អ្នកដំណើរនៅតាមអាកាសយានដ្ឋានក្នុងសហរដ្ឋអាមេរិកត្រូវរង់ចាំរយៈពេលយូរនិងភ័យស្លន់ស្លោរ ក្រោយពីអាជ្ញាធរធ្វើការក្រោមបទបញ្ញត្តិថ្មីដើម្បីដោះស្រាយបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩។
លោក Mark Morgan ឧត្តមស្នងការស្ដីទីនៃទីភ្នាក់ងារគយនិងល្បាតព្រំដែនសហរដ្ឋអាមេរិកបានថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងដឹងអំពីការរាយការណ៍ថាការរង់ចាំនៅអាកាសយានដ្ឋានមានរយៈពេលយូរនៅតាមអាកាសយានដ្ឋានមួយចំនួនក្នុងប្រទេស ហើយយើងកំពុងតែធ្វើការលើរឿងនេះ»។
លោកបានថ្លែងទៀតថា៖ «គ្មានអ្វីដែលសំខាន់ជាងសុវត្ថិភាព សុខភាព និងសន្ដិសុខរបស់ពលរដ្ឋយើងនោះទេ»។
ពលរដ្ឋអាមេរិកនិងអ្នកដែលមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ដែលត្រឡប់មកពីបណ្ដាប្រទេសស្ថិតក្រោមការរឹតត្បិតថ្មី នឹងតម្រូវឲ្យធ្វើតេស្តសុខភាពបន្ថែមទៀត ហើយនិងត្រូវឆ្លើយសំណួរមួយចំនួនដើម្បីកំណត់ថាតើពួកគេអាចទៅផ្ទះរបស់ពួកគេបានដែរឬទេ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីនៃក្រសួងសន្ដិសុខមាតុភូមិ។
ប្រសិនបើអ្នកដំណើរទាំងនោះមិនតម្រូវឲ្យពិនិត្យសុខភាពបន្ថែមទេនោះ ពួកគេអាចត្រឡប់ទៅផ្ទះវិញបាន ហើយត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។ ចំណែកឯបរទេសដែលរស់នៅក្នុងសហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតដែលត្រូវបានហាមឃាត់ នឹងមិនអនុញ្ញាតឲ្យត្រឡប់ចូលសហរដ្ឋអាមេរិកវិញទេ។
មន្ត្រីម្នាក់នៃក្រសួងសន្ដិសុខមាតុភូមិបាននិយាយថា ពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសទីបី ដែលមិនស្ថិតនៅក្រោមការហាមឃាត់ និងត្រូវនៅដាច់ដោយឡែកពីគេរយៈពេលពីរសប្ដាហ៍ មុននឹងអាចធ្វើដំណើរត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញបាន។ សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍បានបន្ថែមការហាមឃាត់មិនឲ្យធ្វើដំណើរទៅមកសហភាពអឺរ៉ុប ដែលរួមមានទាំងអង់គ្លេស និងអៀវឡង់ផងដែរ។
នៅក្នុងសន្និសីទកាសែតមួយជាមួយក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់សេតវិមានកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងពិចារណាមិនឲ្យធ្វើដំណើរក្នុងសហរដ្ឋអាមេរិកផងដែរ ជាពិសេសពីតំបន់ដែលមានការព្រួយបារម្ភខ្លាំង៕