អង្គការលីកាដូ កាលពីថ្ងៃអង្គារ បានចេញអត្ថបទខ្លីមួយរៀបរាប់អំពី«ភាពចង្អៀតណែននិងតម្រូវការកំណែទម្រង់ប្រព័ន្ធពន្ធនាគារ» ដើម្បីរំឭកជាថ្មីដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យមានវិធានការក្នុងការកាត់បន្ថយនៃភាពចង្អៀតណែនក្នុងពន្ធនាគារ។
បើតាមអត្ថបទចុះថ្ងៃទី ១៨ ខែកុម្ភៈ អង្គការលីកាដូបានពណ៌នាថា ពន្ធនាគារក្នុងប្រទេសកម្ពុជាមានភាពចង្អៀតណែន ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកជាប់ឃុំ។ បច្ចុប្បន្ននេះ ពន្ធនាគារខេត្តកណ្តាលគឺជាពន្ធនាគារដែលមានភាពចង្អៀតណែនជាងគេ ដោយដាក់ជនជាប់ឃុំជាង ៣.៩០០ នាក់ ដែលធ្វើឲ្យពន្ធនាគារនេះមានអាត្រាជនជាប់ឃុំដល់ទៅជាង ៦៥០ ភាគរយ។ ការណ៍នេះបានបណ្តាលឲ្យមានវិបត្តិកំណើនជនជាប់ឃុំក្នុងពន្ធនាគារ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា អង្គការលីកាដូធ្លាប់បានលើកឡើងម្តងរួចហើយអំពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនេះកាលពីឆ្នាំ ២០១០ ហើយខាងពន្ធនាគារក៏បានចូលរួមធ្វើកំណែទម្រង់ច្រើនដែរ ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកាន់តែយ៉ាប់យ៉ឺនខ្លាំងដល់អ្នកជាប់ឃុំក្នុងពន្ធនាគារ។
លោកថា ការកាត់បន្ថយកន្លងទៅមិនទាន់ឆ្លើយតបទៅនឹងភាពចង្អៀតណែនក្នុងពន្ធនាគារទេ ហើយអ្វីដែលអង្គការលីកាដូលើកឡើងក្នុងអត្ថបទខ្លីមួយនាពេលថ្មីៗនេះ គឺជាការក្រើនរំឭកនិងផ្តល់អនុសាសន៍បន្ថែមដល់មន្ត្រីទទួលបន្ទុកពន្ធនាគារនិងស្ថាប័នរដ្ឋពាក់ព័ន្ធឲ្យមានចំណាត់ការកាត់បន្ថយភាពចង្អៀតណែននេះ។
លោកបន្ថែមថា តួអង្គសំខាន់ៗក្នុងការដោះស្រាយបញ្ហានៃការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារនេះរួមមាន៖ «ក្រសួងយុត្តិធម៌ ស្ថាប័នអយ្យការ ស្ថាប័នតុលាការ និងស្ថាប័នក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដែលត្រូវរួមគ្នាក្នុងការដោះស្រាយទៅលើបញ្ហាហ្នឹងគឺ ទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ កន្លងទៅរាជរដ្ឋាភិបាលក៏កំពុងតែមានការធ្វើកំណែទម្រង់ច្បាប់ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ហ្នឹងដែរដែលធ្វើយ៉ាងម៉េចពន្លឿនការធ្វើកំណែទម្រង់ឲ្យបានឆាប់»។
ក្រៅពីនេះលោកថា ដើម្បីកាត់បន្ថយភាពចង្អៀតណែននេះគួរតែមានការជំនួសការឃុំខ្លួនទៅតាមលក្ខខណ្ឌច្បាប់ដែលអាចធ្វើទៅបាន និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំទាំងអស់ក្នុងពន្ធនាគារជាដើម។
ទិន្នន័យពីរបាយការណ៍សង្ខេបនៃពន្ធនាគារក្នុងពិភពលោក (World Prison Brief)របស់វិទ្យាស្ថានសម្រាប់ការស្រាវជ្រាវគោលនយោបាយយុត្តិធម៌ និងបទល្មើសបានចាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសដែលពន្ធនាគារមានស្ថានភាពចង្អៀតណែនជាងគេបំផុតទីពីរក្នុងពិភពលោក ដោយគិតត្រឹមខែកក្កដា ឆ្នាំ ២០២៣។នេះបើតាមអត្ថបទរបស់អង្គការលីកាដូ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បដិសេធមិនផ្តល់ការអត្ថាធិប្បាយដោយថា អគ្គនាយកដ្ឋានពន្ធនាគារនឹងចេញសេចក្តីបំភ្លឺចំពោះការចេញផ្សាយរបស់អង្គការលីកាដូនៅពេលឆាប់ៗនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ភាពចង្អៀតណែនក្នុងពន្ធនាគារគឺជាកិច្ចការដែលក្រសួងបានយកចិត្តទុកដាក់ដោះស្រាយតាំងពីយូរមកហើយ ហើយបច្ចុប្បន្នក្រសួងក៏កំពុងបន្តសិក្សាលើកិច្ចការនេះដែរ។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ យើងកំពុងសិក្សាលើលទ្ធភាពក្នុងការអនុវត្តទោសជំនួស មានន័យថាអនុវត្តទោសផ្សេង ជំនួសឲ្យការអនុវត្តទោសក្នុងពន្ធនាគារ សម្រាប់ករណីអាចច្បាប់អនុញ្ញាត ដោយអាស្រ័យលើស្ថានភាពលើជនដែលប្រព្រឹត្តបទល្មើស និងដោយអាស្រ័យទៅលើប្រភេទបទល្មើសជាពិសេសបទល្មើសស្រាល។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវការថ្លឹងថ្លែងឲ្យបានហ្មត់ចត់រវាងម្ខាងយុទ្ធសាស្រ្ត កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងម្ខាងទៀតការអនុវត្តច្បាប់ដោយតឹងរ៉ឹងនិងម៉ឺងម៉ាត់ដើម្បីធានាប្រសិទ្ធភាពការអនុវត្តច្បាប់ និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ក៏ធានាការរក្សាសន្តិសុខសាធារណៈ សណ្តាប់ធ្នាប់សង្គមក៏ដូចជាធានានូវភាពសុខសានរបស់ប្រជាពលរដ្ឋយើង»។
នៅក្នុងឆ្នាំ ២០១០ អង្គការលីកាដូបានលើកឡើងអំពីបញ្ហានៃការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ។ ហើយនៅក្នុងពន្ធនាគារជាច្រើនកន្លែងដែលអង្គការលីកាដូបានធ្វើការងារជាមួយ មានអត្រាដាក់ជនជាប់ឃុំចំនួន ១៧៥ ភាគរយនៃសមត្ថភាពដែលពន្ធនាគារអាចដាក់បាន។ នៅពេលនោះ អង្គការលីកាដូបានប្រមាណថា ប្រសិនបើចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារនៅតែរក្សាអត្រាកំណើនបែបនេះ កម្ពុជានឹងក្លាយជាប្រទេសមួយដែលមានប្រព័ន្ធពន្ធនាគារមានភាពចង្អៀតណែនបំផុតនៅក្នុងពិភពលោកត្រឹមឆ្នាំ ២០១៨។
នៅចុងឆ្នាំ ២០២៤ ពន្ធនាគារចំនួន ១៨ ក្នុងចំណោមពន្ធនាគារទាំង ១៩ កន្លែងដែលអង្គការលីកាដូធ្វើការងារជាមួយបានដាក់ជនជាប់ឃុំលើសចំណុះ ដោយក្នុងនោះមានពន្ធនាគារចំនួន ១១ កន្លែងដាក់ជនជាប់ឃុំយ៉ាងតិចចំនួន ២០០ ភាគរយនៃសមត្ថភាពដែលអាចដាក់បាន។ ប្រសិនបើបូកបញ្ចូលគ្នាចំនួនអ្នកជាប់ឃុំ ពន្ធនាគារទាំងនេះដាក់ជនជាប់ឃុំជាង ៤៥.០០០ នាក់ គឺកើនឡើងចំនួន ២៣ ភាគរយដោយគិតចាប់ពីខែធ្នូ ឆ្នាំ ២០២៣។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា អ្វីដែលអង្គការលីកាដូបានលើកឡើងអំពីភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាការណ៍ពិត មិនអាចប្រកែកបាន ព្រោះលោកផ្ទាល់ក៏ធ្លាប់ជាប់ឃុំក្នុងពន្ធនាគារដែរកាលពីកន្លងទៅ។ លោកជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយចំពោះបញ្ហានេះ និងថា បើសិនជាបន្តផ្ទុកមនុស្សច្រើនលើសលប់បន្តទៀត នោះវានឹងបង្កឲ្យមានផលវិបាកជាច្រើនដល់អ្នកជាប់ឃុំ។
បើតាមលោក រ៉ុង ឈុន ក្នុងករណីខ្លះ អាជ្ញាធរគួរផ្តល់ការអប់រំដល់អ្នកប្រព្រឹត្តខុសច្បាប់មួយចំនួន ដោយមិនចាំបាច់តម្រូវឲ្យអ្នកទាំងនោះជាប់ឃុំនោះទេ។
លោកថ្លែងថា៖ «ក្នុងនាមគណបក្សប្រឆាំង យើងចង់ឃើញរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ផ្តល់ដំណោះស្រាយធ្វើម៉េចកាត់បន្ថយការលើសចំនួនអ្នកនៅក្នុងពន្ធនាគារដែលលើសចំនួនលើសលប់បែបហ្នឹង។ អ្វីដែលយើងកត់សម្គាល់រឿងខ្លះមិនត្រូវឈានយកដល់ឃុំ យកដល់ពន្ធនាគារទេ ត្រឹមតែអប់រំត្រឹមប៉ុស្តិ៍ ខណ្ឌ ហើយដោះលែងគាត់វិញទៅ [...] ចៀសវាងរឿងអីបន្តិចយកទៅឃុំៗហ្នឹងហើយដែលធ្វើឲ្យកំណើនក្នុងពន្ធនាគារនីមួយៗមានកម្រិតខ្ពស់»។
រួមចំណែកក្នុងការដោះស្រាយវិបត្តិកំណើនអ្នកជាប់ឃុំក្នុងពន្ធនាគារ អង្គការលីកាដូបានផ្តល់អនុសាសន៍មួយចំនួន ដូចជាដោះលែងជនជាប់ឃុំទាំងឡាយណាដែលត្រូវបានឃុំខ្លួនដោយមិនមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដែលរួមទាំងជនដែលកំពុងជាប់ឃុំដោយមិនត្រឹមត្រូវនៅក្នុងមណ្ឌលបន្សាបគ្រឿងញៀន។ អាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការដើម្បីរៀបចំរចនាសម្ព័ន្ធដែលចាំបាច់ ដើម្បីអនុវត្តការកាត់ទោសដែលមិនតម្រូវឲ្យឃុំខ្លួន ហើយនឹងការបង្កើតនាយកដ្ឋានទោសសាកល្បង ឬនាយកដ្ឋានស្រដៀងនេះ ដើម្បីត្រួតពិនិត្យ និងស្តារនីតិសម្បទាដល់ជនជាប់ចោទដែលមិនតម្រូវឲ្យឃុំខ្លួន៕
វេទិកាបញ្ចេញមតិ