​កម្ពុជា​សម្រេច​ចិត្ត​រំសាយ​បុគ្គលិក​ដោយ​សារ​តែ​ក្រុម​ហ៊ុន​មិន​មាន​ចំណូល​សម្រាប់​ផ្គត់​ផ្គង់​ការ​ចំណាយ​ត​ទៅ​ទៀត។
លោក​បញ្ជាក់​ថា៖ «ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​គាត់​ប្រកាស​ថា​ យើង​អត់​មាន​ចំណូល​ដើម្បី​អាច​ទ្រទ្រង់​ចំណាយ​បាន»។

លោក​បន្ថែម​ថា​បើ​ទោះ​បី​ជា​ក្រុម​ហ៊ុន​ប្រកាស​ថា​រំសាយ​បុគ្គលិក ក៏​ខាង​ក្រុម​ហ៊ុន​មាន​ដំណោះ​ស្រាយ​តាម​ច្បាប់​ការងារ​សម្រាប់​បុគ្គលិក ដោយ​ផ្ដល់​នូវ​ប្រាក់​អតីត​ភាព​ការងារ​ និង​ប្រាក់​បញ្ឈប់​ពី​ការងារ។

លោក ណុប វី នាយក​ប្រតិ​បត្តិ​សមា​គម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា ប្រាប់​វីអូអេ​ថាលោក​សោក​ស្ដាយ​ចំពោះ​ការ​បិទ​កាសែត​មួយ​នេះ ដែល​ជា​ការ​បាត់​បង់​បណ្ដាញ​សារព័ត៌មាន​នៅ​កម្ពុជា។

លោក​ថ្លែង​ថា​៖ «ជា​រួម​គឺ​ការ​បាត់​បង់​បណ្ដាញ​សារព័ត៌មាន​ដែល​ជា​ផ្នែក​មួយ​តិច​ឬ​ច្រើន​នឹង​បាន​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ជូន​ទៅ​ដល់​សាធារណ​ជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។

បើ​តាម​លោក ទាវ សារៈ​មុន្នី កាសែត​រស្មី​កម្ពុជា ​ពី​ដើមឡើយ​ មាន​ម្ចាស់​គ្រប់គ្រង គឺឧកញ៉ា ថេង ប៊ុនម៉ា ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៦។ ប៉ុន្តែ​មុន​ពេល​ដែល​កាសែត​នេះ​ប្រកាស​បិទ​ទាំង​ស្រុង សារព័ត៌មាន​មួយ​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​បុគ្គល​ម្នាក់​ឈ្មោះ ផ្លុង ឆុំ។

ការស្រាវ​ជ្រាវ​របស់​Media Ownership Monitor​ដែល​ជា​គម្រោង​មួយ​សហការ​ស្រាវជ្រាវ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៥ បង្ហាញ​ថា​ក្នុង​ឆ្នាំ​២០០៥ កាសែត​រស្មី​កម្ពុជា​ត្រូវ​បាន​ប្តូរ​កម្មសិទ្ធិ​ពី​លោក​ឧកញ៉ា ថេង ប៊ុនម៉ា ទៅ​លោក សាយ ឈុំ ដែល​ជា​ប្រធាន​ព្រឹទ្ធសភា៕

XS
SM
MD
LG